Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពេទ្យសត្វក្រសួង និងខេត្ត ឆ្មក់បង្ក្រាបការនាំចូល និងស្តុកគ្មានច្បាប់ នូវផលិតផលពីបក្សី សាច់ជ្រូក ៣ ករណី នៅខេត្តបន្ទាយមានជ័យ

Views: 1

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ មន្ត្រីផលិតកម្ម និងបសុព្យាបាល នៃនាយកដ្ឋាន សុខភាពសត្វ អគ្គនាយកដ្នានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពេទ្យសត្វ នៃការិយាល័យផលិតកម្ម និងបសុព្យបាល នៃមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ និងដោយមានការបង្ហាញពីអ្នកផ្តល់តម្រុយ ព្រមទាំងសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តបន្ទាុយមានជ័យ កាលពីថ្ងៃទី២៧ និងទី២៨ ខែឧសភា ឆ្នាំ២០២៣ បានឆ្មក់បង្ក្រាប នូវការនាំចូលនិងស្តុក ដែលគ្មានច្បាប់អនុញ្ញាត នូវផលិតផលពីបក្សី ស៊ុត និងសាច់ជ្រូក ចំនួន ៣ ករណី ដោយឡែកពីគ្នា នៅខេត្តបន្ទាយមានជ័យ ។

ការឆ្មក់បង្ក្រាប នូវការនាំចូលនិងស្តុក ដែលគ្មានច្បាប់អនុញ្ញាត នូវផលិតផលពីបក្សី ស៊ុត និងសាច់ជ្រូក ចំនួន ៣ ករណីនោះ គឺនៅក្រុងប៉ោយប៉ែត បង្ក្រាបបានជាង ៣ តោន, នៅមង្គលបូរី បាន ៦០០ គីឡូ និង ៣៦.០០០ ស៊ុត និងនៅស្រុកអូរជ្រៅ ប្រហិតចម្រុះ ចំនួន ៥ ៣៤៦ គីឡូក្រាម និងសាច់សត្វមាន់ ចំនួន ១.៥៨០ គីឡូក្រាម។

លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈ បសុព្យាបាល នៃអគ្គនាយកដ្នានសុខភាពសត្វ និងផលិតកម្មសត្វ និងលោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ថាៈ សមត្ថកិច្ចជំនាញ របស់លោក ទទួលបានព័ត៌មាន ពីអ្នកបង្ហាញតម្រុយ និងបានការសម្របសម្រួលនីតិវិធី ពីលោក លឹម ប៊ុន សុភ័ក្រ ព្រះរាជអាជ្ញារង​នៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ករណីទី១ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ដល់ម៉ោង ១០ និង០៥នាទី បានចុះប្រតិបត្តិការ ដោយធ្វើការត្រួតពិនិត្យ និងវាយតម្លៃជាក់ស្ដែង ទីតាំងនាំចូលនិងស្តុកទុក លក់ចែកចាយផលិតផល មានដើមកំណើតសត្វ (មានសត្វមាន់ និងប្រហិត) ទៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាលីលេយ្យ១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅជិតវិទ្យាល័យប៉ោយប៉ែត។

លោក ហ៊ុន សារ៉ាត់ បានបន្តថាៈ ម្ចាស់ទីតាំង ឬអ្នកទទួលខុសត្រូវ ឈ្មោះ ព្រំ ស៊ុនហេង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណ លេខ១៩០៥៤៥៤៩៧ ដែលមានទីលំនៅ បច្ចុប្បន្ន ភូមិបាលិលេយ្យ១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រុមការងារដែលមានសមាសភាព ដូចខាងលើ បានត្រួតពិនិត្យ និងវាយតម្លៃដាក់ស្ដែង ទទួលបានលទ្ធផល ដូចតទៅ៖ សាច់សត្វមាន់ទាំងអស់ មានចំនួន ២.៨១០ គីឡូក្រាម (សាច់, ភ្លៅ, ស្លាប, ជើង, គល់ស្លាប, ឆ្អឹងសាច់ទ្រូង ត្រូវបានច្រកថង់ ដាក់ក្នុងធុងក្លាស្សេ ចំនួន១៣ធុង) និងប្រហិតចម្រុះចំនួន ៣០០ គីឡូក្រាម (ប្រហិតត្រូវបានច្រកថង់ ជាក់ក្នុងធុងក្លាស្សេ ចំនួន១ធុង) ឬសរុបរួម ៣.១១០ គីឡូ ដោយបាននាំចូលមកពី ប្រទេសថៃ ពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបត្រអនាម័យសត្វ ពីប្រទេសនាំចេញ)។

ក្រុមការងារ បានពិនិត្យឃើញថា ផលិតផលមានដើមកំណើតពីសត្វ (សាច់សត្វមាន់ និងប្រហិត) ទាំងអស់នោះ ខូចគុណភាព ដោយមិនបានរក្សាទុក ឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស (សីតុណ្ហភាពមិនដល់-១៨អង្សាសេ និងកន្លែងស្តុកទុក ពុំមានអនាម័យ) សភាពសាច់ និងប្រហិត មានប្រែពណ៌ខុសលក្ខណៈទ្រង់ទ្រាយដើម។

លោក ហ៊ុយ ទូច បានបន្ថែមថាៈ ដូចនេះ ក្រុមការងារបានឯកភាពគ្នា ធ្វើការដកហូតយក ទៅដុតកម្ទេចចោល តាមវិធានបសុពេទ្យ នៅម៉ោងជិត ២ រសៀល ថ្ងៃដដែល។

មន្ត្រីដដែល បានប្រាប់បន្ថែមថាៈ ករណីទី២ នៅយប់ថ្ងៃទី២៧ ខែឧសភា លើបណ្តោយ ផ្លូវជាតិលេខ៥ នាចំណុចភូមិព្រៃកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី ក្រុមការងារពេទ្យសត្វ ដូចខាងលើ ទទួលតម្រុយពីអ្នកបង្ហាញ និងសម្របសម្រួលនីតិវិធី ដោយលោក លុយ ទីហួ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានស្ទាក់ឃាត់ រថយន្តក្រុង ១គ្រឿង ម៉ាកហ៊ីយាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3A 9889 បើកបរដោយ ឈ្មោះ នៅ ផាន ភេទប្រុស អាយុ ៥៧ឆ្នាំ ទីលំនៅភូមិព្រះធាតុថ្មដា ស្រុកអូររាំងឪ ខេត្តកំពង់ចាម ។

សមត្ថកិច្ចនាំរថយន្តនោះ មកការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត ហើយព្រឹកថ្ងៃទី២៨ ខែឧសភា ធ្វើការឆែកឆេរ ត្រួតពិនិត្យ និងវាយតម្លៃជាក់ស្ដែង ទទួលបានលទ្ធផល ដូចតទៅៈ សាច់ជ្រូកច្រកថង់ ប្លាស្ទិក ក្លាស្សេមានទម្ងន់ ៦០០ គីឡូក្រាម និងស៊ុតមាន់ ៣៦.០០០ គ្រាប់ ដែលគ្មានប្រភព នាំចូល (សង្ស័យពីប្រទេសវៀតណាម) មិនបានរក្សាទុកឱ្យបាន ត្រឹមត្រូវ តាមលក្ខណៈ បច្ចេកទេស សីតុណ្ហភាព និងពុំមានលិខិតអនុញ្ញាត ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបត្រអនាម័យសត្វ ពីប្រទេសនាំចេញ។

ករណីទី៣ នៅយប់ថ្ងៃទី២៧ ខែឧសភាដែរ សមត្ថកិច្ចជំនាញចម្រុះ បានឃាត់រថយន្ត ១គ្រឿងទៀត ម៉ាក សាងយ៉ុង អ៊ីស្តាណា (Ssangyong Istana) ពណ៌បៃតង ជាប្រភេទរថយន្តដឹកអ្នកដំណើរ ១៥ កៅអី ពាក់ស្លាកលេខ កំពង់ចាម 2A-0180 នៅត្រង់ចំណុចជិតភ្លើងស្តុប ភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ រថយន្តនេះ បានផ្ទុកប្រហិតចម្រុះ ចំនួន ៥.៣៤៦ គីឡូក្រាម និងសាច់សត្វមាន់ ចំនួន ១ .៥៨០គីឡូក្រាម ដែលនាំចូលផលិតផល មានដើមកំណើតពីសត្វ (ប្រហិត និងសាច់សត្វមាន់) ពីប្រទេសថៃ តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ឆ្ពោះទៅលក់ចែកចាយ ដោយគ្មានលិខិតអនុញ្ញាត​ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វ ពីប្រទេសនាំចេញ ៕/V/R

Post navigation