Views: 1
ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ យប់ថ្ងៃទី៧ ខែធ្នូនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីនាថ្ងៃទី៩ ខែធ្នូ ដើម្បីកំដៅសាច់ដុំត្រៀមក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022។ សម្រាប់ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ក្រុមកម្ពុជា គឺស្ថិតក្នុងពូល A ជាមួយថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រ៊ុយណេ។
ក្រឡេកមើលកម្មវិធីប្រកួតកម្ពុជាត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោទទួលហ្វីលីពីនមុនគេនាថ្ងៃទី២០ ខែធ្នូ បន្ទាប់មកជួបឥណ្ឌូនេស៊ីនាថ្ងៃទី២៣ ខែធ្នូ ហើយកម្ពុជានឹងត្រូវបើកទ្វារផ្ទះជាថ្មី ទទួលប្រ៊ុយណេ នាថ្ងៃទី២៩ ធ្នូ មុនការប្រកួតបញ្ចប់ពូល ជាមួយក្រុមថៃ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ខាងមុខដោយថៃជាម្ចាស់ផ្ទះ។
ការចេញទៅលេងកំដៅសាច់ដុំនេះក្រុមកម្ពុជាទើបតែប្រមូលផ្ដុំហ្វឹកហាត់បានតែប៉ុន្មានថ្ងៃ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៤នាក់ រួមមានសមាជិកក្លិបភ្នំពេញក្រោន ៥រូប, វិសាខា ១០រូប, ព្រះខ័នរាជស្វាយរៀង ២រូប, បឹងកេត ៤រូប, ណាហ្គាវើលដ៍ម្នាក់ រួមជាមួយកីឡាករខ្មែរ-បារាំង កុក បូរីស លេងនៅក្លិបម៉ាឡេស៊ី Sarawak United និងកីឡាករខ្មែរ-អាមេរិក ថេឡរ នីកូឡា ឌឿង លេងនៅក្លិបអាមេរិក Orlando Cityនោះ។
អ្នកគាំទ្រមានការចាប់អារម្មណ៍ សម្រាប់ការបើកយុទ្ធនាការប្រមូលផ្ដុំហ្វឹកហាត់ខាងលើ គឺពុំមានវត្តមានលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជានោះទេ គឺមានតែលោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជារួមជាមួយក្រុមការងារគ្រូជំនួយតែប៉ុណ្ណោះ៕/R