Views: 6
ដោយៈ ភ្នំសន្ទុក / កំពង់ធំ: ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ទទួលបានកាដូថ្មី ពីរាជរដ្ឋាភិបាល នូវផ្លូវក្រាលក្រួសក្រហម ១ខ្សែ មានប្រវែង ៥ពាន់ម៉ែត្រ ពីផ្លូវជាតិលេខ៦ តភ្ជាប់ទៅវត្តរលួស ដែលជាសរសៃឈាម នៃ សេដ្ឋកិច្ចដ៏សំខាន់មួយរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅទីនោះ។

នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប បានចុះត្រួតពិនិត្យ និងវាយតម្លៃពីផ្លូវនេះ ដើម្បីបើកការដ្ឋានស្ដារឡើងវិញ ។

លោក ងួន រតនៈ បានឱ្យដឹងថាៈ តាមការសង្កេតឃើញទូទៅ ក៏ដូចជា សំណូមពររបស់ ប្រជាពលរដ្ឋ និងចៅអធិការវត្តរលួស ផ្លូវនេះថ្វីដ្បិតតែវាមិនសូវពិបាក ប៉ុន្តែវាជាផ្លូវ សេដ្ឋកិច្ចមួយដ៏សំខាន់ របស់បងប្អូនប្រជាពលរដ្ឋចរាចរ រស់រវើក ជាពិសេស ដឹកជញ្ជូនកសិផលកសិកម្មជាដើម។ ជាមួយគ្នានោះដែរ អាជ្ញាធរខេត្ត សម្រេចធ្វើការកែលម្អផ្លូវ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវចាក់កៅស៊ូមានទទឹង ៧ម៉ែត្រ ប្រវែង ៥ពាន់ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ ។

អភិបាលខេត្តកំពង់ធំ បានសំណូមពរលដល់បងប្អូនប្រជាពលរដ្ឋ នៅកន្លែងផ្សេងទៀត សូមមានការយោគយល់ យើងមានតម្រូវការច្រើន ក្នុងពេលតែមួយ ថវិកាមានចំនួន កំណត់ យើងនឹងព្យាយាមដោះស្រាយបញ្ហានានា តាមសំណូមពររបស់ ប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត ទៅតាមលទ្ធភាព ដែលយើងមាន ។

អភិបាលខេត្តកំពង់ធំ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវនេះ ចូលរួមសហការជាមួយអាជ្ញាធរដែនដី ក្នុងសាងសង់ផ្លូវ ប្រកបដោយភាពរលូន និងទុកជាប្រយោជន៍រួម សម្រាប់យើង ទាំងអស់គ្នា ។
សូមបញ្ជាក់ថា ការសាងសង់ផ្លូវ ខាងលើនេះ នឹងចាប់ផ្តើមអនុវត្ត នៅសប្តាហ៍ក្រោយ នឹងបញ្ចប់ការសាងសង់ ឲ្យមុនថ្ងៃបោះឆ្នោតនាពេលខាងមុខនេះ ៕/V-PC


