Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ភាពយន្តរឿង “ម្ចាស់កីតម្បាញ” បង្ហាញពីកេរដំណែល និងវប្បធម៌ នៃការត្បាញហូល និងសូត្ររបស់ខ្មែរ នៅក្នុងសម័យលង្វែក

Views: 2

ដោយៈ សុផល / ភ្នំពេញ៖ ខ្សែភាពយន្តភាគខ្មែរ រឿង « ម្ចាស់កីតម្បាញ» ដែលបាន បង្ហាញពីរបៀបរបបរស់នៅ សម័យលង្វែក និងឧបករណ៍បុរាណខ្មែរ​ដូចជា កីតម្បាញនោះ បានត្រូវសម្ពោធចាក់បញ្ចាំង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ពិធីសម្ពោធខ្សែភាពយន្តភាគខ្មែរ រឿង ម្ចាស់កីតម្បាញ នេះ បានប្រព្រឹត្តឡើងយ៉ាង អធឹកអធម ដោយមានការចូលរួម ពីសិល្បករល្បីៗ និងមហាជន រាប់រយនាក់ នៅហង្សមាស Palace ក្នុងផ្សារទំនើបអ៊ីអន សែនសុខស៊ីធី។

នេះជាព្រត្តិការណ៍ដ៏អស្ចារ្យ និងល្អបំផុត សម្រាប់ការបើកបង្ហាញភាពយន្ត ភាគខ្មែរ ដែលមានគុណភាព ទៅកាន់មហាជនទាំងក្នុង និងក្រៅ​ប្រទេស ជាពិសេសជារឿង ដែលបង្ហាញពីក្នុងសម័យកាល ប្រវត្តិសាស្រ្តខ្មែរ គឺក្នុងសម័យលង្វែកទៀតផង។

ក្រឡេកមើលភ្ញៀវកិត្តិយស ដែលបានចូលរួមឃើញថា ពិតជាអស្ចារ្យ គឺមានវត្តមាន សុទ្ធតែតារាល្បីៗ ក្នុងប្រទេសកម្ពុជា តែម្តង ហើយការរៀបចំទៀតសោត គឺពិតជាប្លែកភ្នែក និងទាក់ចំណា់អារម្មណ៍ មែនទែន ដែលមានការដាក់តាំងបង្ហាញ នូវឧបករណ៍កីតម្បាញ ឧបករណ៍ និងវិធីសាស្រ្ត ក្នុងការផលិតសូត្រ ជាដើម។

ក្រៅពីតារាសម្តែងក្នុងរឿង និងវត្តមានសិល្បៈល្បីជាច្រើនរូប ហើយនោះ ក្នុងកម្មវិធី ក៏មានការសម្តែងពិសេស ពីតារាចម្រៀងដ៏ល្បីកញ្ញា ឈីន រតនៈ ផងដែរ ដែលបានបកស្រាយផ្ទាល់ នូវបទចម្រៀង ក្នុងរឿង ម្ចាស់កីតម្បាញ នេះផ្ទាល់តែម្តង។

គួបញ្ជាក់ថា ទូរទស្សន៍ហង្សមាស ដែលជាស្ថានីយទូរទស្សន៍ដ៏ធំជាងគេ ក្នុងស្រុក បានផលិតរឿងភាគខ្មែរដ៏មានគុណភាព​ជាច្រើនប្រភេទរឿង និងមានប្រភេទសម័យកាល ជាច្រើន ខុសគ្នាមកហើយ ហើយសម្រាប់រឿង ម្ចាស់កីតម្បាញ គឺជាប្រភេទរឿង ដែល​ចង់បង្ហាញពីសម័យលង្វែកថា នាសម័យនោះ មនុស្សរស់នៅដោយគន្លងបែបណា ជាមួយនឹងការដាក់បញ្ចូលនូវ​ឧបករណ៍បុរាណ​ដែលជារបស់ខ្មែរពិតៗ គឺកីតម្បាញ។

រឿង ម្ចាស់កីតម្បាញ មានចាក់បញ្ចាំងជូនទស្សនា ចាប់ពីថ្ងៃទី ៦​ កុម្ភៈ រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ៨-៩ យប់ នៅលើកញ្ចក់ទូរទស្សន៍​ហង្សមាស ។

សូមជម្រាបថា ខ្សែភាពយន្តភាគបុរាណខ្មែរ រឿង “ម្ចាស់កីតម្បាញ” ត្រូវបាននិពន្ធឡើង ដោយអ្នកនិពន្ធល្បីឈ្មោះ ប្រចាំផលិតកម្មហង្សមាស​គឺលោក យូ សុភា ដែលគេស្គាល់ថា ជាអ្នកនិពន្ធដ៏ឆ្នើម។ រឿងភាគនេះ ដឹកនាំសម្តែងដោយលោក កៅ សីហា ជាអ្នកដឹកនាំរឿង មានស្នាដៃម្នាក់របស់ផលិតកម្មហង្សមាស។ ភាពយន្តបុរាណខ្មែរនេះ គឺនិយាយពីតថភាព របស់ប្រជាជនខ្មែរ នាសម័យលង្វែក ជាពិសេស គឺសង្កត់ធ្ងន់ទៅលើកីតម្បាញរបស់ខ្មែរ នាសម័យលង្វែកតែម្តង។​

អ្នកដឹកនាំរឿងលោក កៅ សីហា បានលើកឡើង ពីចំណុចសំខាន់នៅក្នុងរឿងថា ភាពយន្តបុរាណខ្មែររឿង “ម្ចាស់កីតម្បាញ” ចង់បង្ហាញពីកេរដំណែល និងវប្បធម៌នៃ ការត្បាញហូល និងសូត្ររបស់ខ្មែរ នៅក្នុងសម័យលង្វែក ដែលជាសម័យកាលមួយ រីកចម្រើនខ្លាំង ផ្នែកតម្បាញនេះ។ តាមរយៈរឿងនេះ លោកក៏ចង់បង្ហាញពីសម្លៀកបំពាក់ របស់ខ្មែរ តាមសម័យកាលនីមួយៗ តាំងពីសម័យចេនឡា ជាបន្តបន្ទាប់។ ចំណុចសំខាន់មួយទៀត គឺម៉ូដសក់របស់នារី នាសម័យនោះ គឺខ្លីទាំងអស់គ្នា មិនថាស្ថិតនៅក្នុងឋានៈមួយណាក៏ដោយ។ លោកក៏ចងភា្ជប់ជាមួយនឹងតម្បាញរបស់ខ្មែរ ពីបុរាណមកដល់បច្ចុប្បន្ន ដោយមើលឃើញថា តម្បាញរបស់ខ្មែរ ហាក់មិនសូវមានអ្នក ផលិតច្រើន​ដូចពីមុនឡើយ។

លោក កៅ សីហា បានបន្តថាៈ បញ្ហាប្រឈម ចំពោះការដឹកនាំរឿងនេះ គឺបញ្ហាបិទខ្ទប់ ខេត្តសៀមរាប ដោយសារជំងឺរាតត្បាតកូវីដ-១៩ គឺពិបាកក្នុងការថតតែម្តង។ មួយវិញទៀត គឺពិបាកស្វែងរកកីបុរាណខ្លាំងមែនទែន ព្រោះកីបុរាណរបស់ខ្មែរ លែងសូវមានវត្តមាន ដូចពីមុន ដូច្នេះលោក និងក្រុមការងារ ខិតខំរកកីបុរាណ ពីខេត្តតាកែវ ពីកោះដាច់ កោះ​ឧកញ៉ាតី និងអរិយក្សត្រផ្សេងៗ ដោយចំណាពេលរាប់ខែ ​ទើបអាចប្រមូលកីយក​មកថត ក្នុងភាពយន្តបាន។

លោក កៅ សីហា រំពឹងថា ភាពយន្តនេះ នឹងមានការគាំទ្រច្រើន ពីសំណាក់ប្រជាពលរដ្ឋ ខ្មែរ និងលើកស្ទួយ គាំទ្រតម្បាញរបស់ខ្មែរឡើងវិញ តាមរយៈរឿង “ម្ចាស់កីតម្បាញ”​ នេះផងដែរ។

រីឯអ្នកនិពន្ធរឿងល្បីល្បាញគឺ លោក យូ សុភា បានលើកឡើងថា មូលហេតុដែលលោក យកតម្បាញ មកដាក់ជាស្នូលសំខាន់​នៅក្នុងភាពយន្ត ព្រោះថា រឿងនេះ ស្ថិតនៅក្នុង សម័យកាលលង្វែក។ នាសម័យនោះ សូត្រ និងតម្បាញ គឺមានភាពលេចធ្លោខ្លាំង ដូច្នេះលោកក៏​ចង់យកតម្បាញនេះ ធ្វើជាស្នូល ដើម្បីលើកស្ទួយ ដល់វប្បធម៌ខ្មែរ។ មិនតែប៉ុណ្ណោះ ក្នុងភាពយន្តនេះ ក៏បានបង្ហាញពីជំនឿ សាសនា ទំនៀមទម្លាប់ចូលម្លប់ និងវប្បធម៌ខ្មែរ ជាច្រើនទៀត ព្រមទាំងតថភាពរស់នៅ របស់ប្រជាជនផងដែរ ។

លោក យូ សុភា បានបន្តថាៈ ភាពយន្តនេះ មិនត្រឹមតែបង្ហាញពីកីតម្បាញប៉ុណ្ណោះទេ ក៏បានបង្កើតពីទំនាស់ ក្នុងគ្រួសារ ទំនាស់ប្តីប្រពន្ធ ទំនាស់រវាងកម្មករ ផ្សេងទៀត ដើម្បីឱ្យដំណើររឿង កាន់តែមានភាពទាក់ទាញ។ ចំពោះភាពយន្តមួយនេះ អ្នកនិពន្ធ យូ សុភា ចំណាយពេលតែងនិពន្ធ ប្រមាណជិត ២ ខែ បានចំនួនជាង ៣០ ភាគ ៕/V/R

Post navigation