ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់ប្រសាសន៍របស់លោកស្រី Linda Thomas Greenfield អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ (UN) បានផ្សព្វផ្សាយនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះឲ្យដឹងថា សង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅអ៊ុយក្រែន នឹងធ្វើឲ្យមនុស្សប្រមាណ ៤០លាននាក់ ជួបគ្រោះទុរ្ភិក្ស ហើយតំបន់ទ្វីបអាហ្វ្រិក នឹងរងផលប៉ះពាល់ខ្លាំងជាងគេ ។
លោកស្រី Linda Thomas Greenfield បានថ្លែងឲ្យដឹងថា សហរដ្ឋអាមេរិក ធ្វើការរៃអង្គាសប្រាក់នៅក្នុងកិច្ចប្រជុំ G7 បានចំនួន ៤,៥ពាន់លានដុល្លារ សម្រាប់សន្តិសុខស្បៀងអាហារ ដែលក្នុងចំណោមថវិកាទាំងនោះ មានការចូលរួមពីសហរដ្ឋអាមេរិក ចំនួនជាង ២,៧៦ពាន់លានដុល្លារ ។ លើសពីនេះ សហរដ្ឋអាមេរិក ក៏មានផែនការផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀតចំនួន ១៥០លានដុល្លារផងដែរ ដល់តំបន់អាហ្វ្រិក ដោយគ្រាន់រង់ចាំការអនុម័តពីសភាតែប៉ុណ្ណោះ ។
គួរកត់សម្គាល់ផងដែរថា រដ្ឋាភិបាល នៃបណ្តាប្រទេសភាគច្រើនក្នុងតំបន់ទ្វីបអាហ្វ្រិក មិនបានចូលរួមជាមួយបណ្តាប្រទេសបស្ចិមលោក ក្នុងការថ្កោលទោសរុស្ស៊ី ដែលបានបង្កសង្គ្រាមទៅលើអ៊ុយក្រែន នោះឡើយ ដោយសារពួកគេសម្រេចចិត្តមិនឈរនៅខាងភាគីណាមួយ ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការនយោបាយអន្តរជាតិ បានលើកឡើងថា ទោះបីបណ្តាប្រទេសជាច្រើននៅតំបន់ទ្វីបអាហ្វ្រិក មិនចង់ស្ថិតនៅក្រោមសម្ពាធ ដោយត្រូវបង្ខំចិត្តជ្រើសរើសភាគីណាមួយក៏ដោយ ក៏ប៉ុន្តែបណ្តារដ្ឋទាំងនោះ គួរតែយល់ពីការពិតថា រុស្ស៊ី ជាភាគីបង្កសង្គ្រាមទៅលើប្រទេសអ៊ុយក្រែន ។
មហាអំណាចយោធារុស្ស៊ី បានចាប់ផ្តើមធ្វើសកម្មភាពឈ្លានពានទៅលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលរហូតមកទល់បច្ចុប្បន្ន មានរយៈពេល០៥ខែ ២សប្តាហ៍ហើយ ៕