Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

១៤ វិញ្ញាសា​ដ៏​មាន​សក្ដានុពល ដែល​កីឡា​រាំ ត្រៀម​សម្រាប់​ឆ្នាំ​២០២៣

Views: 1

​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ សម្រាប់​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​នោះ ស​ន្ទ​ស្សន៍​មេដាយ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម ឆ្នាំ​២០២៣(Camsoc) ដាក់ជូន​សហព័ន្ធ​កីឡា​រាំ ត្រូវ​ដណ្តើម​ឲ្យ​បាន មេដាយមាស ១​គ្រឿង ជូន​កម្ពុជា​។​ ជាមួយនឹង​ការដាក់​ស​ន្ទ​ស្សន៍​បែបនេះ សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​ត្រៀម​វិញ្ញាសា ចំនួន​១៤ សម្រាប់​ការប្រកួត​។

លោកស្រី ហង្ស ស៊ីម៉ន អគ្គលេខាធិការ សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​ឲ្យ​ដឹងថាៈ វិញ្ញាសា​ទាំងអស់នេះ សុទ្ធ​តែមាន​សក្តានុពល សម្រាប់​ការដណ្តើម​មេដាយ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម នៅ​កម្ពុជា ស្របតាម​ការកំណត់​ទិសដៅ និង​មាន​ផែនការ ច្បាស់លាស់​។​

​លោកស្រី បាន​បន្តថាៈ ក្រោយ​បញ្ចប់​បេសកម្ម​ស៊ី​ហ្គេម នៅ​វៀតណាម កីឡាករ កីឡាការិនី មាន​សិទ្ធ​ផល និង​គុណ​ផល​កើនឡើង​ខ្លាំង គួរ​ឲ្យ​កត់សំគាល់ បើ​ប្រៀបធៀប​នឹង​ស៊ី​ហ្គេម ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន​។ ដូច្នេះ សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​ត្រៀម​ដាក់ ១៤ វិញ្ញាសា សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ គឺ​ចង្វាក់ Latin Dance និង Standard Dance មាន ១២ វិញ្ញាសា ហើយ​ចង្វាក់ Break Dance មាន ២ វិញ្ញាសា​។​

​វិញ្ញាសា​ទាំងអស់នេះ មាន​សក្តានុពល​ខ្ពស់ ក្នុងការ​ទទួលបាន​មេដាយ ដោយសារ​សហព័ន្ធ មាន​ផែនការ​ច្បាស់លាស់ គឺ​តម្រូវ​ឲ្យ​កីឡាករ កីឡាការិនី​ចង្វាក់ Latin Dance ហ្វឹកហាត់ តែ​វិញ្ញាសា Latin Dance ខណៈ​ចង្វាក់ Standard Dance ហ្វឹកហាត់​តែ Standard Dance និង Break Dance ហ្វឹកហាត់​តែ Break Dance តែប៉ុណ្ណោះ ដើម្បី​ឲ្យ​ពួកគាត់​ត្រៀមខ្លួន បានល្អ​ប្រសើរ និង​គ្រប់​ជ្រុងជ្រោយ​។​

​ជាមួយគ្នានេះ សហព័ន្ធ គ្រោង​នឹង​បញ្ជូន​អត្ត​ព​លិ​ក ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន អំឡុង​ខែសីហា ឬ​ខែកញ្ញា ខាងមុខនេះ តាមរយៈ​សហព័ន្ធ​កីឡា​រាំ​អាស៊ី ដែល​ជួយ​ទំនុកបម្រុង​ទាំង​ការ​ស្នាក់នៅ ហូបចុក រយៈពេល ២​ខែ​។ បន្ទាប់ពី​បញ្ចប់​ការហ្វឹកហាត់​នៅ​ចិន សហព័ន្ធ គ្រោង​ស្នើសុំ​គ្រូ​កម្រិត​ខ្ពស់ មក​បង្ហា​ត់ដល់ ក្រុម​ជម្រើស​រើស​ជាតិ​បន្តទៀត​។​

​លោកស្រី អគ្គលេខាធិការ បានបញ្ជាក់​ថាៈ ការហ្វឹកហាត់ នៅក្រៅ​ប្រទេស និង​មាន​គ្រូ​កម្រិត​ខ្ពស់ មក​បង្វឹក បូករួម​ទាំង​មានការ​ប្រកួត​ច្រើន ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ សហព័ន្ធ មាន​ក្តី​រំពឹង​ខ្ពស់​ថា នឹង​ទទួលបាន​មេដាយ លើ​ចង្វាក់ Latin Dance វិញ្ញាសា Jive, Paso Dable, Cha Cha និង Samba ។​

​ចំពោះ​ចង្វាក់ Standard Dance វិញ មាន​វិញ្ញាសា Slow Foxtrot ដោយ​ការប្រកួត​ស៊ី​ហ្គេម នៅ​វៀតណាម ទទួលបាន​ចំណាត់​លេខ​៤ និង Quick Step​។ ដោយឡែក ចង្វាក់ Break Dance ក៏​សង្ឃឹម​ខ្ពស់​ដែរ ដោយសារ​ជា​វិញ្ញាសា​អូឡាំពិក ហើយ​កម្ពុជា មាន​ក្លិប និង​ធនធាន​ច្រើន​។​

​ក្រៅពី​ផ្តោតលើ​អត្ត​ព​លិ​ក សហព័ន្ធ ក៏​យកចិត្តទុកដាក់​លើ​ចៅក្រម អាជ្ញាកណ្តាល និង​មន្ត្រី​បច្ចេកទេស ដើម្បី​ត្រៀម​ស៊ី​ហ្គេម តាមរយៈ​ការបើក​វគ្គ​បណ្តុះបណ្តាល ចៅក្រម​កម្រិត​មូលដ្ឋាន ដើម្បី​ត្រៀម​រៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ នា​ខែតុលា ខាងមុខ និង​ការចូលរួម ប្រកួត​កម្រិត​អន្តរជាតិ​ផងដែរ​។​

​សូមបញ្ជាក់ថា សហព័ន្ធ​កីឡា​រាំ​កម្ពុជា កំពុង​ត្រៀម​អត្ត​ព​លិ​ក ១០ រូប​គឺ កីឡាករ ៥ រូប និង​កីឡាការិនី ៥ រូប លើ ១៤ វិញ្ញាសា សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​បើតាម​ស​ន្ទ​ស្សន៍​របស់ Camsoc ដាក់ជូន​សហព័ន្ធ​កីឡា​រាំ ត្រូវ​ដណ្តើម​ឲ្យ​បាន​មេដាយ​​មាស ១​គ្រឿង ជូន​កម្ពុជា​៕/V​

Post navigation