Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកយាយ​ឥណ្ឌា​អាយុ៩២ ឆ្នាំ​ទីបំផុត​បាន​ចូលរៀន​ជា​លើកដំបូង​

Views: 2

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៧​កញ្ញា​ថា លោកយាយ​ជនជាតិ​ឥណ្ឌា​ម្នាក់ ដែល​មាន​អាយុ ៩២ ឆ្នាំ បាន​រៀន​អាន​និង​សរសេរ​បន្ទាប់ពី​បាន​ទៅ​សាលារៀន​ជា​លើកដំបូង ហើយ​បាន​បំផុសគំនិត​ដល់​អ្នកដទៃ​ឱ្យ​ចូលរួម​ជាមួយ​លោកយាយ​។​

​លោកយាយ សាលី​ម៉ា ខាន់ (Salima Khan) កើត​ក្នុង​ឆ្នាំ ១៩៣១ និង​រៀបការ​នៅ​អាយុ ១៤ ឆ្នាំ ពោលគឺ​ពីរ​ឆ្នាំ​មុន​ការបញ្ចប់​អាណានិគម​អង់គ្លេស​នៅក្នុង​ប្រទេស​ឥណ្ឌា​។​លោក​យាម​មានក្តី​សុបិន​ពេញ​មួយ​ជីវិតមួយ គឺ ចេះ​អាន​និង​សរសេរ​។​

​លោកយាយ​ខាន់​មកពី​ទីក្រុង​ប៊ូ​ឡាន់​សា (Bulandshahr) ក្នុង​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេស (Uttar Pradesh) ភាគ​ខាងជើង បាន​និយាយថា​មិន​មាន​សាលារៀន​នៅក្នុង​ភូមិ​របស់​លោកយាយ​ទេ​កាលពី​លោកយាយ​នៅ​ក្មេង​។​

​កាល​ពី​ប្រាំ​មួយខែ​មុន លោកយាយ​បាន​ចាប់ផ្តើម​សិក្សា​ជាមួយ​សិស្ស​ដែល​មាន​អាយុ​តិច​ជាង​លោកយាយ ៨ ទសវត្សរ៍ ហើយ​លោកយាយ​ត្រូវបាន​អមដំណើរ​ទៅ​ថ្នាក់រៀន​ដោយ​ភរិយា​របស់​ចៅប្រុស​របស់គាត់​។​

​សាច់​រឿង​របស់​លោកយាយ​បាន​លេចឡើង បន្ទាប់​ពី​វីដេអូ​នៃ​ការរាប់​របស់​លោកយាយ​ពី ១ ដល់ ១០០ បាន​ល្បី​នៅលើ​បណ្តាញ​សង្គម​។​

​លោកយាយ​ត្រូវ​បាន​ស្រង់​សម្តី​ដោយ​កាសែត Times of India ថា “​ចៅ​របស់​ខ្ញុំ​ធ្លាប់​បោក​ខ្ញុំ​ឱ្យ​ហុច​លុយ​បន្ថែម​ដល់​ពួក​វា ដោយសារ​ខ្ញុំ​មិនចេះ​រាប់​ក្រដាសប្រាក់​។ ថ្ងៃ​ទាំងនោះ​បាន​កន្លងផុតទៅ​ហើយ​”​។​

​អត្រា​អក្ខរកម្ម​របស់​ប្រទេស​ឥណ្ឌា​គឺ​ប្រហែល ៧៣ ភាគរយ នេះ​បើ​យោង​តាម​ជំរឿន​ឆ្នាំ ២០១១​។​

​មន្ត្រី​អប់រំ លោកស្រី ឡាក់​ស្មី ផាន​ឌី (Lakshmi Pandey) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​សាច់​រឿង​របស់​លោកយាយ​បាន​ពង្រឹង​ជំនឿ​ថា​ការស្វែងរក​ចំណេះដឹង​មិន​ត្រូវបាន​កំណត់​តាម​អាយុ​នោះទេ​”​។​

​លោកស្រី​ផាន​ឌី​បាន​និយាយថា អ្នក​ស្ម័គ្រចិត្ត​មកពី​គំនិត​ផ្តួចផ្តើម​ការអប់រំ​របស់​រដ្ឋាភិបាល​បាន​កំណត់​ថា លោកយាយ​ខាន់​គឺ​ជា​សិស្ស​សក្តានុពល ហើយ​បាន​លើកទឹកចិត្ត​លោកយាយ​ទៅ​សាលារៀន​។​

​នាយក​សាលា លោកស្រី ប្រា​ទី​បា សា​ម៉ា (Pratibha Sharma) បាន​និយាយថា គ្រូៗ ពីដំបូង “​ស្ទាក់ស្ទើរ​” អំពី​ការចាប់ផ្តើម​បង្រៀន​លោកយាយ​ខាន់ ប៉ុន្តែ​ទន់​ចិត្ត​ដោយ​សារ “​មហិច្ឆតា​” ចង់​ចេះ​ចង់ដឹង​របស់​លោកយាយ​។​

​លោកស្រី​សា​ម៉ា​បាន​ប្រាប់​កាសែត Times of India ថា “​យើង​គ្មាន​កូន​ចិត្ត​ត្រូវបដិសេធ​លោកយាយ​ទេ​” ហើយ​ចាប់តាំងពី​លោកយាយ​បាន​ទៅ​សាលារៀន ស្ត្រី​ចំនួន ២៥ នាក់​មកពី​ភូមិ​របស់​លោកយាយ​បានចាប់ផ្តើម​ថ្នាក់​អក្ខរកម្ម​ផងដែរ រួម​ទាំង​កូនប្រសា​ពីរ​នាក់​របស់​លោកយាយ​។​

​សៀវភៅ​កំណត់ត្រា​ពិភពលោក​ហ្គី​ន​ណេ​ស (Guinness World Records) បាន​ចុះបញ្ជី​លោក គី​ម៉ា​នី ង៉ាន​ង៉ា ម៉ា​រូ (Kimani Ng’ang’a Maruge) មកពី​ប្រទេសកេន​យ៉ា ជា​មនុស្ស​ចាស់​បំផុត​ដែល​បាន​បញ្ចប់​ថ្នាក់បឋមសិក្សា ដោយ​បាន​ចុះឈ្មោះ​ចូលរៀន​ក្នុង​ឆ្នាំ ២០០៤ នៅ​ពេល​គាត់​មាន​អាយុ ៨៤ ឆ្នាំ​។​

​ជា​អតីតយុទ្ធជន​ទ័ពព្រៃ​មូមូ (Mau Mau) ប្រឆាំង​នឹង​កងកម្លាំង​អាណានិគម​អង់គ្លេស លោកតា​ម៉ា​រូ​បាន​ចាប់ផ្តើម​ចូល​រៀន ដោយ​ចង់​ចេះ​រាប់​លុយ​និង​អាន​ព្រះគម្ពីរ ហើយ​ក្រោយមក​ត្រូវបាន​តែងតាំង​ជា “​ប្រធាន​ថ្នាក់​”៕

លោកយាយ​សាលី​ម៉ា ខាន់​ចូលរៀន​ជា​លើកដំបូង​នៅ​អាយុ ៩២ ឆ្នាំ

Post navigation