Views: 2
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ បុគ្គលិកនិយោជិតកាសែតNew York Timesជាង១.០០០នាក់កាលពីថ្ងៃព្រហស្បតិ៍បានធ្វើកូដកម្មការងារជាលើកដំបូងនៅក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ។
ពួកអ្នកកាសែតនិងបុគ្គលិកនៅកាសែតបោះពុម្ពផ្សាយរបស់អាម៉េរិកនេះបានដើរចេញពីការងារនៅពាក់កណ្តាលយប់សំរាប់កូដកម្ម២៤ម៉ោងមួយក្រោយមិនបានសំរេចកិច្ចព្រមព្រៀងណាមួយជាមួយក្រុមអ្នកចាត់ចែងការស្តីពីការចរចាជុំថ្មីលើកិច្ចសន្យាការងារ។
ដឹ ញូវស៍ហ្គីល អហ្វ ញូវយ៉ក(The NewsGuild of New York)សហជីពតំណាងអោយកូដករ បាននិយាយថាចំណុចសំខាន់នៃការផ្ទុះកូដកម្មនេះមកពីក្រុមអ្នកចាត់ចែងការបដិសេធការទាមទារដំឡើងប្រាក់ខែអោយសមស្របនឹងអតិផរណានៅអាម៉េរិកនាពេលបច្ចុប្បន្ន។
បុគ្គលិកនិងនិយោជិតកាសែតជាង១.១០០នាក់នៅកាសែតNew York Timesបានធ្វើកូដកម្មទាមទារការធ្វើកិច្ចសន្យាការងារថ្មីជាមួយនឹងប្រាក់ខែកើនឡើងកាលពីថ្ងៃព្រហស្បតិ៍ចំពេលអតិផរណាកើនឡើងខ្លាំង ដែលកាន់តែដាក់សម្ពាធលើចំណាយ
អ្នកនាំពាក្យកាសែតNew York Times បានប្រាប់សារព័ត៌មានអាម៉េរិកថា ការចរចាមិនបានបញ្ចប់ទេហើយ«វាជាការខកចិត្តដែលពួកគេចាត់វិធានការជ្រុលដូច្នេះនៅពេលពួកយើងមិនទាន់ឈានដល់ចំណុចទាល់ច្រកនៅឡើយ។ និយោជិកកម្មករដែលមិនជាសមាជិកសហជីពនឹងបន្តការងារបោះពុម្ពកាសែតជាធម្មតា»។
សរុប មានមនុស្សជាង១.៨០០នាក់ធ្វើការក្នុងកាសែតNew York Times។
សូមបញ្ជាក់ថា កិច្ចសន្យារវាងកាសែតនិងសហជីពបានផុតកាលកំណត់កាលពីឆ្នាំ២០២១ ហើយកាសែតសុំដំឡើងប្រាក់ខែ៥,៥ភាគរយនៅពេលសហជីពសុំដំឡើង១០ភាគរយ៕