Views: 4
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីប៉េរូត្រូវបានសភាទម្លាក់ចេញពីអំណាចនិងចាប់ខ្លួនពីបទបះបោរកាលពីថ្ងៃពុធទី៧ធ្នូបន្ទាប់ពីគាត់បានព្យាយាមរំលាយស្ថាប័ននីតិប្បញ្ញត្តិនេះនិងគ្រប់គ្រងដោយឯកតោភាគីលើរដ្ឋាភិបាល ដែលបង្កឱ្យមានវិបត្តិរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ។
អនុប្រធានាធិបតី ឌីណា បូលូអាតេ (Dina Boluarte) បានជំនួសតំណែងលោក ប៉េត្រូ កាស្ទីលឡូ (Pedro Castillo)ហើយបានក្លាយជាមេដឹកនាំស្រីដំបូងគេក្នុងប្រវត្តិសាស្ត្រនៃសាធារណរដ្ឋមួយនេះ បន្ទាប់ពីមានជម្លោះជាច្រើនម៉ោងរវាងសភានិងប្រធានាធិបតីដែលចាកចេញពីតំណែង ដែលបានព្យាយាមរារាំងការបោះឆ្នោតចោទប្រកាន់។
លោកស្រីបូលូអាតេ ជាមេធាវីអាយុ ៦០ ឆ្នាំ បានអំពាវនាវឱ្យផ្អាកជម្លោះនយោបាយនិងបង្កើតរដ្ឋាភិបាលឯកភាពជាតិ។
លោកស្រីបាននិយាយថា “អ្វីដែលខ្ញុំសុំគឺការដកឃ្លានិងពេលវេលាដើម្បីសង្គ្រោះប្រទេស”។
សមាជិកសភាបានបោះឆ្នោត ១០១-៦ ជាមួយនឹង ១០ អនុប្បវាទដើម្បីដកលោកកាស្ទីលឡូចេញពីតំណែងសម្រាប់ហេតុផល “អសមត្ថភាពស្មារតីអចិន្ត្រៃយ៍”។
លោកបានចាកចេញពីវិមានប្រធានាធិបតីតាមរថយន្ត ដែលដឹកគាត់ឆ្លងកាត់សង្កាត់ប្រវត្តិសាស្ត្ររបស់ទីក្រុងលីម៉ា។ លោកបានចូលប៉ុស្តិ៍ប៉ូលិស ហើយប៉ុន្មានម៉ោងក្រោយមក រដ្ឋអាជ្ញាសហព័ន្ធបានប្រកាសថា លោកកាស្ទីលឡូត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់ពីបទបះបោរសម្រាប់ការរំលោភលើសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ។ សាក្សីបានឃើញការប៉ះទង្គិចគ្នាទ្រង់ទ្រាយតូចរវាងប៉ូលិសនិងបាតុករខ្លះ ដែលបានប្រមូលផ្តុំគ្នានៅជិតប៉ុស្តិ៍ប៉ូលិស។
រដ្ឋអាជ្ញាសហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងថ្កោលទោសចំពោះការរំលោភលើសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញនយោបាយរបស់ប្រទេសប៉េរូកំណត់ការបែងចែកអំណាចនិងកំណត់ថាប្រទេសប៉េរូជាសាធារណរដ្ឋប្រជាធិបតេយ្យនិងអធិបតេយ្យភាព…គ្មានអាជ្ញាធរណាអាចដាក់ខ្លួនឯងនៅពីលើរដ្ឋធម្មនុញ្ញបានទេ ហើយត្រូវតែអនុវត្តតាមអាណត្តិរដ្ឋធម្មនុញ្ញ”៕
លោកស្រី ឌីណា បូលូអាតេ ចូលជំនួសតំណែងរបស់លោក ប៉េត្រូ កាស្ទីលឡូ កាលពីថ្ងៃពុធ
លោក ប៉េត្រូ កាស្ទីលឡូ (ឆ្វេងទីពីរ)ត្រូវបានឃាត់ខ្លួននិងបណ្តេញចេញពីតំណែង
អ្នកគាំទ្ររបស់លោក ប៉េត្រូ កាស្ទីលឡូ ប៉ះជាមួយប៉ូលីស