Views: 1
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ តារារ៉ែបនិងជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ កេនយ៉េ វេស (Kanye West) បានបង្ហើបឱ្យដឹងថា រូបគេនឹងឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីហើយចង់ឱ្យលោក ដូណាល់ ត្រាំ ធ្វើជាអនុប្រធានាធិបតីរបស់គាត់។ ចំណែកលោកត្រាំវិញបានច្រានចោលការជួបគ្នានាពេលថ្មីៗនេះជាមួយវេសថាគ្មានអីសំខាន់។
តារាសិល្បៈ ដែលប្រើឈ្មោះយ៉េ (Ye) រូបនេះបានបង្ហោះរូបសញ្ញាគូទខ្យងលើគណនី Twitter របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងពាក្យ “Ye” និងលេខ ២៤ ដែលទំនងជាតំណាងឱ្យឆ្នាំ ២០២៤ ជាឆ្នាំនៃការបោះឆ្នោតប្រធានាធិបតីអាម៉េរិកបន្ទាប់។
បន្ទាប់មក តារារ៉ែបរូបនេះបានបង្ហោះវីដេអូដែលរូបគេជជែកក្នុងជំនួបមួយក្នុងសប្តាហ៍នេះជាមួយអតីតប្រធានាធិបតីត្រាំនៅរដ្ឋផ្លរីដា។
វេសបាននិយាយថា “ខ្ញុំគិតថារឿងដែលត្រាំមានការរំខានបំផុតគឺខ្ញុំសុំឱ្យគាត់ធ្វើជាអនុប្រធានាធិបតីរបស់ខ្ញុំ”។
វេសបន្តថា “លោកត្រាំចាប់ផ្តើមស្រែកដាក់ខ្ញុំនៅតុ ដោយប្រាប់ខ្ញុំថា ខ្ញុំនឹងចាញ់។ ខ្ញុំប្រាប់ត្រាំថា លោកកំពុងនិយាយជាមួយយ៉េ”។
ត្រាំ ដែលបានព្យាយាមលុបចោលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ ដែលគាត់បានចាញ់លោក ចូ បៃដិនបានប្រកាសកាលពីសប្តាហ៍មុនថាគាត់នឹងឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីម្តងទៀតនៅឆ្នាំ ២០២៤។
ត្រាំបានបង្ហោះកាលពីថ្ងៃសុក្រនៅលើវេទិកាសង្គម Truth Social របស់គាត់អំពីជំនួបរបស់គាត់ជាមួយវេស ដោយនិយាយថា អ្នកទាំងពីរបានពិភាក្សាអំពីនយោបាយ”ក្នុងកម្រិតទាបជាងអាជីវកម្ម” ហើយថាវេសបានស្នើសុំឱ្យត្រាំ “ផ្តល់ដំបូន្មានទាក់ទងនឹងការលំបាកមួយចំនួនរបស់គាត់”៕
វេសជួបត្រាំ កាលគាត់នៅជាប្រធានាធិបតីអាម៉េរិក