Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ភ្ញៀវ និងអ្នកដំណើរ អាចឆ្លងកាត់ប្លុកកាស៊ីណូឆេះ នៃតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត វិញហើយ លើកលែងតែរថយន្តដឹកជញ្ជូន

Views: 2

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ បានប្រកាសជម្រាបជូនភ្ញៀវទេសចរ និងអ្នកដំណើរជាតិ-អន្តរជាតិ ជ្រាបថា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ អាជ្ញាធរក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ បានបើកឱ្យចរាចរតាមផ្លូវត្រង់ ឬផ្លូវជាតិលេខ៥ ប្លុកកាស៊ីណូឆេះ នាភូមិក្បាលស្ពាន១ និងភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត វិញហើយ លើកលែងតែរថយន្តដឹកជញ្ជូន ។

ពោលគឺ បន្ទាប់ពីបានបិទតាំងពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ កន្លងមក ដោយសារ ឧបទ្ទវហេតុ អគ្គិភ័យឆេះកាស៊ីណូធំៗ ចំនួន ២ គឺកាស៊ីណូហ្គ្រែនដាយម៉ិន ស៊ីធី( Grand Diamond City casino) និងកាស៊ីណូប៉ោយប៉ែត រីសត (Poipet Resort casino) កន្លងមក។ ម្យ៉ាង ដោយសារការដ្ឋានរុះរើ សម្អាតខ្មោចកាស៊ីណូទាំង២ ដែលចំណាយពេលជិត ៣ ខែ ក៏ជិតរួចរាល់ហើយដែរ។

នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត​និងសេចក្តីជូនដំណឹងរបស់ រដ្ឋបាលក្រុងប៉ោយប៉ែត បានឱ្យដឹងនាថ្ងៃទី១៩ ខែមីនា។

ប្រភពខាងលើ បានបន្តថាៈ ការបើកឱ្យចរាចរឆ្លងកាត់នេះ មានសម្រាប់ថ្មើរជើង យានយន្ត (ម៉ូតូ រ៉ឺម៉កកង់បី រទេះអូស រថយន្តផ្ទាល់ខ្លួន) ប៉ុន្តែសម្រាប់រថយន្តដឹកជញ្ជូន ធុនធ្ងន់ ដែលបានបង្វែរចរាចរណ៍បណ្តោះអាសន្ន ឱ្យទៅឆ្លងកាត់ច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀន តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ កន្លងមក ត្រូវឆ្លងកាត់នៅ ច្រកនោះនៅឡើយ រហូតទាល់តែមានការជូនដំណឹងថ្មី ។

សូមរំលឹកថា អគារកាស៊ីណូ ហ្គ្រេន ដាយមិន (Grand Diamond City) និង កាស៊ីណូប៉ោយប៉ែតរីសត( Casino Poipet Resort) នៅប្លុកច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ផ្លូវជាតិលេខ៥ នាភូមិប៉ោយប៉ែត និងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ត្រូវអគ្គិភ័យ ដែលបង្កពីទុស្សេខ្សែភ្លើង កាលពីម៉ោង ជាង ១១ យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដែលបង្កមហន្តរាយយ៉ាងធំធេង ។

មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារសង្គ្រោះ រុករកកម្ពុជា និងថៃ បានបិទ បញ្ចប់ប្រតិបត្តិការ រុករកសព កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ កន្លងមក ។
កម្លាំងប្រតិបត្តិការ​បានរកឃើញអ្នកស្លាប់ សរុបចំនួន ២៧ នាក់ និងអ្នករបួសចំនួន ៥៧ នាក់ ។ ក្នុងនោះ ទាំងអ្នករបួសនិងស្លាប់ មានជនជាតិខ្មែរ ៣នាក់ .ជនជាតិថៃ ចំនួន២០នាក់, នេប៉ាល់ម្នាក់, ម៉ាឡេស៊ីម្នាក់, ចិនម្នាក់ និងមិនស្គាល់អត្តសញ្ញាណ ២នាក់ ។

សម្រាប់ប្រតិបត្តិការជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះ ខាងកម្ពុជាប្រើប្រាស់កម្លាំង ១.០០៩ នាក់ និងខាងថៃ ចំនួន ២២១ នាក់ ជាមួយនឹងមធ្យោបាយ ឧបករណ៍ សម្ភារ:យ៉ាងច្រើន ពិសេសពីក្រុមសង្គ្រោះភាគីថៃ ៕ V / N

Post navigation