Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុម​អគ្គិសនី​កម្ពុជា និង​កោះកុង អេ​ហ្វ​ស៊ី ដឹក​ដៃ​គ្នា​ឡើង​វគ្គ ៨ ក្រុម ចុងក្រោយ​

Views: 1

ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ បន្ទាប់ពី​បញ្ចប់​ការប្រកួត​ជើង​ទី​២ នា​ល្ងាច​ថ្ងៃទី​១៧ សីហា​ ម្សិលមិញ​នេះ ក្រុម​ក្រុម​អគ្គិសនី​កម្ពុជា និង​កោះកុង អេ​ហ្វ​ស៊ី បាន​ដឹក​ដៃ​គ្នា​ឡើង​វគ្គ ៨ ក្រុម ចុងក្រោយ នៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើក​ទី​១៦ ឆ្នាំ​២០២២​។​

​ក្រុម​អគ្គិសនី​កម្ពុជា បាន​ទម្លាក់​ក្រុម​គិរីវង់ សុខ​សែន​ជ័យ ដោយ​លទ្ធផល​សរុប​ទាំង​២​ជើង ៤​ទល់​៣ បន្ទាប់ពី​ប្រកួត​ជើង​ទី​២ នៅ​ល្ងាច​ថ្ងៃទី​១៧ សីហា ម្សិលមិញ ក្រុម​ទាំងពីរ បាន​ត្រឹម​ស្មើគ្នា ១​ទល់​១ នៅ​កីឡដ្ឋាន​គិរីវង់ សុខ​សែន​ជ័យ​។ ជំនួប​កាត់សេចក្ដី​នេះ កីឡាករ ចន្ថា ចន្ទាកា បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី ក្រុម​ម្ចាស់ផ្ទះ ១​គ្រាប់​មុន នៅ​នាទី​៧០ មុន​គិរីវង់ រកបាន​គ្រាប់ តាម​ស្មើ​វិញ ១​ទល់​១ នៅ​នាទី​៨៣ ដោយ​កីឡាករ លី មូស្លីម​។​ លទ្ធផល​នេះ ធ្វើ​ឲ្យ​ក្រុម​លី​គ​កំពូល គិរីវង់ បាន​ត្រឹម​ខកចិត្ត​ប៉ុណ្ណោះ បន្ទាប់ពី​ជើង​ទី​១ ពួកគេ​បាន​ចាញ់ ក្រុម​កំពូល​តារាង​លី​គ​ទី​២ អគ្គិសនី​កម្ពុជា ៣​ទល់​២​។​

​ចំពោះ​ក្រុម​កោះកុង អេ​ហ្វ​ស៊ី​វិញ បាន​ទម្លាក់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដោយ​លទ្ធផល​សរុប​ទាំង ២​ជើង ៤​ទល់​៣ ដូចគ្នា បន្ទាប់ពី​ក្រុម​នេះ បាន​វាយបក ឈ្នះ​ក្រុម​លី​គកំពូល អង្គ​រថា​យ​ហ្គឺ​រ ៣​ទល់​១ ក្នុងជំនួប​ជើង​ទី​២ នៅ​ល្ងាច​ថ្ងៃទី​១៧ សីហា ដែរនោះ​។​

៣​គ្រាប់ ដែល​ជួយ​ឲ្យ​កោះកុង បញ្ចប់​ឱកាស អង្គ​រថា​យ​ហ្គឺ​រ ត្រឹម​វគ្គ ១៦ ក្រុម ចុងក្រោយ ធ្វើ​សម្រេច​ដោយ​កីឡាករ សា​រៃ តៃ​ម៉ូ ២​គ្រាប់ និង សាន បូរ៉ា ១​គ្រាប់​។ រីឯ​អង្គ​រថា​យ​ហ្គឺ​រ បាន​ត្រឹម​ខកបំណង ទោះបី​ពួកគេ បាន​យកឈ្នះ​កោះកុង ២​ទល់​១ កាលពី​ជើង​ទី​១ ក៏ដោយ ក្រោយ​រកបាន​ត្រឹម ១​គ្រាប់​ប៉ុណ្ណោះ ក្នុងជំនួប​កាត់ក្ដី​នេះ​។​

​ជាមួយ​ការដឹក​ដៃ​គ្នា ឡើង​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ​របស់ ក្រុម​ឈរ​លេខ​រៀង​ទី​១ និង​លេខ​រៀង​ទី​២ នៃ​ក្របខណ្ឌ​លី​គ​ទី​២ កម្ពុជា​នេះ សម្រាប់​ក្រុម​អគ្គិសនី​កម្ពុជា នឹងត្រូវ​ឡើងទៅ​ជួប​ក្រុម​ខ្លាំង ព្រះខ័ន​រាជ​ស្វាយរៀង ខណៈដែល​ក្រុម​កោះកុង នឹងត្រូវ​ជួប​ក្រុម​ខ្លាំង បឹងកេត​។​

​ការប្រកួត​វគ្គ ៨​ក្រុម ចុងក្រោយ នឹង​ប្រកួត​ចំនួន ២​ជើង​ដូចគ្នា ដើម្បី​កាត់សេចក្ដី រក​ក្រុមឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​ជើង​ទី​១ គ្រោង​ប្រកួត​នា​ថ្ងៃទី​២៤ខែសីហា និង​ជើង​ទី​២ គ្រោង​ប្រកួត​នា​ថ្ងៃទី​៣១ ខែសីហា ខាងមុខ​៕/V​

Post navigation