Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ភោជនីយដ្ឋាន ១០ បន្ថែមទៀត ប្តេជ្ញាមិនលក់សាច់សត្វព្រៃ ក្នុងខណៈយុទ្ធនាការ អន្ទាក់សូន្យ ដំណាក់កាលទី២ ចាប់ផ្តើមនៅខេត្តសៀមរាប ថ្ងៃស្អែក

Views: 3

ដោយ៖ ដេប៉ូ / សៀមរាប៖ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ ក្រសួងបរិស្ថាន អង្គការសង្គមស៊ីវិល មន្រ្តីអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន និងភាគីដៃគូពាក់ព័ន្ធ បានរួមគ្នាបើកយុទ្ធនាការ អន្ទាក់សូន្យ ដំណាក់កាលទី២ នាខេត្តសៀមរាប។ ក្នុងយុទ្ធនាការនេះដែរ គេរំពឹងថា នឹងជួយជំរុញបន្ថែមទៀត និងក៏ដូចជាបំផុសចលនា ប្រជាពលរដ្ឋ ឱ្យបញ្ឈប់ការដាក់អន្ទាក់សម្លាប់សត្វព្រៃ ក៏ដូចជា បញ្ឈប់ការបរិភោគ សាច់សត្វព្រៃ។

បញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ស្តីពីយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ នៅខេត្តសៀមរាប នារសៀលថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០២៣ ក្នុងមន្ទីរបរិស្ថាន ខេត្តសៀមរាប លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន បានឱ្យដឹងថា៖ តាមរយៈការធ្វើយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២នេះ យ៉ាងហោចណាស់ មានភោជនីយដ្ឋាន ចំនួន១០ នៅខេត្តសៀមរាប បានប្តេជ្ញាមិនលក់ សាច់សត្វព្រៃ។ ការចូលរួមពីសំណាក់ ម្ចាស់ភោជនីយដ្ឋាននេះដែរ គឺជាផ្នែកមួយ យ៉ាងសំខាន់ផងដែរ ក្នុងការទប់ស្កាត់ ការសម្លាប់សត្វព្រៃ និងក៏ដូចជាចូលរួមកាត់បន្ថយ ដាក់អន្ទាក់ ក្នុងតំបន់ធម្មជាតិ។

ជាមួយគ្នានេះ លោករដ្ឋេលេខាធិការ បានលើកឡើង ដោយបញ្ជាក់ថា៖ ការចូលរួមពី សំណាក់បងប្អូនប្រជាពលរដ្ឋ គឺជាចលករមួយយ៉ាងសំខាន់ ក្នុងការអភិរក្សសត្វព្រៃ ឱ្យបានគង់វង្ស យូរអង្វែង រាប់ជំនាន់ក្រោយបន្តទៀត។

លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប បានគូសបញ្ជាក់ថា៖ ខេត្តសៀមរាប មានផ្ទៃដីប្រព័ន្ធតំបន់ការពារធម្មជាតិ សរុបប្រមាណ ២៨១.៥៣០ ហិកតា ដែលតំបន់ ការពារធម្មជាតិទាំងនោះ រួមមាន៖ ១)ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ២)ដែនជម្រកសត្វព្រៃបឹងពែរ ៣)ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ៤)ដែនជម្រក សត្វព្រៃភ្នំត្នោត-ភ្នំពក ៥)តំបន់ការពារទេសភាពអង្គរ ៦)តំបន់ការពារទេសភាពទំនាប ខាងជើងបឹងទន្លេសាប ៧)តំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងទន្លេសាប និង៨)តំបន់ រ៉ាមសារ បឹងទន្លេឆ្មារ ដែលមាន៤ ការិយាល័យ សម្រាប់ធ្វើការគ្រប់គ្រង រួមមាន ១/ការិយាល័យឧទ្យានជាតិ, ២/ ការិយាល័យដែនជម្រកសត្វព្រៃ, ៣/ការិយាល័យ ការពារទេសភាព និងទី៤/ការិយាល័យតំបន់ប្រើប្រាស់ច្រើនយ៉ាង ដែលមានមន្ត្រី ឧទ្យានុក្សចំនួន១០១នាក់ /ស្ត្រី៥នាក់ មានស្នាក់ការ និងស្នាក់ការរង ចំនួន ២៦ ស្នាក់ការ។

លោកបានបញ្ជាក់បន្ថែមថា៖ តាមការអង្កេត សិក្សាស្រាវជ្រាវ មានប្រភេទសត្វព្រៃ នៅក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តសៀមរាប បាននឹងកំពុងថយចុះ គួរឱ្យព្រួយបារម្ភ។ ប្រភេទសត្វព្រៃមួយចំនួន ដូចជា ទន្សោង សត្វកែះ ទោច ខ្លាឃ្មុំ ប្រើស ពង្រូល សត្វស្លាប កំពុងទទួលរងការគំរាមកំហែង និងបានចាត់ទុកជាប្រភេទ សត្វកម្រ និងជិតផុតពូជ ក្នុងបញ្ជីក្រហម IUCN ។

លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា៖ ការបរិភោគ សាច់សត្វព្រៃ គឺជារឿងមួយមិនល្អសោះឡើយ ពិសេសនៅខេត្តសៀមរាប ដែលជាតំបន់ ទេសចរណ៍ដ៏សំខាន់មួយ ក្នុងប្រទេសកម្ពុជា។ យើងត្រូវបញ្ចប់ដាក់អន្ទាក់ និងបញ្ឈប់ ការបរិភោគសាច់សត្វព្រៃ។

ទន្ទឹមជាមួយគ្នានេះ​ លោកបានថ្លែងដែរថា៖ ”បើយើងមិនបានរឹតបន្តឹង ពាក់ព័ន្ធទៅនឹង ការដាក់អន្ទាក់នោះទេ វាហាក់បីដូចជាមិនមានប្រសិទ្ធភាព ក្នុងការអនុវត្តនោះឡើយ។ យើងត្រូវជំរុញយុទ្ធនាការនេះ ឱ្យមានប្រសិទ្ធភាព និងរួមគ្នាបំផុសចលនាឱ្យទទួល បានប្រសិទ្ធភាព កាន់តែប្រសើរ នៅថ្ងៃខាងមុខ”។

គួរបញ្ជាក់ថា ខេត្គគោលដៅ សម្រាប់យុទ្ធនាការអន្ទាក់សូន្យ ក្នុងដំណាក់កាលទី២ នេះ មាន ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ៕ V / N

Post navigation