Views: 1
ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ក្នុងសម័យអន្ធកាលក្នុងរបបសហភាពសូវៀត លោក យេវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) កំពុងដេកគុកពីបទលួច។ឥឡូវនេះក្នុងនាមជាស្ថាបនិកនៃក្រុមហ៊ុនទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី គាត់កំពុងប្រជែងដើម្បីយកចិត្តយកថ្លើមរបស់លោក វ្ល៉ាឌីមៀ ពូទីន ដោយអះអាងអំពីជ័យជម្នះក្នុងសមរភូមិដ៏កម្រនៅអ៊ុយក្រែន។
គោលបំណងរបស់គាត់គឺដើម្បីលើកកម្ពស់ជោគជ័យ ដែលក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Groupរបស់គាត់កំពុងមាននៅសប្តាហ៍នេះក្នុងការរុញច្រានកងកម្លាំងអ៊ុយក្រែនចេញពីទីប្រជុំជនរ៉ែអំបិល សូឡេដា (Soledar) ជាសកម្មភាពមួយដែលធ្វើឱ្យផែនការរបស់រុស្ស៊ីក្នុងការដណ្តើមកាន់កាប់ភាគខាងកើតអ៊ុយក្រែនរស់ឡើងវិញ បន្ទាប់ពីរងបរាជ័យជាច្រើនដង។
រុស្ស៊ីបានអះអាងជ័យជម្នះកាលពីថ្ងៃសុក្របន្ទាប់ពីអ៊ុយក្រែននិយាយថា កងកម្លាំងរបស់ខ្លួនកំពុងតស៊ូរក្សាទីតាំង បន្ទាប់ពីការប្រយុទ្ធគ្នាដ៏ក្តៅគគុកពេញមួយយប់។
លោកព្រីហ្គោហ្ស៊ីន អាយុ ៦១ ឆ្នាំ ដែលត្រូវបានដាក់ទណ្ឌកម្មនៅលោកខាងលិចនិងចាត់ទុកខ្លួនឯងថាជាអ្នកស្នេហាជាតិដ៏អង់អាចក្លាហាននោះបានបង្ហាញខ្លួនក្នុងឈុតប្រយុទ្ធជាមួយកូនចៅរបស់គាត់នៅទីប្រជុំជនអណ្តូងរ៉ែអំបិលសូឡេដា ហើយបាននិយាយថា ពួកគេកំពុងប្រយុទ្ធតែឯង ដែលជាការអះអាងផ្ទុយពីមន្ត្រីការពារជាតិ។
វិមានក្រឹមឡាំងកាលពីថ្ងៃព្រហស្បតិ៍បាននិយាយអំពី “សកម្មភាពមិនគិតពីខ្លួនឯងប្រកដោយវីរភាព” នៃអ្នកដែលកំពុងប្រយុទ្ធនៅសូឡេដា។
ក្រសួងការពារជាតិកាលពីថ្ងៃសុក្របានចាត់ទុកជ័យជម្នះនេះគឺដោយសារតែអង្គភាពទ័ពអាកាស កងកម្លាំងមីស៊ីល និង “កាំភ្លើងធំនៃក្រុមកងកម្លាំងរុស្ស៊ី”។
លោកព្រីហ្គោហ្ស៊ីនបាននិយាយថា មន្ត្រីរុស្ស៊ីមិនបានផ្តល់ស្នាដៃដល់កងកម្លាំងរបស់គាត់ទេ។
លោកបានត្អូញត្អែរថា “ពួកគេព្យាយាមលួចយកជ័យជម្នះពីក្រុមហ៊ុនយោធាឯកជន Wagner PMCហើយនិយាយអំពីវត្តមានរបស់ក្រុមមនុស្សដែលមិនស្គាល់ផ្សេងទៀតដើម្បីបន្ទាបគុណសម្បត្តិរបស់ក្រុមហ៊ុន Wagner”។
អ្នកអត្ថាធិប្បាយមួយចំនួនបាននិយាយថា គាត់អាចក្លាយជារដ្ឋមន្ត្រីការពារជាតិនៅថ្ងៃណាមួយ ប៉ុន្តែគេមិនច្បាស់ថាឥទ្ធិពលប៉ុន្មានដែលអ្នកជំនួញមកពីទីក្រុងសេនភីតធឺស្បឺក (St Petersburg) រូបនេះទទួលបានជាមួយលោកពូទីន ដែលមាននិន្នាការរក្សាតុល្យភាពរវាងបក្ខពួក ជាមួយនឹងយុទ្ធសាស្ត្របំបែកបំបាក់និងគ្រប់គ្រង៕
លោក យេវជេនី ព្រីហ្គោហ្ស៊ីន (ឆ្វេង) ធ្លាប់ត្រូវគេហៅថា “ចុងភៅ” ដោយសារតែគាត់ធ្លាប់បើកភោជនីយដ្ឋានមួយ ដែលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (កណ្តាល) មកទទួលទានអាហារជាញឹកញាប់