Views: 6
ដោយៈសុផល /ភ្នំពេញ៖ វិស័យធនាគារមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះការកើនឡើងនូវ ទ្រព្យសកម្មប្រមាណ ៨០ ដង ដល់ ៨១ ប៊ីលានដុល្លារអាមេរិក ឥណទានកើនឡើងប្រមាណ ១៦១ ដង ដល់ ៥៦ ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើកើនឡើងប្រមាណ ៦៩ ដង ដល់ ៤៥ ប៊ីលានដុល្លារអាមេរិក។
នេះបើតាមប្រសាសន៍របស់លោកហេង បូមករា អគ្គនាយករងអគ្គនាយកដ្ឋានត្រួតពិនិត្យទី១ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ជំនាញ និងការងារក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុកាលពីថ្ងៃទី២៩ខែកញ្ញា។

លោកអគ្គនាយករង បានបន្តថា៖សមិទ្ធផលទាំងនេះបានមកពីជំនឿទុកចិត្ដរបស់សាធារណជននិងវិនិយោគិនលើស្ថិរភាពសេដ្ឋកិច្ចនិងភាពធន់របស់ប្រព័ន្ធធនាគារ។ ជាមួយគ្នានេះ បណ្ដាញគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានពង្រីកពាសពេញប្រទេសហើយការប្រើប្រាស់សេវាធនាគារបានផ្សាំខ្លួនក្នុងជីវភាពរស់ប្រចាំថ្ងៃរបស់ប្រជាជនទូទៅ។ក្នុងនោះឌីជីថលនិងការធ្វើពិពិធកម្មសេវាធនាគារទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការប្រើប្រាស់និងទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។ តួយ៉ាងតាមលទ្ធផលនៃការអង្កេត FINSCOPE កម្រិតនៃការទទួលបាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការនៅក្នុងប្រទេសកម្ពុជាបានកើនឡើងពី ៥៩% ក្នុងឆ្នាំ២០១៦ ដល់ ៦៧% នៅឆ្នាំ២០២១។
លោកបានបន្តលើកឡើងថា៖ស្របតាមការរីកចម្រើននេះធនាគារជាតិនៃកម្ពុជាក៏មានមណ្ឌលសិក្សាបច្ចេកទេសធនាគារដែលបានដើរតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលនិស្សិត ក៏ដូចជាមន្រ្តីរបស់ធនាគារជាតិនៃកម្ពុជាក្នុងការចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់បំពេញតម្រូវការនៅក្នុងវិស័យធនាគារផងដែរ។ ជាក់ស្ដែង គិតត្រឹមខែកក្កដា ឆ្នាំ២០២៣នេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានផ្តល់ការងារជូនដល់ពលរដ្ឋកម្ពុជាមានចំនួន ៩៦.៨០០ នាក់ ដោយក្នុងបុរសប្រមាណ ៦១.០០០ នាក់ និងស្រ្តីប្រមាណ ៣៥.០០០ នាក់។ ឱកាសការងារនេះ គ្រឹះស្ថានធនាគារបានស្រូបយកកំលាំងពលកម្មប្រមាណ ជា ៦៥,០% គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានស្រូបយក ៣៣,០% និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ បានស្រូបយក ២,០%។

ស្របគ្នានឹងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុការផ្ដល់សេវាធនាគារបែបប្រពៃណីបានវិវត្ដន៍ខ្លួនទៅរកការផ្ដល់សេវាធនាគារបែបឌីជីថលតាមរយៈការធ្វើឌីជីថលូបនីយកម្មនៃផលិតផល ប្រតិបត្តិការ និងសកម្មភាពនានាដល់អតិថិជនតាមបណ្ដាញអនឡាញ។ ក្នុងន័យនេះ ដើម្បីគាំទ្រប្រតិបត្ដិការធនាគារនិងហិរញ្ញវត្ថុ ទាមទារឱ្យមានធនធានមនុស្សដែលមានការយល់ដឹងអំពីបច្ចេកវិទ្យា និងជំនាញផ្សេងទៀត បន្ថែមលើជំនាញធនាគារនិងហិរញ្ញវត្ថុ។
លោកហេង បូមករា បានគូសបញ្ជាក់ថា ទីផ្សារការងារនៅក្នុងវិស័យធនាគារមានវិសាលភាពធំដែលត្រូវការជំនាញជាច្រើន ដូចជា ជំនាញបច្ចេកវិទ្យាព័ត៌មាន ជំនាញច្បាប់ ជំនាញគ្រប់គ្រង និង ជំនាញម៉ាឃីតធីង ជាដើម៕srn