Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពលរដ្ឋលើខ្នងភ្នំគូលែន ប្រើស្លឹកឃុនមារ សម្រាប់រកប្រាក់ចំណូល និងជួយបង្កើតការងារ

Views: 3

ដោយ៖ ដេប៉ូ / សៀមរាប៖ ប្រជាសហគមន៍នៅលើខ្នងភ្នំគូលែន ខេត្តសៀមរាប បានប្រើប្រាស់ និងអាស្រ័យផល ក្នុងការប្រកបមុខរបរ ដេរស្លឹកឃុនមារលក់ ដែលមុខរបរនេះ អាចជួយលើកស្ទួយជីវភាពប្រចាំថ្ងៃ និងពិសេសបានជួយបង្កើតការងារឱ្យពួកគាត់ក្រៅពីរបរកសិកម្មទៀតផង។ នៅលើខ្នងភ្នំគូលែន ឬហៅថា ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន មួយកន្លែងនេះ ជាទីតាំងប្រវត្តិសាស្រ្ត និងក៏ជាភ្នំសក្ការបូជា នៅក្នុងប្រទេសកម្ពុជា។

ជាយូរយារមកហើយ ប្រជាសហគមន៍ ដែលរស់នៅលើខ្នងភ្នំនេះបានប្រើប្រាស់ និងអាស្រ័យផលស្លឹករុក្ខជាតិម្យ៉ាង ឈ្មោះឃុនមារ ស្ទើរក្លាយជាប្រពៃណី និងបានប្រើប្រាស់ សម្រាប់រកប្រាក់ចំណូលសំខាន់មួយ នាពេលបច្ចុប្បន្ន។

ទាក់ទិនក្នុងរឿងនេះ លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំ អន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានឱ្យដឹងថា: ប្រជាពលរដ្ឋ នៅសហគមន៍របស់លោកតែងអាស្រ័យផល លើការប្រកបរបរបេះស្លឹកឃុនមារ មកដេរសម្រាប់រកចំណូលបន្ថែម។បច្ចុប្បន្ន វាបានក្លាយជារបស់មួយសម្រាប់ជួយបង្កើតការងារ ដល់ប្រជាសហគមន៍។

លោកប្រធានសហគមន៍រូបនេះ បានបញ្ជាក់ប្រាប់ដែរថា: ក្រៅពីរបរកសិកម្ម ដូចជាចិញ្ចឹមមាន់ ចិញ្ចឹមជ្រូកកណ្តុរ ដាំដើមស្វាយចន្ទី ពលរដ្ឋនៅសហគមន៍របស់លោក ក៏មានមុខរបរមួយទៀត គឺដេរស្លឹកឃុនមារនេះលក់។សម្រាប់ពលរដ្ឋ ដែលដេរស្លឹកនេះលក់ច្រើនបំផុត គឺភូមិថ្មី និងភូមិកែឡាក់ លើខ្នងភ្នំគូលែន។

លោកបានអះអាងថា: អ្នកភូមិតែងដេរស្លឹកនេះ ទាំងខែប្រាំង និងរដូវវស្សា សម្រាប់លក់ក្នុងខេត្តសៀមរាប។ ពួកគាត់តែងចេញបេះស្លឹកឃុនមារ ហាលឱ្យស្ងួត ហើយដេរភ្ជាប់គ្នា ដោយមានទទឹងប្រមាណ ២ ម៉ែត្រ និងបណ្តោយប្រមាណ ៣-៤ ម៉ែត្រ ដោយលក់វាស់ប្រវែង ក្នុងមួយម៉ែត្រ តម្លៃចាប់ពី ១៥.០០០-២០.០០០ រៀល។

លោកប្រធានសហគមន៍រូបនេះ បានឱ្យដឹងទៀតថា: ស្លឹកឃុនមារនេះ ពលរដ្ឋបានចេះប្រើប្រាស់ និងអាស្រ័យផល តៗគ្នា តាំងតែពីបុរាណកាលមក។ ស្លឹកនេះ គេអាចប្រើប្រក់ជាដំបូល និងធ្វើជាជញ្ជាំងផ្ទះ ជំនួសការប្រើប្រាស់ស័ង្កសី។ ដំបូល និងជញ្ជាំងផ្ទះស្លឹកឃុនមារ អាចជាជម្រកដ៏ត្រជាក់របស់ប្រជាសហគមន៍ បានប្រមាណ ៦ ទៅ ៨ ឆ្នាំ ទើបវាពុកផុយ។ ក្រៅពីប្រក់ផ្ទះ ស្លឹកឃុនមារ ក៏គេប្រើសម្រាប់ធ្វើជាកញ្ចុះសម្រាប់ទីកម្សាន្តច្រើនកន្លែង នៅខេត្តសៀមរាប ។ ស្លឹករុក្ខជាតិប្រភេទនេះ គេចូលចិត្តប្រើដោយសារតែវាធន់នឹងទឹកភ្លៀង ពន្លឺថ្ងៃ ហើយប្រើប្រាក់ដំបូល មានសភាពត្រជាក់ផង។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋ រស់នៅលើខ្នងភ្នំគូលែន បានឱ្យដឹងថា: ស្លឹកឃុនមារនេះ មិនងាយឆាបឆេះ ដូចស្លឹកត្នោត ឬស្បូវទេ ហើយពិសេសជាស្លឹក ប្រើប្រក់ដំបូលផ្ទះ ហើយមានភាពត្រជាក់ត្រជុំ និងជាប់បានយូរឆ្នាំថែមទៀត៕/V

Post navigation