Views: 5
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អានថូនី ប្លីងកិន កាលពីថ្ងៃពុធទី២២មីនាបានទាត់ចោលការលើកឡើងថា ការទូតរបស់ចិនជាមួយរុស្ស៊ីជា”អាពាហ៍ពិពាហ៍ដោយហេតុផលបង្ខំ” ហើយនិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងមិនទាន់បានផ្តល់ជំនួយយោធាដល់ “ដៃគូក្មេងខ្ចី” របស់ខ្លួនដើម្បីប្រយុទ្ធនៅអ៊ុយក្រែននៅឡើយទេ។
ប្រធានាធិបតី ស៊ី ជីនពីង កាលពីថ្ងៃពុធបានបិទបញ្ចប់ទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់នៅក្នុងទីក្រុងវ៉ាស៊ីនតោនដែលចាត់ទុកចិនជាសត្រូវយូរអង្វែងបំផុតរបស់សហរដ្ឋអាម៉េរិក និងដែលកំពុងគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីផងដែរ។
អ្នកការទូតកំពូលរបស់អាម៉េរិករូបនេះបានប្រាប់គណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាថា “មួយផ្នែកជាលទ្ធផលនៃការមានទស្សនៈសកលខុសពីយើង ពួកគេមានអាពាហ៍ពិពាហ៍ដោយហេតុផលបង្ខំ។ ខ្ញុំមិនប្រាកដថាវាជាការពិតនោះទេ”។
លោកបានបន្តថា “រុស្ស៊ីជាដៃគូក្មេងវ័យខ្លាំងណាស់ក្នុងទំនាក់ទំនងនេះ”។
លោកប្លីងកិនបាននិយាយថា ខណៈចិនកំពុងជំរុញចក្ខុវិស័យ “មិនសេរី” ដើម្បីជំនួសសណ្តាប់ធ្នាប់ពិភពលោកដែលដឹកនាំដោយសហរដ្ឋអាម៉េរិក “ខ្ញុំមិនប្រាកដថារុស្ស៊ីឬពូទីនពិតជាចង់បានសណ្តាប់ធ្នាប់ពិភពលោកនោះឡើយ ប្រហែលជាចង់បានពិភពលោកឥតសណ្តាប់ធ្នាប់ជាង”។
ជាច្រើនសប្តាហ៍មកហើយលោកប្លីងកិនបានព្រមានជាសាធារណៈថា ចិនកំពុងពិចារណាសំណើរបស់រុស្ស៊ីសម្រាប់អាវុធដើម្បីប្រយុទ្ធនៅអ៊ុយក្រែនដោយរបាយការណ៍មួយចំនួនបានបង្ហាញពីការដឹកជញ្ជូនអាវុធខ្លះៗដោយក្រុមហ៊ុនចិនទៅកាន់ទីក្រុងមូស្គូ។
លោកប្លីងកិនបាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួរមួយថាតើចិនកំពុងផ្តល់ “ជំនួយដ៏សាហាវ” ដល់រុស្ស៊ីឬយ៉ាងណា យ៉ាងដូច្នេះថា “នៅពេលយើងនិយាយនៅថ្ងៃនេះយើងមិនបានឃើញពួកគេឆ្លងកាត់បន្ទាត់នោះនៅឡើយទេ”។
រុស្ស៊ី ដែលជាមហាអំណាចយោធាកំពូលមួយរបស់ពិភពលោក ត្រូវបង្ខំចិត្តពឹងផ្អែកលើអ៊ីរ៉ង់និងកូរ៉េខាងជើងសម្រាប់ការផ្គត់ផ្គង់ ខណៈខ្លួនទទួលរងការបាត់បង់យ៉ាងច្រើននៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការស៊ើបអង្កេតរបស់សហរដ្ឋអាម៉េរិក។
លោកស៊ីបានស្ថិតនៅទីក្រុងមូស្គូដើម្បីផ្សព្វផ្សាយសំណើរបស់ចិនសម្រាប់បទឈប់បាញ់នៅអ៊ុយក្រែន ជាការអំពាវនាវមួយដែលបានជួបជាមួយការសង្ស័យពីសហរដ្ឋអាម៉េរិក ដែលបារម្ភថារុស្ស៊ីអាចនឹងប្រើការផ្អាកនេះដើម្បីប្រមូលផ្តុំកងកម្លាំងដែលបាក់ស្បាតឡើងវិញ។
លោកប្លីងកិនបាននិយាយអំពីចិនថា “ខ្ញុំគិតថា ការគាំទ្រផ្នែកការទូត ការគាំទ្រផ្នែកនយោបាយរបស់ពួកគេ និងក្នុងកម្រិតមួយចំនួន ការគាំទ្រផ្នែកសម្ភារៈសម្រាប់រុស្ស៊ី ប្រាកដណាស់នឹងប្រឆាំងនឹងផលប្រយោជន៍របស់យើងក្នុងការនាំយកសង្គ្រាមនេះទៅរកទីបញ្ចប់”៕
រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អានថូនី ប្លីងកិន