Views: 8
ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ក្នុងកិច្ចពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាល មីសែល( Charles Michel)កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីចិន លោកស៊ី ជីនភីងបានអំពាវនាវអោយមានការខិតខំធ្វើអោយសង្គ្រាមនៅអ៊ុយក្រែនស្ងប់ចុះ ដែលវាជាសញ្ញាមួយបង្ហាញថារដ្ឋាភិបាលទីក្រុងប៉េកាំងអាចព្យាយាមជួយដោះស្រាយការបែកបាក់ដ៏ធំរបស់ខ្លួនមួយជាមួយអឺរ៉ុប។
ក្រោយជំនួបកាលពីថ្ងៃព្រហស្បតិ៍នៅក្រុងប៉េកាំង លោកស៊ីបាននិយាយថា« ដោះស្រាយវិបត្តិអ៊ុយក្រែនតាមមធ្យោបាយនយោបាយជាផលប្រយោជន៍ល្អបំផុតរបស់អឺរ៉ុបនិងជាផលប្រយោជន៍រួមនៃប្រទេសទាំងអស់នៅតំបន់អឺរ៉ូស៊ី(អឺរ៉ុប+អាស៊ី)។ចាំបាច់ត្រូវបញ្ចៀសការធ្វើអោយស្ថានការណ៍កាន់តែដុនដាបទៅនិងពង្រីកវិបត្តិ»ហើយក្នុងពេលជាមួយគ្នា ជំរុញកិច្ចពិភាក្សារកសន្តិភាព។
សេចក្តីថ្លែងការណ៍មួយរបស់អ្នកនាំពាក្យរបស់លោកបាននិយាយថា លោកមីសែលបានប្រាប់លោកស៊ីថា សហភាពអឺរ៉ុបពឹងលើចិនអោយ«ចូលរួមចំណែកបញ្ចប់ការបំផ្លិចបំផ្លាញដ៏ព្រៃផ្សៃនិងការវាយកាន់កាប់របស់រុស្ស៊ី»នៅអ៊ុយក្រែន។មេដឹកនាំទាំងពីរ«សង្កត់ធ្ងន់ថាការគំរាមប្រើនុយក្លេអ៊ែរជាការមិនទទួលខុសត្រូវនិងគ្រោះថ្នាក់ខ្ពស់ណាស់»។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប ជួបប្រធានាធិបតីចិន នៅក្រុងប៉េកាំងកាលពីថ្ងៃ០១ធ្នូ
សូមបញ្ជាក់ថា ចិនមិនរិះគន់រុស្ស៊ីចំពោះសង្គ្រាមនៅអ៊ុយក្រែនទេ ដោយបន្ទោសការពង្រីករបស់អង្គការណាតូថាជាហេតុផលនាំអោយរដ្ឋាភិបាលទីក្រុងមូស្គូបើកប្រតិបត្តិការសឹកចូលអ៊ុយក្រែនជាការការពារខ្លួនទុកមុននិងការពារក្រុមជននិយាយភាសារុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនក្បែរៗព្រំដែនខ្លួន។
ប្រធានាធិបតីរុស្ស៊ីបានបង្កការព្រួយបារម្ភអំពីការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពីលោកបានព្រមានថារុស្ស៊ីនឹងប្រើគ្រប់មធ្យោបាយដែលមានដើម្បីការពារទឹកដីអ៊ុយក្រែនដែលលោកបានប្រកាសដាក់ជាឧបសម្ពន្ធរុស្ស៊ី ទោះជាយ៉ាងណាពួកអ្នកការទូតរបស់លោកក្រោយមកបានបញ្ជាក់ថា រុស្ស៊ីប្រើនុយក្លេអ៊ែរតែក្នុងករណីអត្ថិរភាពរបស់ខ្លួនជួបហានិភ័យតែប៉ុណ្ណោះ។
ជំនួបរវាងលោកមីសែលនិងលោកស៊ី កើតឡើងចំពេលចិនផ្ទុះជំងឺកូវីដនិងការតវ៉ាប្រឆាំងនឹងការអនុវត្តវិធានការការពារវានៅក្នុងទីក្រុងចិនជាច្រើន។សភាពាណិជ្ជកម្មអឺរ៉ុបបានអំពាវនាវអោយចិនដកចេញ«ការរឹតបន្តឹងមិនចាំបាច់»នៅក្នុងការទប់ស្កាត់កូវីដ។
សេចក្តីថ្លែងការណ៍ចេញពីអ្នកនាំពាក្យរបស់លោកមីសែលបាននិយាយថា លោកមីសែលបានប្រាប់លោកស៊ីអំពី«ការលំបាករបស់ក្រុមហ៊ុននិងអ្នកវិនយោគអឺរ៉ុបចំពោះស្ថានការណ៍កូវីដ១៩នៅចិន»តែសេចក្តីថ្លែងការណ៍មិនបាននិយាយអំពីការតវ៉ាប្រឆាំងវិធានការកូវីដ១៩នៅក្នុងប្រទេសចិនទេ៕