Views: 1
ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ភាន់
កិរិយាសព្ទ
( បា. ភន្ត “ភ្ញាក់, ភ្ញាក់ផ្អើល; ច្រឡំ, ស្រឡាំងកាំង, មិងមាំង” ) ជ្រួស, ច្រឡំ, ទាស់ខុសផ្លូវ ខុសទំនង ( ភ័ន្ត មិនសូវប្រើ ច្រើនប្រើតែ ភាន់ មកយូរហើយ )
ភាន់គំនិត, ភាន់ស្មារតី, ភាន់ដំណើរ, ភាន់ផ្លូវ ។
ភាន់ច្រឡំ ច្រឡំដោយភាន់ ។ ភាន់ប្រែ កើតចលាចលភ្ញាក់ផ្អើលដោយធ្វើសង្គ្រាមនឹងគ្នាឯង ដរាបដល់ប្រែកិច្ចរាជការផែនដី, ប្រែផែនដី ឬខូចទឹកដីព្រោះភាន់គំនិត
ស្រុកកើតភាន់ប្រែ ។ ភាន់ភាំង ភាំង, ស្រឡាំងកាំងព្រោះភាន់ ( ម. ព. ភប់ ផង ) ។
ភូមិ
(ភូម)
នាមសព្ទ
( សំ. បា. ភូមិ ) ផែនដី, ទីដី; តំបន់; ផ្ទៃ; ទី; ជាន់; ថា្នក់ ។ ខ្មែរច្រើនប្រើសំដៅទីដែលមានប្រជុំផ្ទះលំនៅក្នុងតំបន់នីមួយៗ
ភូមិតូច, ភូមិធំ។
ភូមិឋាន ទីភូមិ ។ ភូមិលំនៅ ផ្ទះលំនៅក្នុងភូមិ ។ ភូមិភាគ ( ភូ-មិភាក ) ប៉ែកផែនដី, ប៉ែកទីតំបន់ ។ ភូមិប្រទេស ( ភូមិ– ) ប្រទេសផែនដីនីមួយៗ ។ ល ។ ប្រើជាបទសមាសរៀងពីខាងចុងនាមសព្ទឯទៀតក៏មាន; ដូចជា : គេហភូមិ ( គេហៈភូម ) ថ្នាក់ផ្ទះ ។ ឋានន្ដរភូមិ ( ឋាន៉ន់-តៈរ៉ៈភូម ) ថ្នាក់ងារការ, ថ្នាក់យសស័ក្តិ។ បច្ចេកភូមិ ( បុ័ច-ចេកៈភូម ) ទីជាព្រះបច្ចេកពុទ្ធ ។ ពុទ្ធភូមិ ( ពុត-ធៈភូម ) ទីជាព្រះពុទ្ធ។ អរិយភូមិ ( អៈរ៉ិ-យៈភូម ) ថា្នក់របស់អរិយបុគ្គល, ថ្នាក់អរិយធម៌ ។ ល ។
ភ្ញៀវ
នាមសព្ទ
អ្នកទីទៃក្រៅពីគ្នាឯងក្នុងផ្ទះឬក្នុងបន្ទុកជាមួយដែលគេមករក, មកសួរនាំ, មកលេងឬអ្នកដែលម្ចាស់ផ្ទះឬម្ចាស់បន្ទុកជាមួយ, ម្ចាស់ការ, ម្ចាស់ពិធីអញ្ជើញ, ហៅរកឲ្យគេមក
ហៅភ្ញៀវ, អញ្ជើញភ្ញៀវ, ជប់លៀងភ្ញៀវ ។
ភ្ញៀវកំដរ ភ្ញៀវដែលមកកំដរក្នុងពេលមានធុរៈ ។ ភ្ញៀវជាន់ក ភ្ញៀវដែលឥតហៅរកសោះ ស្រាប់តែមកឯងៗច្រើនហួសពេកស៊ីចុកស្ញែស្ញុកស្ទើរទប់ទល់មិនឈ្នះ។ ភ្ញៀវពន្លឺ ភ្ញៀវដែលមកជួយបំភ្លឺហេតុការណ៍អ្វីមួយឬតាមធម្មតាគឺភ្ញៀវទាំងពួង ។
ភ្នំពេញ
នាមសព្ទ
ឈ្មោះក្រុងជារាជធានីនៃកម្ពុជរដ្ឋ ស្ថិតនៅជាប់តពីត្រើយខាងឯលិចនៃទន្លេចតុម្មុខ; ហៅតាមឈ្មោះភ្នំដីមួយតូចដែលមាននៅជាគោលក្នុងនោះ ។ តាមព្រះរាជពង្សាវតារប្រទេសកម្ពុជាថា កាលគ.ស. ១៤៣៤ ព្រះបាទពញាយ៉ាត ទ្រង់ចេញចាកចោលព្រះរាជវាំងបាសាណនៅខេត្តស្រីសន្ធរ មកតាំងព្រះរាជវាំងនៅទិសអាគ្នេយ៍នៃ ភ្នំដូនពេញ នាត្រើយ ខាងលិចទន្លេច្រាបឈាម, កាលនោះទ្រង់បានសន្មតតាំង គោរមនាមព្រះនគរជាដំបូងថា ” ក្រុងចតុម្មុខមង្គលសកលកម្ពុជាធិបតីសិរីសោធរ បវរឥន្ទបត្តបុរីរដ្ឋរាជសីមាមហានគរ “; ឯឈ្មោះទន្លេច្រាបឈាម ទ្រង់បានបញ្ញត្តឲ្យហៅថា ” ទន្លេចតុម្មុខ ” វិញ ។ លុះមកដល់ គ.ស. ១៤៣៧ នៅពេលដែលធ្វើពិធីសម្ពោធក្រុងនេះ ព្រមទាំងធ្វើព្រះរាជពិធីរាជាភិសេក ថ្វាយព្រះនាមទ្រង់ជាថ្មីផងនោះ ព្រះអង្គក៏បានឲ្យសន្មតនាមក្រុងជាថ្មីម្ដងទៀត ដោយថែមពាក្យ ” ភ្នំដូនពេញ ” មកទៀត តែឲ្យខ្លីជាងមុនថា
” ក្រុងចតុម្មុខមហានគរ ភ្នំដូនពេញ ” ដូច្នេះវិញ ដើម្បីកុំឲ្យបាត់ឈ្មោះនិងកេរ្ដិ៍ដំណែលរបស់ ដូនពេញ; តមក គេហៅ កាត់ខ្លីត្រឹមតែ ” ភ្នំពេញ ” ដរាបមកដល់សព្វថ្ងៃ ( ម. ព. ចតុម្មុខ និង ដូនពេញ ផង ) ។
ភ្លុក
នាមសព្ទ
អវយវៈជាឆ្អឹងដុះចេញពីក្នុងមាត់ ដំរីឈ្មោលមានសណ្ឋានមូលធំចុងស្រួច កាលណាលូតវែងមានទ្រង់ទ្រាយងទន្ទាំ, តាមធម្មតា តែងតែដុះចេញមកមួយគូ, ប៉ុន្តែចួនណាដុះទោលតែមួយក៏មានខ្លះ ហៅថា ភ្លុកទក ។ ដំរីឈ្មោលដែលដុះភ្លុកពីកំណើត គេមិនហៅ ឈ្មោល ទេ គេហៅ ភ្លុក ( ព. ផ្ទ. ស្តរ )
ហ្មដំរីខ្លះទាក់បានភ្លុក ខ្លះទាក់បានស្ដរ ( បើញីគេហៅ មេ គេមិនហៅ ញី ទេ ) ។ ម. ព. ចែ ន. ផង ។
ដឹងភ្លុក ឈ្មោះដឹងមួយប្រភេទមានស្លាប-ងសណ្ឋានភ្លុក ( ម. ព. ដឹង ន. ផង ) ។ ម្រះភ្លុក ឈ្មោះម្រះមួយប្រភេទផ្លែវែងៗ សណ្ឋានភ្លុក ។ ល ។
នាមសព្ទ
( ម. ព. ព្លុក ) ។