Views: 1
ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការប្រកួតជើងទី២ នាល្ងាចថ្ងៃទី១៧ សីហា ម្សិលមិញនេះ ក្រុមក្រុមអគ្គិសនីកម្ពុជា និងកោះកុង អេហ្វស៊ី បានដឹកដៃគ្នាឡើងវគ្គ ៨ ក្រុម ចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៦ ឆ្នាំ២០២២។
ក្រុមអគ្គិសនីកម្ពុជា បានទម្លាក់ក្រុមគិរីវង់ សុខសែនជ័យ ដោយលទ្ធផលសរុបទាំង២ជើង ៤ទល់៣ បន្ទាប់ពីប្រកួតជើងទី២ នៅល្ងាចថ្ងៃទី១៧ សីហា ម្សិលមិញ ក្រុមទាំងពីរ បានត្រឹមស្មើគ្នា ១ទល់១ នៅកីឡដ្ឋានគិរីវង់ សុខសែនជ័យ។ ជំនួបកាត់សេចក្ដីនេះ កីឡាករ ចន្ថា ចន្ទាកា បានស៊ុតបំប៉ោងសំណាញ់ទី ក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន នៅនាទី៧០ មុនគិរីវង់ រកបានគ្រាប់ តាមស្មើវិញ ១ទល់១ នៅនាទី៨៣ ដោយកីឡាករ លី មូស្លីម។ លទ្ធផលនេះ ធ្វើឲ្យក្រុមលីគកំពូល គិរីវង់ បានត្រឹមខកចិត្តប៉ុណ្ណោះ បន្ទាប់ពីជើងទី១ ពួកគេបានចាញ់ ក្រុមកំពូលតារាងលីគទី២ អគ្គិសនីកម្ពុជា ៣ទល់២។
ចំពោះក្រុមកោះកុង អេហ្វស៊ីវិញ បានទម្លាក់ក្រុមអង្គរថាយហ្គឺរ ដោយលទ្ធផលសរុបទាំង ២ជើង ៤ទល់៣ ដូចគ្នា បន្ទាប់ពីក្រុមនេះ បានវាយបក ឈ្នះក្រុមលីគកំពូល អង្គរថាយហ្គឺរ ៣ទល់១ ក្នុងជំនួបជើងទី២ នៅល្ងាចថ្ងៃទី១៧ សីហា ដែរនោះ។
៣គ្រាប់ ដែលជួយឲ្យកោះកុង បញ្ចប់ឱកាស អង្គរថាយហ្គឺរ ត្រឹមវគ្គ ១៦ ក្រុម ចុងក្រោយ ធ្វើសម្រេចដោយកីឡាករ សារៃ តៃម៉ូ ២គ្រាប់ និង សាន បូរ៉ា ១គ្រាប់។ រីឯអង្គរថាយហ្គឺរ បានត្រឹមខកបំណង ទោះបីពួកគេ បានយកឈ្នះកោះកុង ២ទល់១ កាលពីជើងទី១ ក៏ដោយ ក្រោយរកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ ក្នុងជំនួបកាត់ក្ដីនេះ។
ជាមួយការដឹកដៃគ្នា ឡើងវគ្គ ១/៤ ផ្ដាច់ព្រ័ត្ររបស់ ក្រុមឈរលេខរៀងទី១ និងលេខរៀងទី២ នៃក្របខណ្ឌលីគទី២ កម្ពុជានេះ សម្រាប់ក្រុមអគ្គិសនីកម្ពុជា នឹងត្រូវឡើងទៅជួបក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង ខណៈដែលក្រុមកោះកុង នឹងត្រូវជួបក្រុមខ្លាំង បឹងកេត។
ការប្រកួតវគ្គ ៨ក្រុម ចុងក្រោយ នឹងប្រកួតចំនួន ២ជើងដូចគ្នា ដើម្បីកាត់សេចក្ដី រកក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយជើងទី១ គ្រោងប្រកួតនាថ្ងៃទី២៤ខែសីហា និងជើងទី២ គ្រោងប្រកួតនាថ្ងៃទី៣១ ខែសីហា ខាងមុខ៕/V