រុស្ស៊ី ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ការរំដោះតំបន់ Donbas ស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រេនគឺជារឿងអាទិភាពដោយគ្មានលក្ខខណ្ឌ ចំណែកទឹកដីអ៊ុយក្រែនផ្សេងទៀតគួរតែសម្រេចជោគវាសនារបស់ពួកគេដោយខ្លួនឯង។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទូរទស្សន៍បារាំង TF1 លោកបានលើកឡើងថា តំបន់ Donetsk និង Luhansk ត្រូវបានទទួលស្គាល់ដោយសហព័ន្ធរុស្ស៊ីថាជារដ្ឋឯករាជ្យ។
មួយផ្នែកនៃតំបន់ Donbas ត្រូវបានគ្រប់គ្រងឡើងដោយក្រុមផ្តាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ី។
ការថ្លែងរបស់លោក Sergey Lavrov ទាក់ទងនឹងតំបន់ Donbas កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពេលលោកបានចោទប្រកាន់ប្រទេសលោកខាងលិចថា កំពុងធ្វើសង្គ្រាមលើរុស្សី និងលើប្រជាជន និងវប្បធម៌រុស្ស៊ី។
បើយោងតាមរបាយការណ៍ក្នុងអំឡុងកិច្ចប្រជុំមួយ ប្រមុខការទូតរុស្ស៊ីរូបនេះនិយាយថា «ប្រទេសលោកខាងលិចបានប្រកាសសង្គ្រាមលើរុស្ស៊ីទាំងមូល។ វប្បធម៌នៃការលុបចោលរុស្ស៊ី និងអ្វីៗទាំងអស់ដែលពាក់ព័ន្ធជាមួយនឹងប្រទេសរបស់យើងបានដល់ចំណុចមួយដែលមិនសមហេតុផល»។
លោកក៏បានបន្តចោទប្រកាន់លោកខាងលិចថា ហាមប្រាមដល់អ្នកនិពន្ធ និងបុគ្គលិកវប្បធម៌របស់រុស្ស៊ី។ លោកបញ្ជាក់ទៀតថា ប្រទេសលោកខាងលិចកំពុងប្រើប្រាស់ឧបករណ៍ដ៏ទូលំទូលាយជាមួយនឹងទណ្ឌកម្មឯកតោភាគីដើម្បីធ្វើការឃោសនាមិនពិតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយពិភពលោក៕ (យោងតាមប្រភព៖ Republic World)