Views: 1
ដោយ:សុក្ខារិន/ពោធិសាត់: នៅថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២៣នេះ លោក ខូយ រីដា អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានចាត់ឲ្យក្រុមការងារដឹកនាំដោយលោក កាង ប៉េងហាក់ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការនិងលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិបាននាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ខេត្តចែកជូនចាស់ជរា ជនពិការនិងទីទ័លក្រនៅឃុំកំពង់ហ្លួង ស្រុកក្រគរចំនួន៣០គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរនៅសាលាឃុំកំពងហ្លួង។

ជាការពិតណាស់ថា ឃុំកំពង់ហ្លួង គឺជាឃុំមួយស្ថិតនៅលើផ្ទៃទឹកបឹងទន្លេសាប ប្រជាពលរដ្ឋពឹងផ្អែកទាំងស្រុងលើមុខរបរប្រជានេសាទ តែពេលនេះគឺជារដូវបិទនេសាទជាហេតុធ្វើឱ្យប្រជាពលរដ្ឋជួបកង្វះខាតជីវភាព ជាពិសេសជនចាស់ ជនពិការស្ត្រីម៉េម៉ាយមានកូនច្រើនត្រូវតែមានការជួយទំនុកបម្រុងទៅតាម ស្ថានភាពជាក់ស្តែងមិនត្រូវមើលរំលងឡើយ។
លោក កាង ប៉េងហាក់ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃទឹកបឹងទន្លេសាប តាមដងប្រឡាយ ព្រែក អូរ ស្ទឹង សូមទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីប្រែក្លាយផ្ទៃទន្លេ ព្រែក អូរ ប្រឡាយ ស្ទឹងទាំងនោះកាន់តែស្អាតមានសោភណ្ឌភាពបរិស្ថានល្អក្នុងការទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកលេងកំសាន្ត។

កត្តាដែលសំខាន់ជាងនេះទៅទៀតនោះសូមឱ្យបងប្អូនចូលរួមថែរក្សាសុខភាព ព្រោះថានេះគឺជារដូវវស្សា តែងតែឧស្សាហ៍កើតជំងឺគ្រុនឈាម គ្រុនចាញ់និងជំងឺគ្រុនឈិក ភាគច្រើនមកលើកុមារ ដូច្នេះត្រូវចូលរួមកំចាត់ដង្កូវទឹក នៅក្នុងបរិវេណផ្ទះសម្បែង ភូមិឋានឱ្យបានព្រមៗគ្នានិងចូលរួមអនុវត្តភូមិឃុំ សង្កាត់មានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ទាំងផ្លូវទឹកនិងទាំងផ្លូវគោកទាំងអស់គ្នាដើម្បីរួមចំណែកកាត់បន្ថយ អត្រាគ្រោះថ្នាក់ដល់អាយុជីវិតនិងខូចខាតទ្រព្យសម្បតិ្តជាដើម។
លោក លីវ សេងហ៊ីម អភិបាលស្រុកនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រកម្ពុជា ស្រុកក្រគរ បានថ្លែងអំណរគុណចំពោះប្រធានគណៈកម្មាធិការសាខានិងប្រតិភូដែលបាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តមកចែកជូនជនចាស់ជរា ជនពិការនិងប្រជាពលរដ្ឋទីទ័លក្រទាំង៣០គ្រួសារនៅក្នុងឃុំកំពង់ហ្លួងបានទាន់ពេល វេលា។ ក្នុងនាមរដ្ឋបាលស្រុកលោកក៏បានថ្លែងទៅកាន់ប្រជាពលរដ្ឋត្រូវថែរក្សាសុខភាពឱ្យបានល្អ គឺហូបស្អាត ផឹកស្អាតនិងរស់នៅ ស្អាតកុំធ្វេសប្រហែសត្រូវមានអនាម័យជាប់ជាប្រចាំទើបធ្វើឱ្យក្រុមគ្រួសារទទួលបាននូវភាពកក់ក្តៅ រីករាយនិងមានសុភមង្គល៕/r
