Views: 8
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មហាសេដ្ឋីសប្បុរសធម៌ លោកស្រី ម៉ាកកេនហ្ស៊ី ស្កុត (MacKenzie Scott) បានដាក់ពាក្យសុំលែងលះពីស្វាមីទីពីរ ដែលជាគ្រូបង្រៀនវិទ្យាសាស្ត្រលោក ដាន់ ជេវេត (Dan Jewett) ក្នុងចំណាត់ការដ៏គួរឱ្យងឿងឆ្ងល់និងមិនអាចពន្យល់បាន។
លោកស្រីស្កុត ដែលថ្មីៗនេះបានលុបចោលរាល់ការលើកឡើងទាំងអស់អំពីស្វាមីរបស់ខ្លួនចេញពីវេបសាយនានាដែលបង្ហាញពីគំនិតផ្តួចផ្តើមសប្បុរសធម៌របស់លោកស្រីបានដាក់ពាក្យសុំលែងលះនៅរដ្ឋវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ នេះបើយោងតាមកាសែត New York Times។
យោងតាមពាក្យបណ្តឹង ការបែងចែកទ្រព្យសម្បត្តិនឹងត្រូវបាន “ដាក់ចេញក្នុងកិច្ចសន្យាដាច់ដោយឡែក” ដែលលោកស្រីស្កុតនិងលោកជេវេត បានយល់ព្រម។ កិច្ចសន្យានេះមិនមានលក្ខណៈសាធារណៈទេ។ ឯកសាររបស់តុលាការបង្ហាញថា លោកជេវេតមិនបានជំទាស់នឹងការលែងលះនោះទេ។
កំណែដែលបានរក្សាទុកនៅលើវេបសាយបានបង្ហាញថា លោកស្រីស្កុត ដែលមានទ្រព្យសម្បត្តិប្រមាណ ២៨ ពាន់លានដុល្លារបន្ទាប់ពីការលែងលះរបស់លោកស្រីពីស្ថាបនិកក្រុមហ៊ុន Amazon លោក ជេហ្វ បេហ្សូស បានដកឈ្មោះនិងរូបភាពរបស់ស្វាមី ដាន់ ជេវេត ចេញពីប្រវត្តិរូបរបស់វេបសាយ Giving Pledge របស់លោកស្រីនៅសប្តាហ៍មុន។
នៅខែមីនាឆ្នាំ ២០២១ លោកស្រីស្កុតបានប្រើវេបសាយ Giving Pledge ដូចគ្នាដើម្បីប្រកាសអាពាហ៍ពិពាហ៍របស់លោកស្រីជាមួយលោកជេវេតដែលជាគ្រូបង្រៀនគីមីវិទ្យានៅវិទ្យាល័យមួយក្នុងរដ្ឋវ៉ាស៊ីនតោន ដោយបន្ថែមឈ្មោះរបស់គាត់ទៅក្នុងពាក្យសច្ចាថានឹងបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេភាគច្រើនដល់អង្គការសប្បុរសធម៌។
កាសែត New York Times បានកត់សម្គាល់ថា ឈ្មោះរបស់លោកជេវេតថ្មីៗនេះក៏ត្រូវបានកែសម្រួលចេញពីសារបង្ហោះលើវេបសាយ Mediumដែលលោកស្រីស្កុតបានសរសេរកាលពីឆ្នាំមុនអំពីការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការបរិច្ចាគផងដែរ។
មេធាវីតំណាងឱ្យលោកស្រីស្កុតនៅក្នុងការលែងលះឆ្នាំ ២០១៩ របស់លោកស្រីពីលោកបេហ្សូស បានបដិសេធមិនឆ្លើយសំណួរពីកាសែត Timesហើយមិនបានឆ្លើយតបភ្លាមៗចំពោះការសាកសួរពីវេបសាយ DailyMail.com កាលពីរសៀលថ្ងៃពុធនោះទេ៕
លោកស្រីស្កុត អតីតប្រពន្ធរបស់លោកបេហ្សូស(ស្តាំ) ដាក់ពាក្យសុំលែងលះពីលោកជេវេត(រូបឆ្វេង)