Views: 2
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រព័ន្ធផ្សព្វផ្សាយនិងក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធទី២៧កញ្ញាថា លោកយាយជនជាតិឥណ្ឌាម្នាក់ ដែលមានអាយុ ៩២ ឆ្នាំ បានរៀនអាននិងសរសេរបន្ទាប់ពីបានទៅសាលារៀនជាលើកដំបូង ហើយបានបំផុសគំនិតដល់អ្នកដទៃឱ្យចូលរួមជាមួយលោកយាយ។
លោកយាយ សាលីម៉ា ខាន់ (Salima Khan) កើតក្នុងឆ្នាំ ១៩៣១ និងរៀបការនៅអាយុ ១៤ ឆ្នាំ ពោលគឺពីរឆ្នាំមុនការបញ្ចប់អាណានិគមអង់គ្លេសនៅក្នុងប្រទេសឥណ្ឌា។លោកយាមមានក្តីសុបិនពេញមួយជីវិតមួយ គឺ ចេះអាននិងសរសេរ។
លោកយាយខាន់មកពីទីក្រុងប៊ូឡាន់សា (Bulandshahr) ក្នុងរដ្ឋអ៊ូតថាប្រាដេស (Uttar Pradesh) ភាគខាងជើង បាននិយាយថាមិនមានសាលារៀននៅក្នុងភូមិរបស់លោកយាយទេកាលពីលោកយាយនៅក្មេង។
កាលពីប្រាំមួយខែមុន លោកយាយបានចាប់ផ្តើមសិក្សាជាមួយសិស្សដែលមានអាយុតិចជាងលោកយាយ ៨ ទសវត្សរ៍ ហើយលោកយាយត្រូវបានអមដំណើរទៅថ្នាក់រៀនដោយភរិយារបស់ចៅប្រុសរបស់គាត់។
សាច់រឿងរបស់លោកយាយបានលេចឡើង បន្ទាប់ពីវីដេអូនៃការរាប់របស់លោកយាយពី ១ ដល់ ១០០ បានល្បីនៅលើបណ្តាញសង្គម។
លោកយាយត្រូវបានស្រង់សម្តីដោយកាសែត Times of India ថា “ចៅរបស់ខ្ញុំធ្លាប់បោកខ្ញុំឱ្យហុចលុយបន្ថែមដល់ពួកវា ដោយសារខ្ញុំមិនចេះរាប់ក្រដាសប្រាក់។ ថ្ងៃទាំងនោះបានកន្លងផុតទៅហើយ”។
អត្រាអក្ខរកម្មរបស់ប្រទេសឥណ្ឌាគឺប្រហែល ៧៣ ភាគរយ នេះបើយោងតាមជំរឿនឆ្នាំ ២០១១។
មន្ត្រីអប់រំ លោកស្រី ឡាក់ស្មី ផានឌី (Lakshmi Pandey) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “សាច់រឿងរបស់លោកយាយបានពង្រឹងជំនឿថាការស្វែងរកចំណេះដឹងមិនត្រូវបានកំណត់តាមអាយុនោះទេ”។
លោកស្រីផានឌីបាននិយាយថា អ្នកស្ម័គ្រចិត្តមកពីគំនិតផ្តួចផ្តើមការអប់រំរបស់រដ្ឋាភិបាលបានកំណត់ថា លោកយាយខាន់គឺជាសិស្សសក្តានុពល ហើយបានលើកទឹកចិត្តលោកយាយទៅសាលារៀន។
នាយកសាលា លោកស្រី ប្រាទីបា សាម៉ា (Pratibha Sharma) បាននិយាយថា គ្រូៗ ពីដំបូង “ស្ទាក់ស្ទើរ” អំពីការចាប់ផ្តើមបង្រៀនលោកយាយខាន់ ប៉ុន្តែទន់ចិត្តដោយសារ “មហិច្ឆតា” ចង់ចេះចង់ដឹងរបស់លោកយាយ។
លោកស្រីសាម៉ាបានប្រាប់កាសែត Times of India ថា “យើងគ្មានកូនចិត្តត្រូវបដិសេធលោកយាយទេ” ហើយចាប់តាំងពីលោកយាយបានទៅសាលារៀន ស្ត្រីចំនួន ២៥ នាក់មកពីភូមិរបស់លោកយាយបានចាប់ផ្តើមថ្នាក់អក្ខរកម្មផងដែរ រួមទាំងកូនប្រសាពីរនាក់របស់លោកយាយ។
សៀវភៅកំណត់ត្រាពិភពលោកហ្គីនណេស (Guinness World Records) បានចុះបញ្ជីលោក គីម៉ានី ង៉ានង៉ា ម៉ារូ (Kimani Ng’ang’a Maruge) មកពីប្រទេសកេនយ៉ា ជាមនុស្សចាស់បំផុតដែលបានបញ្ចប់ថ្នាក់បឋមសិក្សា ដោយបានចុះឈ្មោះចូលរៀនក្នុងឆ្នាំ ២០០៤ នៅពេលគាត់មានអាយុ ៨៤ ឆ្នាំ។
ជាអតីតយុទ្ធជនទ័ពព្រៃមូមូ (Mau Mau) ប្រឆាំងនឹងកងកម្លាំងអាណានិគមអង់គ្លេស លោកតាម៉ារូបានចាប់ផ្តើមចូលរៀន ដោយចង់ចេះរាប់លុយនិងអានព្រះគម្ពីរ ហើយក្រោយមកត្រូវបានតែងតាំងជា “ប្រធានថ្នាក់”៕
លោកយាយសាលីម៉ា ខាន់ចូលរៀនជាលើកដំបូងនៅអាយុ ៩២ ឆ្នាំ