Views: 9
ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ ប្រេស៊ីលនឹងបញ្ចេញគីឡូធ្ងន់វាយសម្រុកលើក្រូអាស៊ីនៅថ្ងៃសុក្រនេះក្នុងវគ្គ ៨ ក្រុមចុងក្រោយវើលខាប់ ខណៈអាហ្សង់ទីនធ្លាប់ឈ្នះហូឡង់តែម្តងគត់ក្នុងប្រវត្តិសាស្ត្រ ដូច្នេះអាចនឹងយ៉ាប់របស់ហូឡង់ហើយនៅថ្ងៃនេះ។
– ក្រូអាស៊ី vs ប្រេស៊ីល
* ប្រេស៊ីលរកបាន ៧ គ្រាប់ក្នុងការប្រកួតវើលខាប់ ៤ លើក។
* ប្រេស៊ីលបានរបូតគ្រាប់បាល់ក្នុង២ប្រកួតចុងក្រោយរបស់ពួកគេ។
* ក្រូអាស៊ីបានស៊ុតបញ្ចូលទីក្នុង ១០ ប្រកួតនៃ ១៣ ប្រកួតរបស់ពួកគេក្នុង ២០២២។
* កីឡាករ Ivan Perisic ឥឡូវនេះគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រូអាស៊ីក្នុងវើលខាប់ ហើយជាមធ្យមស៊ុតបាន ២,៥ ជើងក្នុងមួយប្រកួត។
ប្រេស៊ីលគឺជាក្រុមរំពឹងឈ្នះពានវើលខាប់បន្ទាប់ពីបានយកឈ្នះកូរ៉េខាងត្បូង ៤-១ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ប៉ុន្តែពួកគេប្រហែលជាតឹងបន្តិចពេលប៉ះក្រូអាស៊ីនៅវគ្គ ១/៤ នៅថ្ងៃសុក្រនេះ។
ក្រុមជើងឯករងឆ្នាំ២០១៨នេះបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ ខណៈពួកគេត្រូវបានជប៉ុនអូសទៅលេងរហូតដល់១២០នាទី មុនពេលយកឈ្នះដោយបាល់ប៉េណាល់ទី។ នោះមិនមែនជាការបង្ហាញអស់ពីសមត្ថភាពរបស់ក្រូអាស៊ីទេ ប៉ុន្តែពួកគេមានទំនោរលេងអស់ក្បាច់ជាមួយនឹងក្រុមយក្សៗ ហើយយើងគួរតែឃើញការលេងល្អប្រសើរពីកូនក្រុមរបស់លោក Zlatko Dalic នៅថ្ងៃសុក្រនេះ។
ដោយហេតុថាតម្លៃហាងឆេងមានទាបសម្រាប់ប្រេស៊ីលឈ្នះប្រកួតនេះ ហាងឆេងផ្សេងទៀតដូចជាការស៊ុតចូលទីគ្នាឬលើស២,៥គ្រាប់ គឺមានហាងឆេងតម្លៃខ្ពស់ជាងនិងជាជម្រើសល្អជាង។
គីឡូធ្ងន់អាម៉េរិកខាងត្បូងនេះបានរបូតគ្រាប់បាល់ក្នុងការប្រកួត២លើកចុងក្រោយរបស់ពួកគេ ហើយក្រូអាស៊ីជាទូទៅពូកែស៊ុតបញ្ចូលទីណាស់។ ជាការពិត ក្រុមអឺរ៉ុបមួយនេះខកខានស៊ុតចូលទី២ប្រកួតក្នុងប្រទេសកាតា ប៉ុន្តែពួកគេនៅមិនទាន់ចាញ់នៅឡើយទេ ហើយពួកគេដឹងច្បាស់ថា១ពិន្ទុគឺគ្រប់គ្រាន់ក្នុងការឡើងទៅវគ្គបន្តក្នុងជំនួប ០-០ ជាមួយបែលហ្ស៊ិក ហើយដូច្នេះពួកគេមិនលេងបង្ខំនោះទេ។
ក្រូអាស៊ីបានស៊ុតបញ្ចូលទីក្នុង ១០ ប្រកួតនៃ ១៣ ប្រកួតរបស់ពួកគេក្នុងឆ្នាំ ២០២២ ហើយពួកគេមានកីឡាករទេពកោសល្យគ្រប់គ្រាន់ដើម្បីស្វែងរកគ្រាប់បាល់ជាមួយប្រេស៊ីល បើទោះបីជាការយកឈ្នះហាក់ជាភារកិច្ចធំប៉ុនភ្នំក៏ដោយ។
ប្រេស៊ីលបានឈ្នះ៣ប្រកួតក្នុងចំណោម៤ប្រកួតរបស់ពួកគេក្នុងប្រទេសកាតា ហើយពួកគេអាចឆ្លាស់វេនកីឡាករសម្រាប់ការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេជាមួយនឹងកាមេរូន ដោយបានចាញ់ក្នុងការប្រកួតនោះ ១-០។ ក្រុមវ័យចំណាស់របស់ក្រូអាស៊ីបានលេងរហូតដល់១២០នាទី បន្ទាប់ពីត្រូវបានជប៉ុនអូសចូលដល់ម៉ោងបន្ថែម ដូច្នេះវាពិតជាមិនអាចទៅរួចទេដែលពួកគេអាចមានកម្លាំងពេញដើម្បីស៊ូទ្រាំជាមួយក្រុមប្រេស៊ីល ដែលលឿន រហ័ស ស្វាហាប់ និងពោរពេញដោយកម្លាំង។
លទ្ធផលព្យាករណ៍ ប្រេស៊ីលឈ្នះ ៣-១។
– ហូឡង់ vs អាហ្សង់ទីន
* ហូឡង់មិនដែលចាញ់ក្នុងការប្រកួត ១៩ លើករបស់ពួកគេចាប់តាំងពីលោក Louis van Gaal ត្រឡប់មកធ្វើជាអ្នកចាត់ការទូទៅវិញ។
* អាហ្សង់ទីនបានឈ្នះការប្រកួត៣លើកចុងក្រោយរបស់ពួកគេ ត្បិតមានចំណុចអន់ក្នុងរាល់ការប្រកួតនីមួយៗ។
* ក្រុមអាម៉េរិកខាងត្បូងមួយនេះត្រូវបានក្រុមអឺរ៉ុបទម្លាក់នៅវគ្គជម្រុះបែបនេះ៩លើកចុងក្រោយក្នុងវើលខាប់។
* ហូឡង់ចាញ់តែមួយលើកគត់ក្នុងចំណោមការប៉ះគ្នា៩លើកចុងក្រោយជាមួយនឹងអាហ្សង់ទីន ពោលគឺវគ្គផ្តាច់ព្រ័ត្រវើលខាប់ឆ្នាំ ១៩៧៨ ក្នុងទីក្រុង Buenos Aires។
នេះគឺជាលើកទី៦ហើយដែលក្រុមទាំងពីរជួបគ្នាក្នុងព្រឹត្តិការណ៍វើលខាប់ ដោយអាល្លឺម៉ង់គឺជាក្រុមតែមួយគត់ដែលអាហ្សង់ទីនបានជួបញឹកញាប់ជាងគេក្នុងវើលខាប់។ ទោះយ៉ាងណា ហូឡង់គឺជាខ្មោចលងសម្រាប់លីអូនែល ម៉េសស៊ីនិងមិត្តរួមក្រុម ដោយសារតែហូឡង់បានចាញ់តែមួយលើកគត់ក្នុងចំណោមការជួបគ្នា៩លើកជាមួយអាហ្សង់ទីននៅគ្រប់ការប្រកួតទាំងអស់។
បរាជ័យមួយលើកនោះបានកើតឡើងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រវើលខាប់ឆ្នាំ ១៩៧៨ ដែលធ្វើឡើងក្នុងប្រទេសអាហ្សង់ទីន។ ក្រៅពីនោះ ហូឡង់តែងឈ្នះអាហ្សង់ទីន រួមទាំងការទទួលជ័យជម្នះក្នុងវគ្គ៨ក្រុមចុងក្រោយលើគូប្រជែងមកពីអាម៉េរិកខាងត្បូងមួយនេះនៅឯវើលខាប់ប្រទេសបារាំងឆ្នាំ១៩៩៨។ តើពួកគេអាចបន្តឈ្នះ និង បញ្ចប់ក្តីសង្ឃឹមរបស់ម៉េសស៊ីក្នុងការឈ្នះវើលខាប់បានទេ?
ការប្រកួតបើកឆាក ៤៥ នាទីទល់នឹងអារ៉ាប៊ីសាអូឌីត គឺជា ៤៥ នាទីល្អបំផុតរបស់អាហ្សង់ទីនក្នុងវើលខាប់នេះ។ ពួកគេមានប្រៀបខ្លាំងក្នុងការប្រកួតនោះរហូតដល់អារ៉ាប៊ីសាអូឌីតបង្កការភ្ញាក់ផ្អើលក្នុងតង់ទីពីរ។ ចាប់តាំងពីពេលនោះមក អាហ្សង់ទីនបានឈ្នះ៣ក្នុងចំណោម៣ប្រកួតពេលលេងមិនល្អ។ ពួកគេមានសំណាងពេលឈ្នះម៉ិកស៊ិក រួចឈ្នះប៉ូឡូញ ដែលកំពុងធ្លាក់ជើង ហើយបន្ទាប់មកបានឈ្នះអូស្ត្រាលីនៅជុំចុងក្រោយទាំងលំបាក។
អាហ្សង់ទីនលេងមិនស៊ីចង្វាក់គ្នាទេក្នុងការប្រកួត៣លើកចុងក្រោយរបស់ពួកគេ នេះគឺព្រោះតែការបាត់ទំនាក់ទំនងរវាងកីឡាកររបួស Giovanni Lo Celso និង ម៉េសស៊ី។ ដូច្នេះថ្ងៃនេះអាហ្សង់ទីនត្រូវពឹងលើម៉េសស៊ីទាំងស្រុងដើម្បីនាំភាពជោគជ័យមកក្រុមទាំងមូល តែប៉ះចំហូឡង់ដែលលេងយ៉ាងមានរបៀប ពិតជាមិនងាយស្រួលទេ។
ជឿជាក់ថាហូឡង់នឹងរក្សាប្រវត្តិល្អជាមួយអាហ្សង់ទីន និងអាចឡើងទៅវគ្គ១/៤។
លទ្ធផលទស្សនទាយ ហូឡង់ឈ្នះ ២-១៕
ប្រេស៊ីលរំពឹងធ្វើបានល្អទល់នឹងក្រូអាស៊ីនៅថ្ងៃសុក្រនេះ