Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

៤ថ្ងៃមកហើយ ពលរដ្ឋមានជំងឺ បន្តកកកុញ ទៅទទួលសេវាពីគ្រូពេទ្យស្ម័គ្រចិត្ត សមាគមសុខាភិបាល ខ្មែរ-អាមេរិក

Views: 2

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ដោយគិតចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក សេវាសុខាភិបាល មានការព្យាលជំងឺទូទៅ វះកាត់ មាត់ធ្មេញ ភ្នែក និងផ្តល់វ៉ែនតា ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីសហរដ្ឋ អាមេរិកនោះ សម្រាប់ ៣ ទីកន្លែង នៅក្នុង ៣ ឃុំ រួមទាំងទីប្រជុំជន ស្រុកមង្គលបូរី បានចំនួន ៤.១៥៣ អង្គ/នាក់ ។ ពលរដ្ឋដែលមានបញ្ហាសុខភាព បានបន្តប្រជ្រៀតគ្នា ទៅទទួលសេវាសុខាភិបាល ដែលពួកគេ មានជំនឿក្រុមមួយនេះ។

លោក សោ កាន់ សមាជិកក្រុមប្រឹក្សាស្រុកមង្គលបូរី និងអ្នកសម្របសម្រួលម្នាក់ នៃម្មវិធីនេះ ក៏ដូចលោក ពិន សេងហាប់ អភិបារងស្រុកមង្គលបូរី បានប្រាប់កាសែត រស្មីកម្ពុជា កាលពីថ្ងៃទី៣ ខែកុម្ភៈថាៈ រយៈពេល ៤ ថ្ងៃមកនេះ ក្រុមគ្រូពេទ្យ បានពិនិត្យ ព្យាបាលជំងឺជូនពលរដ្ឋ៖ ១-នៅទីតាំងសាលាបឋមសិក្សាប្ញស្សីក្រោក ភូមិ/ឃុំឫស្សីក្រោក ស្រុកមង្គលបូរី បានចំនួន ២.១០៣ នាក់ គឺបានផ្តើមបើកយុទ្ធនាការ ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភៈ ឬរយៈពេល ៧ ថ្ងៃ ។ ២- នៅសាលាបឋមសិក្សាសឿ បាន ៦៤២ នាក់ មានរយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី ៣ ខែកុម្ភៈ និង ៣-នៅទល់មុខសាលា ឃុំគោកបល័្លង្គ បានចំនួន ៤០៨ នាក់ មានរយៈពេល ២ថ្ងៃពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែកុម្ភៈ។ ៣ កន្លែងនេះ សរុបចំនួន ៤.១៥៣ នាក់ /អង្គ ។ ចំពោះអ្នកជំងឺមានមកពីឃុំ សង្កាត់នានា នៅក្នុងខេត្ត។

ឯលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់កាសែតរស្មីកម្ពុជាដែរថាៈ លោកផ្ទាល់ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធ ក៏បានបន្តសួរសុខទុក្ខគ្រូពេទ្យ និងពលរដ្ឋដែលមកទទួលសេវានេះ និងមានកម្លាំងចម្រុុះ បានចូលរួមសហការសម្របសម្រួល ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសេវា។

លោកគ្រូពេទ្យ តាន់ សុង ប្រធានសមាគមសុខាភិបាលខ្មែរ នៅអាមេរិក បានឱ្យដឹងថាៈ ពលរដ្ឋអាមេរិកាំង ដើមកំណើតខ្មែរ រស់នៅអាមេរិក ដែលជាជនភៀសខ្លួន កាលពីអតីតកាល បានរត់ពីប្រទេសកម្ពុជា ទៅប្រទេសទី៣ ដោយបានឆ្លងកាត់ ខេត្តបន្ទាយមានជ័យ ។ លោកបានឱ្យដឹងបន្តថាៈ ពួកគេចងចាំ មិនភ្លេចដើមកំណើត មាតុភូមិ និងអនុស្សាវរីយ៍កំសត់ ជាប្រជាជនខ្មែរ កន្លងមកឡើយ។ ហេតុនេះ បានជាលោក និងក្រុមការងារ បាននាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចម្រុះ ប្រមាណ ១១០ នាក់ ដោយចំណាយ ថវិកាផ្ទាល់ខ្លួន ដើម្បីមកប្រទេសកម្ពុជា ជួយព្យាបាលពលរដ្ឋកម្ពុជា។ តែយើងបានធ្វើតាម លទ្ធភាព ហើយចង់ឱ្យពលរដ្ឋកម្ពុជាទាំងឡាយ ស្មើភាពគ្នា បានទទួលសេវានេះ​ (ដោយមិនរើសអើង និងប្រកាន់និន្នាការ) ៕/V/R

Post navigation