Views: 1
ដោយ៖ ដេប៉ូ /ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជូនដំណឹង ពីការដាក់ឱ្យ ដំណើរការនីតិវិធីស្នើសុំអាជ្ញាបណ្ណ ឬស្នើសុំបន្តសុពលភាព របស់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត តាមប្រព័ន្ធអនឡាញ។
ក្នុងសេចក្តីជូនដំណឹងរបស់ ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថាៈ សម្រាប់ ក្រុមហ៊ុន និងសាខាក្រុមហ៊ុនបញ្ញើឆាប់រហ័ស ដែលមានទីតាំងនៅរាជធានី ភ្នំពេញ ដោយអ្នកស្នើសុំ អាចចូលទៅគេហទំព័រ https://service.mptc.gov.kh បន្ទាប់មកប្រើប្រាស់តាម CamdigiKey នៃថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDx ដើម្បីទាញយកឯកសារ ឬបញ្ចូលព័ត៌មានដោយផ្ទាល់។ ដោយឡែក សម្រាប់សាខាបម្រើសេវាបញ្ញើឆាប់រហ័ស ដែលមានទីតាំង នៅតាមបណ្តាខេត្ត សូមធ្វើការស្នើសុំលិខិតអនុញ្ញាត សម្រាប់សាខា នៅតាមមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្រសួង បានឱ្យដឹងបន្ថែមថាៈ ចំពោះតម្លៃអាជ្ញាបណ្ណ សម្រាប់ក្រុមហ៊ុនដែល មានសុពលភាព ១ឆ្នាំ គឺ ៤.២០០.០០០ (បួនលាន ពីររយពាន់) រៀល និងតម្លៃលិខិតអនុញ្ញាត សម្រាប់សាខា ដែលមានសុពលភាព១ឆ្នាំ គឺ ១.៣០០.០០០ (មួយលានបីរយពាន់) រៀល។
ក្រសួង បានបន្តឱ្យដឹងថាៈ ចំពោះការដាក់ពាក្យស្នើសុំថ្មី គឺបង់ប្រាក់ថ្លៃពិនិត្យ ពាក្យស្នើសុំ ចំនួន ២០.០០០ (ម្ភៃពាន់) រៀល។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង អគ្គនាយកដ្ឋានប្រៃសណីយ៍ នៃក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈទូរសព្ទលេខ ០២៣ ២៣៤ ៩៩៩/ ០១២ ៨៨០ ១៦៥៕/V-PC