Views: 2
ដោយ: ប.ខុន / ភ្នំពេញ: មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ចាត់មន្ត្រីចុះពិនិត្យដំណាំស្រូវវស្សាដែលកំពុងរងការរាតត្បូតពីពពួកខ្យងមាស ដោយបានផ្តល់ជាថ្នាំសម្រាប់កម្ចាត់ខ្យងដល់ប្រជាកសិករចំនួន២៥គ្រួសារ និងបន្តចុះពិនិត្យនៅតំបន់ផ្សេងទៀត ដោយបានណែនាំដល់កសិករ និងប្រាប់ទៅអាជ្ញាធរឱ្យជួយផ្តល់ដំណឹងមកមន្ទីរ ឱ្យបានទាន់ពេលវេលានៅពេលមានពពួកខ្យង ឬមមាចត្នោតយាយីដល់ដំណាំស្រូវ។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០២២ថា ដំណាំស្រូវនៅក្នុងខេត្តព្រះសីហនុពេលនេះកំពុងគំរាមកំហែងពីពពួកខ្យងមាស(ក្រហម) ពពួកខ្យងនេះបំផ្លាញដំណាំស្រូវខូចមិនអន់ជាងមមាចត្នោតនោះឡើយ។ កាលពីម្សិលមិញយើង (នេន ចំរើន) បានចាត់មន្ត្រីជំនាញចុះពិនិត្យដល់វាលស្រែរបស់ប្រជាកសិករ ចំនួន២៥គ្រួសារ(២៥ហិកតា) នៅភូមិវាលធំឃុំវាលរេញស្រុកព្រៃនប់ ដោយបានចែកថ្នាំសម្រាប់កម្ចាត់ខ្យងនេះ។
ប្រធានមន្ទីរខាងលើនិយាយឱ្យដឹងទៀតថា ជាមួយនឹងការចុះពិនិត្យនិងផ្តល់ថ្នាំកម្ចាត់ខ្យង នៅក្នុងភូមិខាងលើក៏បានបន្តចុះទៅកាន់ភូមិផ្សេងទៀត និងបានប្រាប់ទៅអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋ ឱ្យផ្តល់ដំណឹងមកជំនាញនៅពេលកន្លែងណាមានខ្យង ឬមមាចត្នោតរាតត្បាតដល់ដំណាំស្រូវ ដើម្បីមន្ត្រីជំនាញចុះទៅជួយបានទាន់ពេលវេលា។
លោកនេន ចំរើន និយាយឱ្យដឹងផងដែរថា ការងារបង្កបង្កើនផលស្រូវវស្សានៅខេត្តព្រះសីហនុ មកដល់ពេលនេះ អនុវត្តបានជាង៥០ភាគរយនៃផែនការ ១៣.៣៩៥ហិកតា។ ការដាំដុះស្រូវវស្សាឆ្នាំនេះ យឺតជាងឆ្នាំមុនដោយសារមានភ្លៀងធ្លាក់ច្រើននៅដើមរដូវវស្សាធ្វើឱ្យរាំងស្ទះដល់ការភ្ជួររាស់៕