Views: 1
ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ យោងតាមទិន្នន័យកាលពីថ្ងៃពុធទី១៧សីហាបានឱ្យដឹងថា ភ្លើងឆេះព្រៃ ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុកំពុងដុតគម្របដើមឈើពិភពលោកពីរដងស្មើនឹងកាលពី២០ឆ្នាំមុន ពោលគឺស្មើនឹងការបាត់បង់ព្រៃប៉ុនទីលានបាល់ទាត់ចំនួន ១៦ រៀងរាល់នាទី។
ការស្រាវជ្រាវបានបង្ហាញនៅក្នុងព័ត៌មានលម្អិតមិនធ្លាប់មានពីមុនមកពីរបៀបដែលភ្លើងឆេះព្រៃបានវិវត្តក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះដោយភ្លើងបានលេបត្របាក់ព្រៃទំហំប្រហែលបីលានហិកតាជារៀងរាល់ឆ្នាំ ដែលជាទំហំប៉ុនប្រទេសបែលហ្ស៊ិក ធៀបនឹងឆ្នាំ២០១១។
ការសិក្សាបានបង្ហាញថាការបាត់បង់គម្របដើមឈើភាគច្រើនគឺកើតឡើងនៅក្នុងព្រៃដែលគ្របដណ្តប់ភាគច្រើននៃប្រទេសរុស្ស៊ី កាណាដា និងអាឡាស្កា ជាកន្លែងស្តុកទុកកាបូនធំបំផុតនៅលើផែនដី។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យម៉ារីលែន (Maryland) បានប្រើប្រាស់រូបភាពផ្កាយរណបដើម្បីគូរផែនទីតំបន់គម្របដើមឈើដែលបានបាត់បង់រួមទាំងព្រៃដែលឆេះដោយសារអ្វីដែលគេស្គាល់ថា ភ្លើងព្រៃដែលជំនួសដោយព្រៃថ្មី។
ទាំងនេះគឺជាភ្លើងដែលសម្លាប់គម្របព្រៃឈើទាំងអស់ឬភាគច្រើន ហើយដែលបណ្តាលឱ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធព្រៃឈើនិងគីមីនៃដីរយៈពេលវែង។
ទិន្នន័យបានបង្ហាញថា ឆ្នាំ ២០២១ គឺជាឆ្នាំមួយក្នុងចំណោមឆ្នាំដ៏អាក្រក់បំផុតសម្រាប់ភ្លើងឆេះព្រៃចាប់តាំងពីការចាប់ផ្តើមចូលសតវត្សរ៍ថ្មី ដោយបណ្តាលឱ្យបាត់បង់គម្របដើមឈើ ៩,៣លានហិកតានៅទូទាំងពិភពលោក។
នោះគឺច្រើនជាងមួយភាគបីនៃព្រៃឈើទាំងអស់ដែលបានបាត់បង់កាលពីឆ្នាំមុននេះបើយោងតាមទិន្នន័យដែលចងក្រងដោយក្រុមស្រាវជ្រាវរបស់អង្គការឃ្លាំងមើលព្រៃសកលនិងវិទ្យាស្ថានធនធានពិភពលោក។
លោក ជេមស៍ ម៉ាកកាធី (James McCarthy) អ្នកវិភាគស្រាវជ្រាវនៅអង្គការឃ្លាំមើលព្រៃសកល បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា”ភ្លើងឆេះព្រៃគឺកាន់តែអាក្រក់ទៅៗនៅទូទាំងពិភពលោក”។
សេវាត្រួតពិនិត្យផ្កាយរណបរបស់សហភាពអឺរ៉ុបបាននិយាយកាលពីសប្តាហ៍មុនថា អឺរ៉ុបខាងលិចបានជួបប្រទះសកម្មភាពភ្លើងឆេះបំបែកឯតទគ្គកម្មរហូតមកទល់ពេលនេះក្នុងឆ្នាំ ២០២២ដោយព្រៃឈើរាប់ម៉ឺនហិកតាត្រូវបានបាត់បង់នៅក្នុងប្រទេសបារាំង អេស្ប៉ាញ និងព័រទុយហ្គាល់៕
ឆ្នាំ ២០២១ គឺជាឆ្នាំមួយក្នុងចំណោមឆ្នាំដ៏អាក្រក់បំផុតសម្រាប់ភ្លើងឆេះព្រៃចាប់តាំងពីការចាប់ផ្តើមចូលសតវត្សរ៍ថ្មី