Views: 8
ថ្ងៃ២៨ វិច្ឆិកានេះ ជាថ្ងៃចុះល្ខោនខោល ចូលក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ
ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការចុះល្ខោនខោល ចូលក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ។
សេចក្តីជូនដំណឹងនេះ បានលើកឡើងថាៈ ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូម ជម្រាបជូនសាធារណជន និងប្រជាជន កម្ពុជាទាំងអស់ មេត្តាជ្រាបថា នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងកិច្ច ប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាល សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការ យូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស បានអនុម័តយល់ព្រមចុះ ល្ខោនខោល ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ តាមសេចក្តីសម្រេច Dbcision13.COM.10.9.3 ។
ការសម្រេចរបស់គណៈកម្មការអន្តររដ្ឋាភិបាល នៃអង្គការយូណេស្កូ នាពេលនេះ គឺជាមោទកភាពជាតិដ៏ធំ ធេងថ្មីមួយទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល តែងផ្តល់អាទិភាពខ្ពស់ ចំពោះបេតិកភណ្ឌវប្បធម៌ជាតិ។ ក្រោមការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាល និងការខិតខំពុះពារ ចូលរួមយ៉ាងសកម្ម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដោយមានកិច្ចសហការគាំទ្រ យ៉ាងផុសផុល ពីសិល្បករ អង្គការសមាគម សង្គមស៊ីវិល ក្នុងវិស័យសិល្បៈវប្បធម៌ និងការជួយគាំទ្រលើកទឹកចិត្ត ពីមហាជន ប្រជាជន និងស្រទាប់យុវជនកម្ពុជាទាំងមូល ទើបយើងទទួលបាននូវលទ្ធផល ជោគជ័យនៃការដាក់បញ្ចូល ល្ខោនខោល នៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដ៏ត្រចះត្រចង់ នាពេលនេះ។ បេតិកភណ្ឌវប្បធម៌រូបី និងអរូបី របស់ជាតិយើង បានរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា ល្បីរន្ទឺនៅលើឆាកអន្តរជាតិ ព្រមទាំងជាតួអង្គមួយ ដ៏លេចធ្លោ នៅលើវេទិកាបេតិកភណ្ឌ ពិភពលោកថែមទៀតផង។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមអំពាវនាវ ដល់សាធារណជន មេត្តាបន្តចូលរួមថែរក្សាការពារ និងលើភតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ពិសេស បេតិកភណ្ឌវប្បធម៌អរូបី ក្នុងសម័យសាកលភាវូនីយកម្ម នាពេលបច្ចុប្បន្ន ៕/V