Views: 3
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ កូរ៉េខាងជើងបានបញ្ចេញក្បាលគ្រាប់នុយគ្លេអ៊ែរថ្មីដែលមានទំហំតូចជាមុននិងបានប្តេជ្ញាផលិតសារធាតុនុយគ្លេអ៊ែរកំរិតបង្កើតសព្វាវុធអោយកាន់តែច្រើនដើម្បីពង្រីកឃ្លាំងនុយគ្លេអ៊ែររបស់ប្រទេស នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋKCNAបាននិយាយកាលពីថ្ងៃអង្គារ នៅពេលនាវាផ្ទុកយន្តហោះអាម៉េរិកមួយបានមកដល់កូរ៉េខាងត្បូងសំរាប់សមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង។
KCNAបានបញ្ចេញរូបភាពស្តីពីក្បាលគ្រាប់ឈ្មោះថា វ៉ាសាន់-៣១s(Hwasan-31s) នៅពេលមេដឹកនាំគីម ជុងអ៊ុនបានទៅមើលវិទ្យាស្ថានសព្វាវុធនុយគ្លេអ៊ែរ និងបានពិនិត្យមើលសព្វាវុធនុយគ្លេអ៊ែរកលយុទ្ធថ្មីព្រមទាំងបច្ចេកវិទ្យាសំរាប់បំពាក់ក្បាលគ្រាប់ទៅនឹងកាំជ្រួចផ្លោង ព្រមទាំងស្តាប់មន្រ្តីរាយការណ៍អំពីផែនការវាយបកដោយប្រើសព្វាវុធនុយគ្លេអ៊េរ។
គីម ជុងអ៊ុនបានទៅមើលវិទ្យាស្ថានសព្វាវុធនុយគ្លេអ៊ែរ និងបានពិនិត្យមើលសព្វាវុធនុយគ្លេអ៊ែរកលយុទ្ធថ្មី
ពួកអ្នកជំនាញការនិយាយថារូបភាពនោះបង្ហាញការរីកចំរើនរបស់កូរ៉េខាងជើងក្នុងការធ្វើអោយក្បាលគ្រាប់កាន់តែតូចសំរាប់បំពាក់នឹងកាំជ្រួចផ្លោងឆ្លងទ្វីបដែលអាចវាយប្រហារដល់អាម៉េរិក។
ក្នុងពេលចុះទៅទីនោះ លោកគីម បានបញ្ជាអោយផលិតសារធាតុនុយគ្លេអ៊ែរកំរិតផលិតអាវុធនិងផលិតសព្វាវុធនុយគ្លេអ៊ែរអោយកាន់តែច្រើនដើម្បីបង្កើនឃ្លាំងអាវុធនុយគ្លេអ៊ែរ ត្រៀមវាយប្រហារនៅថ្ងៃណាមួយ។
សូមបញ្ជាក់ថា កូរ៉េខាងជើងបាននិងកំពុងបង្កើនការសាកល្បងសព្វាវុធ ដោយកាលពីថ្ងៃចន្ទបានបាញ់កាំជ្រួចផ្លោងចម្ងាយខ្លីពីរដើម និងបានហាត់វាយបកដោយប្រើសព្វាវុធនុយគ្លេអ៊ែរកាលពីសប្តាហ៍មុនលើគោលដៅក្លែងក្លាយដែលសន្មតថាជាទីតាំងអាម៉េរិនិងកូរ៉េខាងត្បូង ។
KCNAបាននិយាយថា យោធាកូរ៉េខាងជើងបានហាត់បំផ្ទុះនុយគ្លេអ៊ែរក្នុងអាកាសដោយបានបាញ់ចេញកាំជ្រួចផ្លោងពីដើមបំពាក់ក្បាលគ្រាប់ក្លែងក្លាយក្នុងពេលហ្វឹកហាត់កាលពីថ្ងៃចន្ទនិងកាលពីសប្តាហ៍មុនបានសាកល្បងបាញ់ដ្រូនក្រោមទឹកHaeil-1និងវាបានទៅដល់គោលដៅនៅឯនាយឆ្នេរឦសានរបស់ខ្លួនក្រោយហោះបាន៦០០គីឡូម៉ែត្រក្នុងថេរវេលា៤១ម៉ោង។
អ្នកនាំពាក្យយោធាកូរ៉េខាងត្បូងបាននិយាយថា វាត្រូវការការសាកល្បងនិងការវិភាគបន្ថែមដើម្បីអាចបញ្ជាក់ថាតើក្បាលគ្រាប់ថ្មីរបស់កូរ៉េខាងជើងអាចប្រើបានឬអត់តែរបាយការណ៍ស្តីពីដ្រូនក្រោមទឹកទំនងជាការនិយាយបំផ្លើសបន្តិច។
នៅថ្ងៃអង្គារនេះដែរ ក្រុមប្រយុទ្ធរបស់នាវាដឹកយន្តហោះអាម៉េរិកមួយដឹកនាំដោយនាវាUSS Nimitz បានចូលចតនៅមូលដ្ឋនាទ័ពជើងទឹកប៊ូសាននៅកូរ៉េខាងត្បូង ក្រោយប្រទេសទាំងពីរធ្វើសមយុទ្ធទ័ពជើងទឹករួមគ្នា។វាជាលើកដំបូងដែលនាវានេះបង្ហាញវត្តមាននៅកូរ៉េខាងត្បូងក្នុងរយៈពេលជិតប្រាំមួយឆ្នាំមកនេះ និងជួនពេលដែលប្រទេសទាំងពីរប្រារព្វខួប៧០នៃសម្ពន្ធភាព។
មេបញ្ជាការក្រុមនាវាឧត្តមនាវី គ្រីស្តូហ្វឺ ស្វីនី(Christopher Sweeney)បាននិយាយថា បណ្តានាវារបស់លោកត្រៀមសំរាប់ហេតុការណ៍មិនរំពឹងទុកជាមុនណាមួយ។
លោកបានប្រាប់អ្នកយកព័ត៌មានថា «យើងមិនស្វះស្វែងរកជម្លោះជាមួយកូរ៉េខាងជើងទេ ។យើងស្វះស្វែងរកសន្តិភាពនិងសន្តិសុខ។យើងមិនអនុញ្ញាតអោយគេបង្ខំបំភិតបំភ័យទេហើយយើងក៏មិនរត់ទៅណាដែរ»។
ក្នុងពេលជាមួយគ្នា កាសែតកូរ៉េខាងជើងRodong Sinmunបាននិយាយថាសមយុទ្ធដ៏ធំនាពេលខាងមុខរបស់អាម៉េរិកនឹងកូរ៉េខាងត្បូង ជាពិសេសមានការចូលរួមពីនាវាដឹកយន្តហោះផង មានន័យស្មើនឹង«ការប្រកាសសង្គ្រាមចំហមួយ» ហើយថាវាជាការត្រៀមខ្លួនវាយប្រហារបង្ការទុកជាមុនលើកូរ៉េខាងជើង៕
នាវាUSS Nimitzមកដល់កូរ៉េខាងត្បូងសំរាប់សមយុទ្ធជាមួយកូរ៉េខាងត្បូងបន្ថែម នៅពេលកូរ៉េខាងជើងសម្ញែងគ្រាប់នុយគ្លេអ៊ែរ