Views: 2
ប្រែសម្រួល : កញ្ញាដាលីស (ឆានែលញូវអេស៊ា) ៖ ភ្លៀងធ្លាក់ខ្លាំងពេញមួយសប្តាហ៍បាននាំមកនូវទឹកជំនន់ភ្លាមៗមកកាន់ទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រទី២៩ ខែកញ្ញា ដោយរំខានដល់សេវាកម្មរថភ្លើងក្រោមដី ជន់លិចផ្ទះល្វែងនៅជាន់ផ្ទាល់ដី និង បង្វែរផ្លូវមួយចំនួនទៅជាបឹងតូចៗ។
អភិបាលរដ្ឋញូវយ៉ក លោកស្រី កាធី ហូខូល (Kathy Hochul) បានប្រកាសភាពអាសន្នជាផ្លូវការសម្រាប់ទីក្រុងដែលមានប្រជាជនចំនួន ៨,៥ លាននាក់នេះ និងជាយក្រុង ដែលសម្បូរប្រជាជនរស់នៅច្រើន រួមទាំងកោះឡុងនៅភាគខាងកើត និងជ្រលងទន្លេហ៊ុដសុន (Hudson) នៅភាគខាងជើង។
សេវាអាកាសធាតុជាតិបានព្រមានពីទឹកជំនន់រហូតដល់យប់ថ្ងៃសុក្រ ជាមួយភ្លៀងធ្លាក់រហូតដល់កម្ពស់ ៥,១ សង់ទីម៉ែត្រក្នុងមួយម៉ោង។ សេវានេះបាននិយាយថា ទឹកភ្លៀងសរុបនៅថ្ងៃសុក្រអាចឈានដល់កម្ពស់ ១៨ សង់ទីម៉ែត្រ ដោយព្រមានអំពីទឹកជំនន់ភ្លាមៗនៅក្នុងទីក្រុងនិងតំបន់ដែលមានប្រព័ន្ធបង្ហូរទឹកមិនល្អ។
អភិបាលក្រុងញូវយ៉ក លោក អេរិក អាដាំ (Eric Adams) បានជំរុញប្រជាជនកុំឱ្យចេញទៅក្រៅ ដោយសារតែផ្លូវត្រូវបានបិទ ហើយស្ថានីយរថភ្លើងក្រោមដីបានជន់លិច។
លោកបាននិយាយថា “ប្រសិនបើអ្នកនៅផ្ទះ ចូរនៅផ្ទះ ប្រសិនបើអ្នកនៅកន្លែងធ្វើការឬសាលារៀន ចូរស្នាក់នៅទីនោះសម្រាប់ពេលនេះ រថភ្លើងក្រោមដីមួយចំនួនរបស់យើងត្រូវបានជន់លិច ហើយវាពិតជាលំបាកខ្លាំងណាស់ក្នុងការផ្លាស់ទីជុំវិញទីក្រុង”។
នៅផ្លូវរថភ្លើងក្រោមដី ដែលជាប្រព័ន្ធធំបំផុតមួយក្នុងលោកដែលមានស្ថានីយចំនួន ៤២០ និងជាង ៣០ ខ្សែ ទឹកបានហូរចុះតាមជណ្តើរនិងតាមពិដាននៃស្ថានីយមួយចំនួន។
ខ្សែរថភ្លើងមួយចំនួនត្រូវបានផ្អាកទាំងស្រុង ហើយស្ថានីយជាច្រើនត្រូវបានបិទ។ ផ្លូវឡានក្រុងមួយចំនួនបានបន្ថយល្បឿនដល់កម្រិតយឺតបំផុត ដោយធ្វើអ្នកដំណើរជាប់ក្នុងនោះរាប់ម៉ោង។ ក្រុមមន្ត្រីបានព្រមានប្រជាជនញូវយ៉កមួយចំនួនឱ្យចៀសវាងការធ្វើដំណើរ លុះត្រាតែពួកគេរួចផុតពីតំបន់ទឹកជំនន់៕








ក្រុងញូវយ៉កជន់លិចដោយសារភ្លៀងខ្លាំង