Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពលរដ្ឋ​ជាង​៤០០នាក់​តវ៉ា​នៅ​សាលាស្រុក​បទុមសាគរ ទាមទារ​ឱ្យ​ពន្លឿន​ការ​ដោះស្រាយ​រឿង​ដីធ្លី

ប្រជាពលរដ្ឋជាង​​៤០០នាក់ តំណាងឱ្យពលរដ្ឋ៥៥៧គ្រួសារ មកពីសហគមន៍ចំនួន៣ នៃឃុំព្រលាន ស្រុក​បទុមសាគរ ខេត្តកោះកុង បាន​ប្រមូល​ផ្ដុំគ្នា​នៅសាលា​ស្រុក​ នៅព្រឹកថ្ងៃព្រហស្បតិ៍​នេះ ដើម្បី​ជំរុញ​ទៅ​អាជ្ញាធរឱ្យពន្លឿនការដោះស្រាយវិវាទ​ដីធ្លីជូន​ពួក​គេ ដោយ​​អះអាង​​ថា ក្រុម​ហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​រំលោភ​យក​ជិត​២០​ឆ្នាំមក​ហើយ​។

អ្នកស្រី ជុំ ស្រីនៅ ដែល​​អះ​អាង​ថាជា​តំណាងពលរដ្ឋសហគមន៍៨៤៣​ នៅភូមិកណ្ដោល ឃុំព្រលាន ប្រាប់វីអូ​ឌីថា ពលរដ្ឋជាង​៤០០នាក់នោះ​ មក​ពីសហគមន៍៨៤៣ ភូមិកណ្ដោល សហគមន៍១២៩ ភូមិធ្នុង និងសហគមន៍ព្រលាន បាន​ប្រមូល​ផ្ដុំគ្នា​នៅ​មុខ​សាលា​ស្រុកបទុមសាគរ ដើម្បី​ដាក់​ញត្តិ ដោយ​​ភ្ជា​ប់​ជាមួយ​​លិខិត​របស់អាជ្ញាធរមូលដ្ឋាន ​ដែលបញ្ជាក់ថា​​ពួកគេ​បាត់បង់ដីធ្លី​ ​​ទៅ​កាន់​រដ្ឋបាល​ស្រុក ដើម្បី​​ឱ្យ​ជួយ​ពន្លឿន​កា​រ​​ដោះ​ស្រាយ​ជូន​ពួក​គេ។

តំណាងព​លរដ្ឋ​រូប​នេះឱ្យដឹង​ថា សហគមន៍៨៤៣ នៅភូមិកណ្ដោល មានពលរដ្ឋ១៨៥គ្រួសារ ត្រូវបានក្រុមហ៊ុនរបស់លោក​ឧកញ៉ា លី យ៉ុង​ផាត់ ឈូស​​ឆា​យ​​រំលោភយក​ដីធ្លី​​អ​ស់​​តាំង​​​ពី​ឆ្នាំ​២០០៦ ដោយ​​មិន​បាន​​ដោះស្រាយ​សំណង​អ្វី​ជូន​ពលរដ្ឋ​​នោះ​​ទេ។ អ្នកស្រីបន្តថា ការប្រមូលផ្ដុំដាក់ញត្តិរបស់អ្នកភូមិ នៅថ្ងៃនេះ គឺអភិបាលស្រុកទើបឡើងកាន់តំណែងថ្ មីលោក ក្រួច បូរីសីហា មិនទទួលយក​សំណើរបស់ពលរដ្ឋនោះទេ ដែល​ធ្វើឱ្យពលរដ្ឋបន្តប្រមូលផ្ដុំនៅមុខសាលាស្រុក រហូតមក​ដល់ម៉ោង២រសៀលនេះ។

អ្នកស្រីបន្ថែមថា៖ «ដីរបស់អ្នកភូមិដែលគាត់បានកាប់គាស់តាំងពីដូនតា ត្រូវក្រុមហ៊ុន​លោក លី យ៉ុងផាត់ រំលោភយក​ដោយ​អត់​មាន​សំណង​ជូន​ពួក​គាត់។ ដូច្នេះហើយទើបប្រជាពលរដ្ឋនាំ​គ្នាតវ៉ាទាមទាររកដំណោះស្រាយ។ ប្រជាពលរដ្ឋគាត់គ្មានពេលសម្រាប់ដើរតវ៉ាទេ ប៉ុន្តែដោយសារការឈឺចាប់នឹងការបាត់បង់ដីធ្លី ទើបពួកគាត់បង្ខំចិត្តតវ៉ា ក្រែងលោបានដីហ្នឹងមក​វិញ ដើម្បីធ្វើកសិកម្មដាំដុះចិញ្ចឹមជីវិត ព្រោះឥលូវកូនបាត់បង់ការសិក្សា និងបានចំណាកស្រុក​ទៅប្រទេស​ថៃ​អស់ហើយ»

អ្នកស្រី ឈឺន គី ដែលអះអាងថា​ជាតំណាងប្រជាពលរដ្ឋសហគមន៍១២៩ នៅភូមិធ្នុង បានឱ្យដឹងដែរ​ថា សហគមន៍​នេះមាន​ពលរដ្ឋ១២៩គ្រួសារ ដែលត្រូវក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ រំលោភ​យក​ដីធ្លីដូចគ្នា​។ អ្នកស្រី​បង្ហាញកា​រ​ខក​ចិត្ត​ចំពោះអភិបាលស្រុក​បទុម​សាគរ​ ដែល​មិនព្រមទទួលយកញត្តិរបស់ពលរដ្ឋ។

តំណាង​ពលរដ្ឋរូបនេះបន្តថា ក្រោមជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ បានធ្វើឱ្យប្រជាពលរដ្ឋរង​ទុក្ខលំបាក​ក្នុងជីវភាព​ ដោយសារគ្មានដីសម្រាប់បង្ក​បង្កើន​ផល ហើយពលរដ្ឋខ្លះ​បានចំណាកស្រុកទៅប្រទេសថៃទាំងប្រថុយប្រថាន ខណៈ​ពលរដ្ឋមិនក្រោម២០នាក់ បាន​ជាប់បណ្ដឹងនៅតុលាការដោយសារតែការតវ៉ារឿង​ដីធ្លីនេះ។

អ្នកស្រីបន្ថែមថា៖ «សូមឱ្យសម្ដេច ហ៊ុន សែន ជួយ​ជំរុ​ញ​ទៅ​អាជ្ញាធរ​ថ្នាក់​ក្រោម​ ឱ្យ​ជួយដោះស្រាយជូនប្រជាជននៅភូមិខ្ញុំឱ្យបាន​​ឆាប់ផង ព្រោះប្រជាជនទាំងអស់គ្នា​ហ្នឹង​កំពុងតែជួបទុក្ខលំបាក ខ្វះ​ខាត​ក្នុង​ជីវភាព​គ្រួសារ ខ្វះខាតដីធ្លីសម្រាប់ធ្វើកសិកម្ម​ផ្សេងៗ​សម្រាប់​ចិញ្ចឹម​ជីវិត»

អ្នកស្រី ណុយ សុខ ដែលអះអាងថាជាតំណាងពលរដ្ឋសហគមន៍ភូមិព្រលាន បានឱ្យដឹងថា នៅសហគមន៍នេះមានពលរដ្ឋ​២៤៣គ្រួសារ បានបាត់បង់ដីធ្លីដោយសារក្រុមហ៊ុន «កោះកុង​ស៊ូ​ហ្គើ» និង «កោះ​កុង​ផ្លេន​​​ថេ​សិន» របស់ឧកញ៉ា​ លី យ៉ុងផាត់ រំលោភយក។

តំណាងពលរដ្ឋដែលកំពុងជាប់បណ្ដឹងនៅតុលាការ​ដោយសារការតវ៉ាដីធ្លីនេះ បាន​និយាយទៀត​​ថា អ្នកស្រី​បាន​រង​ភាពអយុត្តិ​ធម៌ និង​មាន​ការឈឺចាប់ជាខ្លាំង ដោយសារអ្នកស្រីត្រូវបានក្រុមហ៊ុនរំលោភយកដីធ្លីអស់ហើយ និងត្រូវបានអាជ្ញាធរប្ដឹងទៅតុលាការថែមទៀត ក្រោយតវ៉ាទាមទារដីធ្លីរបស់ខ្លួនឯង។

អ្នកស្រីបន្ថែមថា៖ «អ៊ីចឹងខ្ញុំសូមសំណូម​ពរ​ខាង​តុលាការ​​ទម្លាក់ចោលការចោទប្រកាន់លើពួកខ្ញុំ និង​ស្នើអាជ្ញាធរ​ដោះស្រាយ​ដីធ្លីជូនពួកខ្ញុំ ដើម្បីបញ្ចប់ជម្លោះ ព្រោះពួកខ្ញុំ​ជាជនរងគ្រោះបាត់​បង់ដីធ្លីពិតប្រាកដមែន»

អភិបាលស្រុកបទុមសាគរ ដែលទើបឡើងកាន់តំណែងថ្មី លោក ក្រួច បូរីសីហា មានប្រសាសន៍ថា ការដែល​រដ្ឋបាលស្រុកមិន​​ទទួលញត្តិ ឬសំណើរបស់ក្រុមពលរដ្ឋ ដោយសារ​ជម្លោះនេះ អាជ្ញាធរពាក់ព័ន្ធបានដោះស្រាយចប់ជាច្រើនឆ្នាំមកហើយ ហើយ​កន្លងមក ទាំងរដ្ឋបាលខេត្តកោះកុង និងក្រសួងរៀបចំដែនដី ក៏​បានចេញលិខិតបដិសេធការ​ដោះស្រាយ​​ច្រើនដង​ដែរ ចំពោះករណីនេះ។

លោកបន្ថែមថា៖ «រឿងដីចម្ការអំពៅនេះ គឺយើងបានបិទចប់សព្វគ្រប់អស់ហើយ​ចំពោះការដោះស្រាយ ហើយខ្ញុំ​ក៏​បានពន្យល់​ណែនាំពួក​គាត់​ដែរ ប៉ុន្តែពួក​គាត់​មិន​ព្រម​ទទួល​យក​ ហើយនៅតែបន្តតវ៉ា។ ខ្ញុំជឿថា ការតវ៉ានេះមានអ្នកនៅពីក្រោយ វា​មាន​អង្គការចាត់តាំងច្បាស់លាស់ណាស់ បានគាត់ហ៊ានឡើងមកតវ៉ាដូចអ៊ីចឹង»

កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ​​ឆ្នាំ​២០២០ ក្រសួងរៀបចំដែនដី នគរូបនីយ​កម្ម និងសំណង់ បាន​ចេញ​សេច​ក្ដីប្រកាស​ព័ត៌​មាន​​មួយ​​ ដោយ​បដិសេធ​មិន​ដោះស្រាយ​ជូន​​ក្រុ​ម​​ពលរដ្ឋ​ទាំង​នេះ​ទេ ក្រោម​ហេតុ​ផល​ថា ក្រសួង​​បាន​​ដោះស្រាយ​ជូនពួក​គេ​រួច​រាល់​ហើយ។

មន្ត្រី​សម្របសម្រួលសហគមន៍នៅសមាគម​សម្ព័ន្ធសហគមន៍​កសិករ​កម្ពុជា លោក ញ៉ិល ភាព ដែលឃ្លាំមើលជម្លោះដីធ្លីនេះ មានប្រសាសន៍ថា ករណីរដ្ឋបាលស្រុកបទុមសាគរ មិនព្រមទទួលយកញត្តិនិងសំណើផ្សេងៗរបស់ក្រុមពលរដ្ឋនោះ គឺបង្ហាញពីការមិនទទួលខុស​ត្រូវលើការ​ដោះស្រាយបញ្ហា និងទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ លោក​​​ថា ការ​មិន​ទទួល​ញត្តិ និងមិនដោះស្រាយបញ្ហាជូនពលរដ្ឋនេះ នឹងមិនអាចធ្វើឱ្យពលរដ្ឋឈប់ដើរតវ៉ានោះទេ។

លោកបន្ថែមថា៖ «ពិសេសក្រសួងរៀបចំដែនដី ត្រូវពិនិត្យស្រាវជ្រាវទៅដល់មូលដ្ឋានជាក់លាក់។ ហើយការចុះស្រាវជ្រាវហ្នឹងឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋរងគ្រោះ និងក្រុមអង្គការសង្គមស៊ីវិល ថាតើប្រជាពលរដ្ឋទាំងអស់ហ្នឹងបានទទួលសំណងពិតប្រាកដឬក៏យ៉ាងណា! សូមឱ្យមានការចុះស៊ើបអង្កេតស្រាវជ្រាវ ហើយដោះស្រាយបញ្ហាហ្នឹងជូនប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីកុំឱ្យពលរដ្ឋឡើងមកតវ៉ាដល់ភ្នំពេញ និងចៀសវាងការចោទប្រកាន់ផ្សេងៗលើពលរដ្ឋបន្តទៀត»

បើតាមលោក ញ៉ិល ភាព មានពលរដ្ឋខ្ទង់ពាន់គ្រួសារទៀតដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ នៅខេត្តកោះកុង ហើយមិនទាន់បានដោះស្រាយចប់។

កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ប្រជាពលរដ្ឋចំនួន៨៤៣​​គ្រួសារ និង​​មាន​​​ដី​សរុប១ ៧២៧,៦ហិកតា ស្ថិតក្នុងស្រុក​បទុម​​​សាគរ ស្រុក​​ស្រែ​​អំបិល និង​ស្រុក​ថ្ម​បាំង ខេត្តកោះកុង ដែលអះអាងថាត្រូវ​បានក្រុមហ៊ុន «កោះកុងស៊ូហ្គើ» និង «កោះកុងផ្លេន​ថេសិន» របស់លោកឧកញ៉ា​ លី យ៉ុងផាត់ សមាជិកព្រឹទ្ធ​សភាមកពីគណបក្សប្រជាជនកម្ពុជា​​ បានឈូស​ឆាយ​រំលោភ​​យកដីធ្លីអស់តាំងពីឆ្នាំ២០០៦ បាននាំគ្នាដាក់​ញត្តិនៅតាមក្រសួង ​និង​ស្ថាប័នមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីជំរុញឱ្យមានដំណោះស្រាយដីធ្លីជូនពួកគេផងដែរ៕