Cambodia

ពលរដ្ឋ និងសាធារណជនកំពុងមានចម្ងល់ ចំពោះលិខិតជូនដំណឹងស្តីពីការអនុវត្តសាលដីកា របស់សាលាកំពូល

ពលរដ្ឋចំនួន ១៦គ្រួសារ រស់នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានចម្ងល់ថា ក្រោយស្ងប់ស្ងាត់រឿងជម្លោះដីធ្លី នៅតំបន់សហគមន៍អូរខ្សាច់មួយរយៈពេលកន្លងមក ក៏ស្រាប់តែកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាសាលា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចេញលិខិតជូនដំណឹងមួយ ស្តីអំពីការអនុវត្តសាលដីកា របស់សាលាកំពូលតាំងពីឆ្នាំ២០១៤ បានលើកយកមកអនុវត្តនៅទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដែលក្រសួងយុត្តិធម៌ ប្រកាសឲ្យផ្អាក នាពេលកន្លងមក។

តាមលិខិតជូនដំណឹង ស្តីពីការអនុវត្តសាលដីកា ដោយស្ម័គ្រចិត្ត មានការចុះហត្ថលេខា របស់លោក ឡា ប៊ុនហួន អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មានទីតាំងនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ។

តំណាងពលរដ្ឋសហគមន៍អូរខ្សាច់ បញ្ជាក់ថា សាលដីកា ដែលលើកយកមកអនុវត្ត នៅថ្ងៃទី១៩ វិច្ឆិកានេះ ត្រូវលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្លាប់ចេញលិខិតជម្រាបមក លោកប្រធានសាលាដំបូងខេត្តព្រះសីហនុ  និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនេះ ដោយ សុំអន្តរាគមន៍ទៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្អាកការអនុវត្តសាលដីកាលេខ ៤៥៨(ន) ចុះថ្ងៃទី០១ ខែកញ្ញា ២០១៤ របស់តុលាការ កំពូល។

ទាក់ទិនបញ្ហានេះ លោក លឹម ប៊ុនហេង អ្នកនាំពាក្យ និងជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ចំពោះករណីខាងលើនេះ គឺរូបលោកមិនបានដឹងទេ ហើយក៏បង្វែរសំណួរអ្នកកាសែត ឲ្យសួរទៅប្រធានសាលាដំបូងខេត្ដព្រះសីហនុវិញ ទើបដឹងរឿងច្បាស់ជាង។

យ៉ាងណាក៏ដោយចុះ The Cambodia Daily នៅមិនទាន់អាចទិនទងទៅ លោកប្រធានសាលាដំបូងខេត្ដព្រះសីហនុ ដើម្បីបំភ្លឺបានទេ នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ។

ចំណែក លោក ឡា ប៊ុនហួន អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ  បានប្រាប់គេហទំព័រក្នុងស្រុកថា “បើអ្នកពាក់ព័ន្ធដីធ្លីខាងលើ មានឯកសារអ្វី គាត់អាចដាក់ពាក្យមកអាជ្ញាសាលាតាមនីតិវិធីច្បាប់។ ហើយថា ករណីនេះ យើងនឹងតតាំងគ្នាតាមផ្លូវច្បាប់ ព្រោះរឿងហ្នឹងដល់តុលាការកំពូលអស់ហើយ អញ្ចឹងមានឯកសារ ឬមានមេធាវីដាក់មកតទល់គ្នាតាមច្បាប់”។ 

ដោយឡែក លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់សោម ប្រាប់អ្នកសារព័ត៌មានថា តំបន់មានទំនាស់ដីធ្លីនោះ គឺស្ថិតនៅក្នុងតំបន់គម្រប់ព្រៃឈើបៃតងនៅឡើយ ដោយមិនទាន់មានឯកសារកាត់ឆ្វៀលនោះទេ។ រីឯអ្នកស្រី ឡុច ទូច ដែលជាតំណាងឲ្យពលរដ្ឋម្ចាស់ដី ១៦គ្រួសារវិញអះអាងថា សំណុំរឿងនេះ តុលាការបានចុះអនុវត្តខុសទីតាំងដី ហើយដីទាំងនោះរដ្ឋាភិបាល ក៏បាននិរាករណ៍ប័ណ្ណកម្មសិទ្ធិរួចអស់ទៅហើយ តាំងពីឆ្នាំ២០១៨មកម៉្លេះ។

អ្នកស្រីបន្តថាទីតាំងដី របស់ភាគី លោក ប៉ុន សារឿន មានព្រំចាប់ពីផ្លូវរថភ្លើង មានទំហំ ៥ហិកតា គឺនៅទីតាំងផ្សេង ចំណែក ដី របស់ពលរដ្ឋមានចំនួន ១៦គ្រួសារ មានចំនួន ០២ហិកតាកន្លះ គឺស្ថិតនៅទីតាំងខុសគ្នា។

អ្នកស្រី ឡុច ទូច បញ្ជាក់ថា នឹងដាក់ពាក្យបណ្តឹង ប្ដឹងបន្តទៅកាន់តុលាការ ស្តីពីការចុះអនុវត្តសាលក្រម ខុសទីតាំងដី ហើយរំលោភមកលើដី របស់ប្រជាពលរដ្ឋពួកគាត់ទាំង ១៦គ្រួសារនេះ។

ងាកមកភាគី លោក ប៉ុន សារឿន ដែលមានទំនាស់ជាមួយពលរដ្ឋ ១៦គ្រួសារ និយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា រាល់ឯកសារពាក់ព័ន្ធ សូមកុំមកសួររូបលោកអី ត្រូវទៅសួរតុលាការវិញ ព្រោះរូបលោក បានដាក់ពាក្យបណ្ដឹងយូរហើយ តាំងពីឆ្នាំ២០១៨។ លោកបន្តថា ពលរដ្ឋ១៦គ្រួសារ កុំចេះតែដើរចង្អុលដីអ្នកនេះ ដីអ្នកនោះ ព្រោះរូបលោក បានទិញដីទីតាំងនេះ មានឯកសារប័ណ្ណត្រឹមត្រូវ គឺអត់មានទៅរំលោភយកដីអ្នកណាទេ ហើយរូបលោកមិនញញើតអ្នកណាម្នាក់ឡើយ។

បញ្ហានេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ធ្លាប់បានចេញសេចក្តីបញ្ជាក់ កាលពី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ថាទីតាំងដីទំនាស់ខាងលើ ជាដែនគម្របព្រៃឈើ ស្ថិតក្នុងការគ្រប់គ្រង របស់រដ្ឋ គ្មានកម្មសិទ្ធិបុគ្គលណាឡើយ។

យ៉ាងនេះក្តី ប្រជាពលរដ្ឋរាប់សិបនាក់ រស់នៅសហគមន៍អូរខ្សាច់ និងមកពីសហគមន៍ មានទំនាស់ដីធ្លីផ្សេងទៀត ក្នុងខេត្តព្រះសីហនុ ក៏បានមកប្រមូលផ្តុំគ្នា នៅលើទីតាំងដីមានទំនាស់ ដែលត្រូវអាជ្ញាសាលា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចេញលិខិតឲ្យប្រជាពលរដ្ឋ ១៦គ្រួសារ រុះរើសំណង់ ឬផ្ទះ ដោយស្ម័គ្រចិត្ត ប៉ុន្តែប្រជាពលរដ្ឋ មិនព្រមរុះរើតាមការជូនដំណឹងនេះទេ។ ជាងនេះទៀត ក៏មិនឃើញ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីតុលាការ បង្ហាញវត្តមាននៅលើទីតាំងខាងលើដែរ នៅថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែវិច្ឆិកានេះ។

អ្នកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការលីការដូ និងសមាគមន៍អាដហុក ក៏បានចុះអង្កេតផ្ទាល់ដល់លំនៅដ្ឋានពលរដ្ឋ រស់នៅជាក់ស្តែង ដោយបញ្ជាក់ថា ទីតាំងនេះ មានដាំដើមឈើហូបផ្លែធំៗ ហើយមានម្លប់ត្រឈឹងត្រឈៃថែមទៀតផង៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

Football news:

Gary Neville: We will discuss Tuchel's departure in 1.5-2 years, I am sure. This is how Chelsea works
Valery Gazzaev about his son in Siena: He's only 40, he needs to gain experience. The deputy of the State Duma Valery Gazzaev commented on the appointment of his son Vladimir as the head coach of Siena from the 4th division of Italy
Pedri about Barca: I got where I wanted to go. Learning is easier when there are good players around
Rangnick refused to take charge of Chelsea on an Interim basis
Bruno on van de Beke: I would not be happy if I was in Donny's position
Another quarter of an inch and I'd have lost an eye. Middlesbrough player Fry was kicked in the face, the referee did not give a penalty
Mueller congratulated Brady, who reached his 10th Super Bowl at the age of 43: You are a hero and an inspiration!