Views: 1
ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ឧម្មត្តក
(អ៊ុម-ម៉័ត-ដក់)
នាមសព្ទ
( បា. ឧម្មត្ត ឬ ឧម្មត្តក; សំ. ឧន្មត្ត ឬ ឧន្មត្តក ) ឆ្កួត : មនុស្សឧម្មត្តកៈ ( ព. គ. ថា មនុស្សវិកលចរិត ឬ មនុស្សខូចចរិត ) ។ ព. កា. ប្រើជា ឧម្មត្តកោ ក៏បាន; ស្ត្រីឧម្មត្តិកា ។ ឧម្មត្តកភាព ភាវៈឬភាពជាឧម្មត្តកៈ, ភាពវិកលចរិត : គ្នាប្រព្រឹត្តល្មើសដោយឧម្មត្តកភាពទេ កុំចាប់ទោសកំហុសគ្នា ។ ឧម្មត្តក –សព្ទនេះ គេអាចប្រើរៀងពីខាងចុងសព្ទដទៃជាបទសន្ធិផ្សំជាសមាសនាមក៏បាន តាមគួរដល់ការប្រកបប្រើ, ដូចជា កាមុម្មត្តកៈ ឆ្កួតកាម; ចិត្តុម្មត្តកៈ ឆ្កួតចិត្ត; ទិដ្ឋុម្មត្តកៈ ឆ្កួតទិដ្ឋិ; បិត្តុម្មត្តកៈ ឆ្កួតប្រមាត់; យក្ខុម្មត្តកៈ ឬ បិសាចុម្មត្តកៈ ឆ្កួតព្រោះខ្មោចចូល; សុរុម្មត្តកៈ ឆ្កួតស្រា; អក្ខធុត្តុម្មត្តកៈ ឆ្កួតល្បែងស៊ីសង; អបាយមុខុម្មត្តកៈ ឆ្កួតអបាយមុខ; ឥត្ថុម្មត្តកៈ ឆ្កួតស្រី ។ល។
ហែហួច
នាមសព្ទ
ឈ្មោះល្បែងក្មេងមួយប្រភេទលេងដោយយកផ្លែឈើ ឬយកអ្វីៗមានសណ្ឋានមូលមកចងនឹងខ្សែតូចវែងប្រមាណមួយលូកឬខ្លីជាងនេះ ចាប់ចុងខ្សែគ្រវីលែងចោលពេញកម្លាំងដៃម្ខាងឲ្យលឿនឡើងទៅឯអាកាសខាងលើ ស្រែកថា ហែហួច ខ្ពស់គ្រលួចជាងគេ !, បើរបស់អ្នកណាឡើងខ្ពស់ជាងគេ ទុកថាជាឈ្នះ(ជាល្បែងហាត់ចោលឲ្យឡើងខ្ពស់)
ពួកក្មេងលេងហែហួច ។
ហោក
គុណសព្ទ
ដែលសឹកធំហួសពីកំណត់ដើម
ដុំរទេះហោក ។ ហោក-ក រលុងបំពង់កព្រោះខំប្រឹងស្រែកខ្លាំងហួសប្រមាណ។ ស្ដីថាហោកមាត់ហោក-ក ( ព. ប្រ ) ស្ដីប្រដៅរឿយៗពេកឥតអាក់ខាន ។
ឡឺត
គុណសព្ទ
( ស. លើត អ. ថ. ល៉ឺត “លើសលែង; ខ្ពស់, ខ្ពង់ខ្ពស់; យ៉ាងល្អ; ប្រសើរ” ) ដែលតម្លើងឫកឬលេងឫកហួសភាពខ្លួន, ដែលសម្ដែងឫកពាឬអាការកិរិយាខ្ពស់ហួសប្រមាណខ្លួន
ឫកឡឺត, មនុស្សឡឺត ( ព. សា. )។ ព. កា. ពន្យល់កុំឲ្យធ្វើឬកឡឺតថា : កុំធ្វើឫកឡឺត ក្រឱងក្រអឺត ឱ្យគេមើលងាយ ទោះជនធំតូច ទោះជនសម្ចាយ អ្នកផងទាំងឡាយ គេស្អប់ឫកឡឺត ។
អនេក
(អៈន៉ែក)
គុណសព្ទ
( សំ. បា. < អន៑ “មិន, ពុំ, ឥត” + ឯក “មួយ” ) មិនមែនតែមួយ គឺច្រើនដែលរាប់ពុំបាន, ប្រមាណពុំអស់
ច្រើនអនេក ច្រើនក្រៃ ។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ច្រើនតែ អ. ថ. អៈន៉េកៈ ឬ អៈន៉ែកៈ, ដូចជា អនេកជាតិ ជាតិច្រើនរាប់ពុំអស់ ។ អនេកន័យ ន័យដ៏ច្រើន; ដែលមានន័យច្រើន ។ អនេកបរិយាយ បរិយាយច្រើន; ដែលមានបរិយាយច្រើន ។ អនេកប្បការ ឬ —ប្រការ ប្រការច្រើន; ដែលមានប្រការច្រើន ។ អនេកប្បភេទ ឬ —ប្រភេទ ប្រភេទច្រើន; ដែលមានប្រភេទច្រើន ។ អនេកប្បមាណ ឬ —ប្រមាណ ចំនួនច្រើន; ដែលមានចំនួនច្រើន ។ អនេកពាន់ជាតិ ( អៈន៉ែកៈ— ) ជាតិច្រើនពាន់ ឬ ច្រើនពាន់ជាតិ, អនេកជាតិ : អនេកពាន់ជាតិទៅមុខ សូមកុំឲ្យខ្ញុំប្រទះសេចក្ដីទុក្ខយ៉ាងនេះទៀត ! ។ អនេកពិធ ឬ —វិធ ច្រើនយ៉ាង, ច្រើនបែប ។ អនេកអន័គ្ឃ ( អៈន៉ែក-អៈន៉ាក់ ) ដែលច្រើនណាស់កាត់ថ្លៃពុំបាន ។ អនេកអនន្ត ( អៈន៉ែក-អៈន៉ន់ ) ច្រើនក្រៃលែងមិនមានទីបំផុត ។ ល ។