Views: 10
ដោយ: សុផល / ភ្នំពេញ៖ អង្គការអុកស្វាម នៅព្រឹកថ្ងៃ២៩ ខែកញ្ញា បានធ្វើជាម្ចាស់ផ្ទះ កិច្ចពិភាក្សាតុមូលពហុភាគី ស្តីពី “ការពង្រឹងហិរញ្ញវត្ថុប្រកបដោយចីរភាព និងការទទួលខុសត្រូវ ក្នុងតំបន់អាស៊ាន” នៅរាជធានីភ្នំពេញ។
កិច្ចពិភាក្សាតុមូលនេះ គាំទ្រដោយសម្ព័នហិរញ្ញវត្ថុយុត្តិធម៌អាស៊ី (FFA) និងកម្មវិធី លើកកម្ពស់យេនឌ័រ និងការវិនិយោគ ប្រកបដោយការទទួលខុសត្រូវ ក្នុងវិស័យកសិ-ពាណិជ្ជកម្ម ក្នុងតំបន់អាស៊ីអាគ្នេយ៍ (GRAISEA) ។
កិច្ចសន្ទនានេះ មានការចូលរួមពីតំណាងមកពី រាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងសង្គមស៊ីវិល ដើម្បីផ្តល់ធាតុចូលលើរបកគំហើញ និងអនុសាសន៍សំខាន់ៗ នៅក្នុរបាយការណ៍រួម របស់ FFA-GRAISEA ដែលមានចំណងជើងថា “ Harvesting Inequality: ផលប៉ះពាល់លើសង្គមនៃការវិនិយោគ របស់គ្រឹះស្ថានហិរញ្ញវត្ថុ នៅក្នុងវិស័យកសិពាណិជ្ជកម្មនៅអាស៊ី” ដើម្បីធ្វើសំយោគ និងកែលម្អគោលនយោបាយហិរញ្ញវត្ថុ ប្រកបដោយចីរភាព និងមានលក្ខណៈយេនឌ័រ សម្រាប់អាស៊ាន ក្នុងខណៈដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ ។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម ប្រចាំនៅកម្ពុជា បានមាន ប្រសាសន៍ថាៈ “អង្គការអុកស្វាម សូមស្វាគមន៍ការចូលរួមរបស់ អ្នកជំនាញជាន់ខ្ពស់ មកពីរាជរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល នៅក្នុងកិច្ចសន្ទនាពហុភាគីពាក់ព័ន្ធនេះ ដែលផ្តោតលើបញ្ហាហិរញ្ញវត្ថុ ប្រកបដោយចីរភាព និងមានលក្ខណៈយេនឌ័រ ក្នុងវិស័យកសិ-ពាណិជ្ជកម្ម ។
យោងតាមរបាយការណ៍ Harvesting Inequality’ ៩៩.៨% នៃកម្មករជាស្ត្រី នៅក្នុងវិស័យកសិ-ពាណិជ្ជកម្មកម្ពុជា ស្ថិតក្នុងស្ថានភាពក្រៅប្រព័ន្ធ មានន័យថា ពួកគេមិនអាចទទួលបានអត្ថប្រយោជន៍ និងការការពារក្រោមច្បាប់ការងារនោះទេ។ ដូច្នេះ ពួកគេកាន់តែងាយរងគ្រោះ ទៅនឹងភាពក្រីក្ររ៉ាំរ៉ៃ ប្រាក់ឈ្នួលទាប ជំងឺ គ្រោះថ្នាក់ការងារ ការកេងប្រវ័ញ្ច និងការអនុវត្តប្រកបដោយគ្រោះថ្នាក់ ក្នុងសង្គមផ្សេងៗ ទៀតជាច្រើន។ អង្គការអុកស្វាម សូមអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា វិស័យកសិ-ពាណិជ្ជកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ ធានាថា សិទ្ធិស្ត្រីដែលជាកសិករ និងកម្មករ និងក្រុមជនដែលងាយរងគ្រោះដទៃទៀត ទទួលបានការការពារ” ។
កិច្ចសន្ទនាពហុភាគី ចាប់ផ្តើមជាមួយនឹងកិច្ចប្រជុំពេញអង្គកម្រិតខ្ពស់ ដោយមានការ ចូលរួមពីវាគ្មិន តំណាងជាន់ខ្ពស់ មកពីរដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធ នៅក្នុងការសម្រប សម្រួល ភាពជាប្រធានរបស់កម្ពុជានៃកិច្ចប្រជុំកំពូលអាស៊ាន។ វាគ្មិនរួមមានlok ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភាកម្ពុជា និងលោកsjrI គង់ សូរីតា អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី។
បន្ទាប់ពីបទបង្ហាញពីរបកគំហើញ និងអនុសាសន៍សំខាន់ៗ ពីរបាយការណ៍ ” Harvesting Inequality ” សិក្ខាកាមនឹងពិភាក្សាអំពីប្រធានបទជាច្រើនដូចជា គណនេយ្យភាពសាជីវកម្មពាក់ព័ន្ធនឹងខ្សែចង្វាក់តម្លៃកសិកម្ម និងកិច្ចផ្តួចផ្តើមអាស៊ាន ដូចជា វត្តិករសាស្ត្រអាស៊ាន ដែលជួយធានាហានិភ័យសង្គម នៅក្នុងវិស័យហិរញ្ញវត្ថុ។
លោកស្រី Bernadette Victorio ប្រធានកម្មវិធី ហិរញ្ញវត្ថុយុត្តិធម៌អាស៊ី (FFA) បានមានប្រសាសន៍ថាៈ “ការស្រាវជ្រាវរបស់យើង បង្ហាញថា ធនាគារ មិនបានខិតខំធ្វើការឱ្យបានគ្រប់គ្រាន់ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិការងារ ក្នុងវិស័យកសិ-ពាណិជ្ជកម្ម នៅតំបន់អាស៊ីឡើយ។ ចាប់ពីខែមករា ឆ្នាំ២០១៦ រហូតដល់ខែធ្នូ ឆ្នាំ២០២០ ការសិក្សារបស់យើង បានរកឃើញថា កសិ-ពាណិជ្ជកម្ម ធំជាងគេចំនួន ១២៥ របស់អាស៊ាន ទទួលបានទឹកប្រាក់ចំនួន ២២,៦ ពាន់លានដុល្លារអាមេរិក ពីគ្រឹះស្ថានហិរញ្ញវត្ថុសកល និងក្នុងតំបន់ ខណៈដែល ៩០% នៃកសិ-ពាណិជ្ជកម្មទាំងនេះ មិនបានយកចិត្តទុកដាក់លើបញ្ហានានា ដែលទាក់ទងនឹង ការអនុវត្តការងារ ដោយមិនត្រឹមត្រូវ បញ្ហាតម្លាភាព និងគណនេយ្យភាព និងសមភាព យេនឌ័រនោះឡើយ។ ការសិក្សារបស់យើង ក៏បានរកឃើញដែរថា គ្រឹះស្ថានហិរញ្ញវត្ថុ ចំនួន ៥៤ កំពុងធ្វើសកម្មភាពនៅក្នុងប្រទេសអាស៊ីទាំង ១៣ ដែលស្ថិតក្រោមការសិក្សា នេះ ទទួលបានពិន្ទុជាមធ្យម ២ ក្នុងចំណោម ១០ ចំពោះសមភាពយេនឌ័រ សិទ្ធិមនុស្ស សិទ្ធិការងារ និងតម្លាភាព និងគណនេយ្យភាព ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ ដែលបាន កំណត់ដោយវិធីសាស្ត្រអន្តរជាតិនៃមគ្គុទ្ទេសក៍ហិរញ្ញវត្ថុប្រកបដោយយុត្តិធម៌ (FFGI)។ រដ្ឋាភិបាលអាស៊ាន និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវតែប្តេជ្ញាចិត្តថែមទៀតនៅក្នុង គោលនយោបាយ ក៏ដូចជាក្នុងការអនុវត្តជាក់ស្តែងដើម្បីគោរព និងលើកស្ទួយអនុសញ្ញា សិទ្ធិមនុស្ស អន្តរជាតិ និងនិយាមសកលស្ដីពីសិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិស្ត្រី ។”
លោក Ashley Aarons ប្រធានកម្មវិធីលើកកម្ពស់យេនឌ័រ និងការវិនិយោគ ប្រកបដោយការទទួលខុសត្រូវ ក្នុងវិស័យកសិពាណិជ្ជកម្មតំបន់អាស៊ីអាគ្នេយ៍ (GRAISEA) បានមានប្រសាសន៍ថាៈ “ វិស័យកសិ-ពាណិជ្ជកម្មនៅអាស៊ី មានសារៈសំខាន់ជាសារវ័ន្ត ចំពោះការីកចម្រើននៃសេដ្ឋកិច្ច ជីវភាព ប្រាក់ចំណូល និងសន្តិសុខស្បៀង របស់តំបន់អាស៊ី។ ជាងមួយភាគបី នៃកម្លាំងការងារ នៅក្នុងប្រទេសកម្ពុជា ប៉ាគីស្ថាន និងវៀតណាម និងជិតពាក់កណ្តាលនៃកម្លាំងការងារ នៅក្នុងប្រទេសឥណ្ឌា និងមីយ៉ាន់ម៉ា ធ្វើការនៅក្នុងវិស័យកសិកម្ម ព្រៃឈើ និងនេសាទ។ វិស័យនេះ ក៏ជាវិស័យដែលមានកសិករខ្នាតតូច ប្រមាណ ៣៥០ លាននាក់ ដែលផលិត ៨០% នៃផលិតផលម្ហូបអាហារនៅក្នុងតំបន់នេះ ។ កសិករជាច្រើន ក្នុងចំណោម កសិករទាំងនេះ គឺជាស្ត្រីដែលជារឿយៗ ការរួមចំណែកចំពោះសេដ្ឋកិច្ច សង្គម និង គ្រួសាររបស់ពួកគេ ត្រូវបានគេមើលរំលង និងមិនផ្ដល់តម្លៃឱ្យ ដោយសារតែការរើសអើង ពាក់ព័ន្ធនឹងយេនឌ័រ ។ ជាការច្បាស់ណាស់ ផលិតភាព កំណើន និងនិរន្តរភាពនៃវិស័យ កសិ-ពាណិជ្ជកម្មរបស់អាស៊ី អាស្រ័យលើការអនុម័ត ការអនុវត្ត និងពង្រឹងគោលនយោ បាយ ដែលមិនត្រឹមតែលើកកម្ពស់ការអនុវត្តផ្នែកហិរញ្ញវត្ថុ ប្រកបដោយការទទួលខុស ត្រូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារសិទ្ធិរបស់កសិករ ជាពិសេសស្ត្រីផងដែរ ។
បន្ទាប់ពីកិច្ចប្រជុំពេញអង្គកម្រិតខ្ពស់ ក្រុមអ្នកជំនាញ និងភាគីពាក់ព័ន្ធមួយចំនួន នឹងរៀបចំកិច្ចប្រជុំតុមូល ប្រកបដោយអន្តរកម្មមួយ ដើម្បីផ្លាស់ប្តូរទស្សនៈរបស់ពួកគេ អំពីសេចក្តីព្រាងសង្ខេប នៃគោលនយោបាយមួយ ដោយផ្អែកលើអនុសាសន៍ ដែលបានមកពីរបាយការណ៍ ស្ដីពី “Harvesting Inequality” ។
កិច្ចប្រជុំតុមូលនេះ មានគោលដៅសម្របសម្រួល កិច្ចពិភាក្សាពិគ្រោះយោបល់ នៅកម្រិតយុទ្ធសាស្ត្រ ដើម្បីដាក់បញ្ចូលលក្ខណៈវិនិច្ឆ័យសង្គមកាន់តែប្រសើរឡើង ជាពិសេសសមភាពយេនឌ័រ សិទ្ធិការងារ និងតម្លាភាព និងគណនេយ្យភាព ទៅក្នុងក្របខ័ណ្ឌគោលនយោបាយ និងគំនិតផ្តួចផ្តើមនានា ទាក់ទងនឹងហិរញ្ញវត្ថុ ប្រកបដោយចីរភាពរបស់អាស៊ាន ។
សេចក្ដីសង្ខេបគោលនយោបាយ ដែលបានកែសម្រួលនេះ នឹងត្រូវបានដាក់ជូនកម្ពុជា ដែលជាប្រធានអាស៊ាន នៅពេលខាងមុខនេះ និងសម្រាប់ការពិចារណា ដោយប្រទេសឥណ្ឌូណេស៊ី ដែលនឹងត្រូវធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២៣ ដើម្បីផ្តល់អាទិភាព ដល់ការពន្លឿនហិរញ្ញវត្ថុ ប្រកបដោយចីរភាព និងការទទួលខុសត្រូវ នៅក្នុងតំបន់ ដោយបង្កើនការពិចារណា អំពីលក្ខណវិនិច្ឆ័យសង្គម និងយេនឌ័រ និងផលប៉ះពាល់នានា ដែលអាចមាន ៕ V / N