Views: 1
ដោយៈសុផល/ភ្នំពេញ៖លោកស្រី Heather A Clark ជនជាតិអាមេរិក បានចំណាយពេលជិត៣ឆ្នាំដើម្បីសរសេរសៀវភៅជីវប្រវត្តិ អេស៊ីលីដា ”Beyond Borders, Beyond Banking”។សៀវភៅនេះ ត្រូវបានចងក្រងពីភាពរីកចម្រើនឥតឈប់ឈររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងដំណាក់កាលដែលវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។
សៀវភៅ Beyond Borders, Beyond Banking ដែលមានន័យជាភាសាខ្មែរថា៖«ហួសពីព្រំដែន ហួសពីវិស័យធនាគារ»បានត្រូវសម្ពោធជាផ្លូវការកាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០២២និងបានបោះពុម្ពផ្សាយចំនួន៣ម៉ឺនក្បាលដោយចំណាយប្រាក់អស់៦០ម៉ឺនដុល្លារអាមេរិក និងមានដាក់លក់នៅលើផ្លេតហ្វម Amazon ដែលជាក្រុមហ៊ុនលក់រាយឈានមុខគេមួយរបស់សហរដ្ឋអាមេរិក។
លោកស្រី Heather A Clark បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងកម្មវិធីសម្ពោធថា៖សៀវភៅនេះត្រូវបានចំណាយពេលប្រហែលពីរឆ្នាំកន្លះ។វាទាមទារការស្រាវជ្រាវច្រើន និងមានប្រធានបទផ្សេងៗគ្នាជាច្រើនដែលត្រូវស្វែងយល់ ក្នុងនោះមានវិស័យហិរញ្ញវត្ថុ វិស័យធុរកិច្ច បទប្បញ្ញត្តិរបស់រដ្ឋាភិបាលនិងការវិភាគលើស្ថានភាពហិរញ្ញវត្ថុនៅក្នុងស្ថាប័នផ្សេងៗគ្នាជាច្រើនក្នុងប្រទេសកម្ពុជា។
លោកស្រីបានថ្លែងថា៖ ទោះជាចំណាយពេលច្រើនក្នុងការស្រាវជ្រាវ និងសរសេរសៀវភៅនេះក៏ដោយ តែលោកស្រីគិតថាវាមានសារសំខាន់ ព្រោះជំនួសឱ្យការមើលតែទិដ្ឋភាពមួយផ្នែកនៃវិស័យនេះ ឥឡូវនេះយើងមានព័ត៌មានពេញលេញ ឬព័ត៌មានរួមអំពីវិស័យនេះ ហើយយើងប្រហែលជានឹងត្រូវការការកែលម្អមួយចំនួនបន្ថែមនាពេលអនាគត។
លោកស្រីថ្លែងទៀតថា៖« ខ្ញុំគិតថា ប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើងខ្លាំង ហើយខ្ញុំគិតថាមានចំណុចជាច្រើនដែលទាក់ទងទៅនឹងប្រភេទស្ថាប័នហិរញ្ញវត្ថុដែលរឹងមាំ និងទទួលបានការទុកចិត្ត។ចំណុចទាំងនោះក៏ទាក់ទងនឹងការមានបទបញ្ញត្តិដ៏រឹងមាំក្នុងប្រទេសកម្ពុជា ដែលល្អជាងប្រទេសផ្សេងៗក្នុងតំបន់។ខ្ញុំគិតថាមិនមានមនុស្សជាច្រើនបានដឹងអំពីចំណុចនេះ និងក៏ជាហេតុផលមួយដែលធ្វើឱ្យខ្ញុំសរសេរសៀវភៅនេះឡើង»។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងកម្មវិធីសម្ពោធថា៖ការរីកចម្រើននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុចាប់ផ្តើមរីកធំឡើងរហូតដល់យើងធ្វើការអភិវឌ្ឍបន្តទៀតបានជាមានការៀបចំបោះពុម្ភសៀវភៅភាគ២ មានចំណងជើង ”Beyond Borders, Beyond Banking” ដែលមានន័យថា ហួសពីព្រំដែនកម្ពុជា ហួសពីវិស័យធនាគារទៅទៀត ព្រោះក្នុងឆ្នាំ២០០៥ គឺជាឆ្នាំមានការរីកចម្រើនខ្លាំងនៅក្នុងវិស័យធនាគារ»។
លោកបណ្ឌិតពន្យល់ថា ហួសពីព្រំដែនកម្ពុជាគឺធនាគារ អេស៊ីលីដាបានពង្រីកខ្លួនទៅប្រទេសក្នុងតំបន់អាស៊ានហើយលើសពីវិស័យធនាគារគឺអេស៊ីលីដាឈានជើងចូល ទៅក្នុងវិស័យមូលបត្រ។ ធនាគារ អេស៊ីលីដា ឡាវ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៨ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ានៅក្នុងឆ្នាំ២០១៣។
លោកថ្លែងទៀតថា៖«នោះហើយគឺជាដំណើរការនៃការអភិវឌ្ឍរបស់ធនាគារ ជាមួយអតិថិជនព្រោះ យើងបានបោះផ្សាយភាគហ៊ុនគឺអតិថិជនជាម្ចាស់នៃភាគហ៊ុន ទើបបានជាយើងរីកចម្រើនជាមួយអតិថិជនរបស់យើង ដូច្នេះ គាត់អាចប្រើសេវាហិរញ្ញវត្ថុហើយគាត់អាចធ្វើជាម្ចាស់ធនាគារតាមរយៈការវិនិយោគទិញភាគហ៊ុនរបស់ធនាគារនៅក្នុងផ្សារមូលបត្រ នោះឯងជាខ្លឹមសារសង្ខេបនៃការអភិវឌ្ឍរបស់ធនាគារត្រូវបានចង់ក្រងនៅក្នុងសៀវភៅភាគ២នេះ»។
លោកបណ្ឌិតបានឱ្យដឹងថា៖សៀវភៅ Beyond Borders, Beyond Banking បានបោះពុម្ពផ្សាយចំនួន៣ម៉ឺនក្បាលដោយចំណាយប្រាក់អស់៦០ម៉ឺនដុល្លារ និងមានដាក់លក់នៅលើផ្លេតហ្វម Amazon ដែលជាក្រុមហ៊ុនលក់រាយឈានមុខគេមួយរបស់សហរដ្ឋអាមេរិក។
លោកបណ្ឌិត អ៊ិន ចាន់នី បានបន្ថែមថា៖ដោយឡែក វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា (AIB)មានផ្តល់សេវាមួយទៀតសម្រាប់ផ្តល់ឱកាសក្នុងចែករំលែកបទពិសោធន៍របស់ធនាគារ អេស៊ីលីដាទៅដល់ប្រទេសលើសកលលោកមកបំពេញទស្សនកិច្ចសិក្សានៃវិទ្យាស្ថាន AIB ដោយត្រូវបង់កម្រៃសិក្សារយៈពេលខ្លី ហើយសៀវភៅ Beyond Borders, Beyond Banking គឺជាចំណែកមួយនៃសេវាកម្មរបស់វិទ្យាស្ថាននេះ។
លោកមានប្រសាសន៍ថា៖សៀវភៅភាគ២នេះក៏មានគោលដៅដូចគ្នាដែរគឺសម្រាប់និស្សិតនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនិងសម្រាប់គ្រឹះស្ថាននៅលើសកលលោកដែលគាត់មកស្វែងយល់សិក្សាពីកម្ពុជា រួមទាំងអាជ្ញាធរនិយ័តកម្មនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុរបស់ប្រទេសដទៃ»។
គួររម្លឹកថាសៀវភៅភាគ១ មានចំណងជើង“When There Was No Money” ក៏និពន្ធដោយលោកស្រី Heather A Clark។ សៀវភៅភាគ១ត្រូវបានចង់ក្រងពីការបង្កើតធនាគារ អេស៊ីលីដា នៅក្នុងដំណាក់កាលដ៏លំបាកនៃការកសាងស្តារ(rehabilitation)ប្រទេសកម្ពុជាដែលជាដំណាក់កាលមួយមិនមានការប្រើប្រាស់ឥណទានច្រើនទេ នៅក្នុងអំឡុងទសវត្សរ៍៩០ ដល់ឆ្នាំ២០០៣៕Ph