Views: 3
ដោយៈ មុនីរ័ត្ន / ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឲ្យលោក កង វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ លោក សួរ ភ័ក្រសំពង្ស ស្មៀនសង្កាត់ ចោមចៅទី១ បំភ្លឺករណីទារលុយសេវា លើគ្រប់ឯកសារ ដែលប្រជាពលរដ្ឋ ស្នើសុំចុះ ហត្ថលេខា និងបោះត្រា និងករណីមិនបានបើកប្រាក់លើកទឹកចិត្ត សម្រាប់មន្ត្រី ជាង ២០០ លានរៀល។ លោកបំភ្លឺករណីនេះ មក អ.ប.ព. វិញ ឲ្យបានឆាប់ ហើយការបំភ្លឺ របស់លោក គឺជាមូលដ្ឋានសម្រាប់ អ.ប.ព. ពិចារណាថា ត្រូវសម្រេចបញ្ចប់នីតិវិធី ឬត្រូវបន្តលើពាក្យប្ដឹងនេះ។

យោងតាមលិខិតរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ បានទទួល និងពិនិត្យលើពាក្យប្ដឹង ដែលបានលើកឡើងថា លោក សួរ ភ័ក្រសំពង្ស ស្មៀនសង្កាត់ចោមចៅទី១ និងលោក កង វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទារប្រាក់ថ្លៃ សេវាតាមតែអំពើចិត្ត លើគ្រប់ឯកសារ នៅពេលប្រជាពលរដ្ឋទៅ ស្នើសុំចុះហត្ថលេខា និងបោះត្រា ដោយមិនអនុវត្តតាមតារាងតម្លៃសេវា ច្រកចេញចូលតែមួយ ហើយចំពោះ ការស្នើសុំ ជួសជុល ឬសាងសង់ បើសិនគ្មានប្រាក់បង់ជូនទេ លោក និងលោក កង វង តែងតែគំរាមដកហូតសម្ភារៈសាងសង់ របស់ប្រជាពលរដ្ឋ។ ជាងនេះទៀត រូបលោក សួរ ភ័ក្រសំពង្ស និងលោក កង វង មិនបានបើកប្រាក់រង្វាន់លើកទឹកចិត្ត ជាង ២០០ លានរៀល ចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ជូនដល់មន្ត្រីឡើយ។ សូមលោក បំភ្លឺករណីនេះ មក អ.ប.ព. វិញ ឲ្យបានឆាប់ ហើយការបំភ្លឺរបស់លោក គឺជាមូលដ្ឋាន សម្រាប់ អ.ប.ព. ពិចារណាថា ត្រូវសម្រេចបញ្ចប់នីតិវិធី ឬត្រូវបន្តលើពាក្យប្ដឹងនេះ។
ទាក់ទងករណីនេះ លោក កង វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ លោក សួរ ភ័ក្រសំពង្ស ស្មៀនសង្កាត់ចោមចៅទី១ មិនអាចសុំការអត្ថាធិប្បាយបានទេ នៅល្ងាចថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣៕ V / N

( លោក កង វង ចៅសង្កាត់ចោមចៅទី១ )

( លោក សួរ ភ័ក្រសំពង្ស ស្មៀនសង្កាត់ចោមចៅទី១ )