Views: 1
ប្រែសម្រួលៈបំណង(VNEpress)៖ ការតវ៉ាប្រឆាំងនឹងផែនការកែទំរង់ប្រព័ន្ធសោធននិវត្តន៍របស់ប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង បានកើនសម្ទុះខ្លាំងកាលពីថ្ងៃអង្គារដោយមនុស្សជាង១,២៧លាននាក់បាននាំគ្នាចេញមកតាមដងវិថី នេះបើតាមក្រសួងមហាផ្ទៃ។
ចំនួនអ្នកប្រឆាំងតវ៉ាបានកើនឡើងបន្តិចធៀបនឹងការតវ៉ាប្រឆាំងជុំទីមួយកាលពីថ្ងៃ១៩មករា ដោយវាកាន់តែដាក់សម្ពាធលើរដ្ឋាភិបាលដែលកំពុងព្យាយាមទាក់ទាញទឹកចិត្តអ្នកបោះឆ្នោត។
ប៉ាទ្រីស្យា ដួនវ៉ន់(Patricia Drevon)មកពីសហជីព សស ស៊ូវ្រីយែរ(Force Ouvriere) បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា«រដ្ឋាភិបាលត្រូវតែស្តាប់ការប្រឆាំងជំទាស់ដ៏ធំនេះនិងដកវាចេញ»។
ការតវ៉ានិងកូដកម្មពីរថ្ងៃទៀតត្រូវបានប្រកាសធ្វើនៅសប្តាហ៍ក្រោយ គឺនៅថ្ងៃអង្គារនិងថ្ងៃសៅរ៍។
ផែនការរបស់លោកម៉ាក្រុងដើម្បីដំឡើងអាយុចូលនិវត្តន៍ពី៦២ឆ្នាំទៅ៦៤ឆ្នាំ ជាគោលនយោបាយសំខាន់បំផុតមួយនៃអាណត្តិទីពីររបស់លោក ដែលកាលពីថ្ងៃចន្ទលោកបាននិយាយការពារវាជាថ្មីទៀត។
នាយករដ្ឋមន្ត្រីបារាំងលោកស្រី អេលីហ្សាបេត បន(Elisabeth Borne)បានសរសេរបង្ហោះកាលពីថ្ងៃអង្គារថា « កំណែទំរង់ប្រព័ន្ធសោធននេះកំពុងបង្កបញ្ហានិងការមន្ទិល។យើងស្តាប់ឮវា។តែរដ្ឋាភិបាលទទួលខុសត្រូវក្នុងការអនុវត្តការផ្លាស់ប្តូរ»។
បណ្តាសហជីពបានអះអាងថា ចំនួនអ្នកចេញមកតវ៉ាទាមទារកាលពីថ្ងៃអង្គារមានចំនួន២,៥លាននាក់ដោយសហជីពនិយមឆ្វេងCGTថាមានចំនួនដល់ទៅ២,៨លាននាក់តែរដ្ឋាភិបាលថាតែជាងមួយលាននាក់។
កូដកម្មបានធ្វើអោយគាំងសេវាគមនាគមន៍ សាលារៀននិងសេវាសាធារណៈដទៃទៀតនៅទូទាំងប្រទេសបារាំង។
លួរ៉ង់ ប៊ែរហ្សេ(Laurent Berger)ប្រធានសហជីពCFDTបាននិយាយថា«វាជាបាតុកម្មធំបំផុតនៅក្នុងប្រទេសនេះ» នៅពេលអ្នកប្រឆាំងតវ៉ា ភាគច្រើនជាសមាជិកសហជីព អ្នករដ្ឋការនិងសិស្សនិស្សិតបានចាប់ផ្តើមដើរដង្ហែនៅទីក្រុងប៉ារីស។
ការតវ៉ាប្រឆាំងកាលពីថ្ងៃអង្គារអាចប្រៀបប្រដូចនឹងការតវ៉ាប្រឆាំងកាលពីឆ្នាំ២០១០ ដែលក៏ប្រឆាំងកំណែទំរង់សោធនផងដែរ ដែលពេលនោះមនុស្ស១,២៣លាននាក់បានចូលរួម និងពួកសហជីពអះអាងថា ៣,៥លាននាក់។
សូមបញ្ជាក់ថា បារាំងបច្ចុប្បន្នមានអាយុចូលនិវត្តន៍ទាបជាងគេក្នុងចំណោមបណ្តាប្រទេសមានសេដ្ឋកិច្ចធំៗនៅអឺរ៉ុបនិងចំណាយប្រាក់សោធនខ្ពស់បំផុតទីពីរទាក់ទងនឹងទំហំសេដ្ឋកិច្ចបើប្រៀបធៀបនឹងបណ្តាប្រទេសឧស្សាហកម្មផ្សេងៗ៕
បាតុកម្មកាលពីថ្ងៃអង្គារបានចាប់ផ្តើមដោយសន្តិវិធី តែមានការប្រវាយប្រតប់តូវតាចនៅក្រុងប៉ារីសនៅពេលរសៀលរវាងពួកអនាធិបតេយ្យ សកម្មជននិងប៉ូលីស។ប៉ូលីសបាននិយាយថាមនុស្ស១៨នាក់ត្រូវបានចាប់ខ្លួន