Views: 6
ដោយ: ប.ជ័យ / បន្ទាយមានជ័យ: ដោយសារឥទ្ធិពលជ្រលងសម្ពាធទាប និងវិសម្ពាធក្នុងតំបន់បង្កភ្លៀងធ្លាក់ជាបន្តបន្ទាប់ផងដែរ នៅប្រទេសកម្ពុជា និងដោយឡែកនៅភូមិសាស្ត្រខ្លះ នៃស្រុកម៉ាឡៃនិងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ថានភាពជំនន់ទឹកភ្លៀងនៅអូរព្រំដែនកម្ពុជា ថៃ នាស្រុកម៉ាឡៃនិងក្រុងប៉ោយប៉ែតបន្តហក់ឡើង។ មន្ត្រីអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធបានត្រៀមលក្ខណៈជាស្រេចហើយ នឹងជួយជន្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព បើចាំបាច់។
លោក ស្តុក លីម មេឃុំទួលពង្រស្រុកម៉ាឡៃ ប្រាប់កាសែតរស្មីកម្ពុជានាថ្ងៃទី១៧ខែសីហាថា: ស្ថានភាពជំនន់ទឹកភ្លៀងនៅបណ្តោយព្រំដែន (ទល់មុខភូមិសាស្ត្រស្រុកអារញ្ញា ផ្នែកខាងជើង នាភូមិសន្តិភាព(អូរល្ហុង) ភូមិសាស្ត្រឃុំទួលពង្រស្រុកម៉ាឡៃដល់ចំណុចអូរខៃដនភូមិសុខសាន្តសង្កាត់និមិត្តក្រុងប៉ោយប៉ែត ដែលជាតំបន់ទំនាប ជំនន់ទឹកភ្លៀងនៅលិចពីលើផ្លូវថ្នល់ខេត្ត ផ្លូវលំនិងទីធ្លាផ្ទះសម្បែងមួយចំនួនតាំងពីថ្ងៃទី១៦ខែសីហាមក។ ទីតាំងនោះ តែងតែរងគ្រោះ ដោយទឹកជំនន់លិចលង់នៅស្ទើររាល់ឆ្នាំ។ លោកបានបន្តថា: ជាមួយគ្នានោះដែរ ផ្លូវលំចូលតំបន់បឹង៧៥(ទីតាំងដោះស្រាយបញ្ចប់ដីទំនាស់រ៉ាំរ៉ៃរវាងពលរដ្ឋនិងលោកលី អ៊ុតនី)ភូមិអូរអំពិល ក៏ត្រូវជំនន់ទឹកភ្លៀងលិចដោយអន្លើដែរនាពេលនេះ។ រីឯនៅផ្នែកនៃភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ក៏រងការលិចលង់ដោយជំនន់ទឹកភ្លៀងដែរ មកទល់ពេលនេះ។
ទោះជាយ៉ាងណា លោកថា រយ:ពេលពេលលិចលង់ មិនសូវយូរដែរ ប៉ុន្តែចំពោះមុខនិងទៅខាងមុខ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើសំណើពីពលរដ្ឋ ភូមិ ឃុំនៅមូលដ្ឋានដោយឡែកមួយដាក់ជូនតាមសហរីក ខេត្តទៅមន្ទីរនិងក្រសួងធនធានទឹកនិងឧតុនិយមដើម្បីជួយសាងសង់លូ លូប្រអប់និងទ្វារទឹកដើម្បីដោះស្រាយ បញ្ជៀសទឹកជំនន់ចៃដន្យនិងជាយថាហេតុ នៅតំបន់បឹងជង្រុក។
លោកបន្តថា ចំពោះមុខអាជ្ញាធរ កងកម្លាំង មានសមត្ថកិច្ចបានជួយពិនិត្យ គ្រាហ៍ចំលងពលរដ្ឋ, ឆ្លងកាត់ទឹកជន់។
ចំណែកលោក គាត ហ៊ូល អភិបាលក្រុងប៉ោយប៉ែតវិញអោយដឹងថ្ងៃទី១៧ខែសីហាថា: អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចចម្រុះ បានបន្តតាមដាន ត្រួតពិនិត្យស្ថានភាពទឹកតាមបណ្តោយអូរព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រសង្កាត់អូរជ្រៅ ប៉ោយប៉ែត ផ្សារកណ្តាលនិងនិមិត្ត ដែលចំណុចខ្លះជំនន់ទឹកភ្លៀងបាននឹងកំពុងហក់ឡើង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង២ថ្ងៃជាប់ៗគ្នា(ថ្ងៃទី១៥និង១៦ខែសីហា) នៅព្រំដែនកម្ពុជា ថៃ។
កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោកអភិបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរ:សេនាតូច នគរបាល ការពារព្រំដែនគោកលេខ៨៩១ បានដឹកនាំក្រុមការងារ កម្លាំងចម្រុះថ្នាក់ក្រុង ចុះត្រួតពិនិត្យស្ថានភាពទឹកតាមបណ្តោយអូរព្រំដែន កម្ពុជា ថៃនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលកំពុងហក់ឡើងដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងសំខាន់ជាងនេះ គឺដើម្បីត្រៀមលក្ខណៈអន្តរាគមន៍បង្ការ ទប់ស្កាត់គ្រោះភ័យក្នុងគ្រោះមហន្តរាយនិងជម្លៀសពលរដ្ឋរស់នៅតាមចំណុចទំនាបមាត់អូរព្រំដែន ដែលតែងតែរងការលិចលង់រាល់ៗឆ្នាំនោះ មកកាន់ទីទួលសុវត្ថិភាព ដែលបានរៀបចំត្រ់មបម្រុងរួចជាស្រេចហើយនោះ ក្នុងករណីចាំបាច់។
មន្ត្រីអាជ្ញាធរ កងកម្លាំងក៏សូមអំពាវនាវ ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមបណ្តោយមាត់អូរព្រំដែន សូមមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់លើសុវត្ថិភាពពីជំន់ន់ទឹក និងពីសត្វអសិរពិសដែលអាចបង្ករគ្រោះថ្នាក់ជាយថាហេតុផងដែរ៕