Views: 1
ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្នុងឋានៈជាប្រធានអាស៊ាន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាចំនួន២ ដើម្បីជំរុញការអភិរក្ស និងអភិវឌ្ឍន៍កីឡាប្រពៃណី ក្នុងតំបន់អាស៊ាន ហើយប្រែក្លាយកីឡាប្រពៃណី ទៅជាកីឡាទំនើប ដើម្បីបញ្ចូលក្នុង ព្រឹត្តិការណ៍ អន្ដរជាតិនានា ទាំងការប្រកួតកីឡាស៊ីហ្គេម កីឡាអាស៊ី និងកីឡាអូឡាំពិក ជាដើម។
សិក្ខាសាលានេះ បានប្រារព្ធពិធីបើកនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួម ពីតំណាងក្រសួង ស្ថាប័ន នៃបណ្ដាប្រទេស សមាជិកអាស៊ាន ពិសេសក៏មានការចូលរួមមតិ ពីសំណាក់តំណាងអង្គការសហប្រជាជាតិ (UNESCO)។
លោក អ៊ុក ឌីវ៉ង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា បានបញ្ជាក់ថាៈ សិក្ខាសាលានេះ បែងចែកជាពីរផ្នែក ទី១ សិក្ខាសាលា ស្ដីពីការអភិរក្ស និងអភិវឌ្ឍន៍ កីឡាប្រពៃណី ក្នុងតំបន់អាស៊ាន ធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី៨ និង ៩ ខែសីហា និងទី២ សិក្ខាសាលា ស្ដីពីការអភិវឌ្ឍ តំបន់ហាត់ប្រាណ និងលេងកីឡា នៅតំបន់អាស៊ាន ធ្វើឡើងរយៈពេល ២ថ្ងៃដូចគ្នា នាថ្ងៃទី១០ និង ១១ ខែសីហា នៅសណ្ឋាគារសុខា។
គោលបំណងធំ នៃសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់ អត្ដសញ្ញាណអាស៊ាន តាមរយៈកីឡាប្រពៃណីទាំងអស់គ្នា ដែលប្រទេសទាំងអស់ ក៏ដូចជា អាស៊ាន គឺមានកីឡាប្រពៃណី រៀងៗខ្លួន គ្រាន់តែមានតិច ឬច្រើន។ អ៊ីចឹង យើងទាំងអស់គ្នា រួមគ្នា ដើម្បីអភិរក្សអ្វីដែលយើងមានពីមុនមក ហើយអភិរក្សវា ឲ្យក្លាយជាកីឡាទំនើប ដើម្បីចូលរួមព្រឹត្តិការណ៍នានា ដូចជាស៊ីហ្គេម ឬអាស៊ី ឬអូឡាំពិកជាដើម។ ក្នុងនោះដែរ កម្ពុជាយើង ឆ្នាំ២០២៣ ដែលយើងធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ក៏យើងមានគោល បំណងចង់បាន គឺការបញ្ចូលកីឡាប្រពៃណីរបស់យើង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ទទួលបានការគាំទ្រ ពីប្រទេសអាស៊ាន ផងដែរ ដូចជាកីឡាគុនខ្មែរ ល្បុក្កតោ ចំបាប់ និងទូកប្រពៃណី ជាដើម។
ស្របពេលក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងរៀបចំ សេចក្ដីប្រកាសចំនួន ២ (ដំណើរការបានជាង ៨០%) ដើម្បីត្រៀមដាក់ឱ្យអនុម័ត ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ តាមរយៈសិក្ខាសាលានេះ កម្ពុជា ក៏រំពឹងថា នឹងទទួលបាន ធាតុចូលសំខាន់ៗបន្ថែម ពីបណ្ដាប្រទេសសមាជិក ដើម្បីធ្វើការកែសម្រួល មុនដាក់ សេចក្ដីប្រកាសនេះ ឆ្លងនិងអនុម័ត ដោយថ្នាក់ដឹកនាំប្រទេសអាស៊ាន នាចុងឆ្នាំនេះ ក៏ដូចជា យកអ្វីដែលមានក្នុងខ្លឹមសារ នៃសេចក្ដីប្រកាស ទៅអនុវត្តក្នុងប្រទេសអាស៊ាន ផងដែរ៕/V