Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រះរាជអាជ្ញាអនុញ្ញាឱ្យពិរុទ្ធជន កឹម សុខា ជួបសហមេធាវីការពារក្តីនៅថ្ងៃទី២៨ មីនា

Views: 1

ដោយ:មុនីរ័ត្ន/ភ្នំពេញ:អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនា នេះ បានចេញសេចក្តីប្រកាសព័ត៌មានមានថា៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ តំណាងអយ្យការបានទទួលលិខិតរបស់ពិរុទ្ធជន កឹម សុខា ដើម្បី ស្នើសុំជួបជាមួយសហមេធាវីការពារក្ដីរបស់ខ្លួន ដើម្បីបន្តនីតិវិធីតាមផ្លូវតុលាការ ជាពិសេសជួបពិគ្រោះយោបល់ ក្នុងការប្តឹងឧទ្ធរណ៍ឲ្យទាន់ពេលវេលាកំណត់ ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនថា ៖ ដោយអនុវត្តទៅតាមសាល ក្រមព្រហ្មទណ្ឌលេខ ១៨២ “ម” ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ត្រង់ចំណុចទី៣ កថាខណ្ឌទី២ នៃសេចក្តីសម្រេចបានសម្រេចថា៖ “មិនត្រូវជួបបុគ្គលណាម្នាក់ទាំងសញ្ជាតិខ្មែរ និងបរទេសដោយផ្ទាល់ ឬ ប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យាក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញា នៃអយ្យការអាមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ ” ។ ក្រោយពីបានទទួល លិខិតស្នើសុំខាងលើ តំណាងអយ្យការបានអនុញ្ញាតឱ្យពិរុទ្ធជន កឹម សុខា ទទួលជួប និងឱ្យសហមេធាវីការពារក្តី ដែលមានឈ្មោះនៅក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ៥៦៤២/. ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ របស់អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ចូលជួបជាមួយពិរុទ្ធជន កឹម សុខា នៅក្នុងលំនៅឋានផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង១៧:០០នាទីរសៀល តាមលិខិតអនុញ្ញាតលេខ ២៦២ អយក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោមកិច្ចសម្របសម្រួលរបស់មន្ត្រីនគរបាលយុត្តិធម៌ ។

លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតអនុញ្ញាតឲ្យពិរុទ្ធជន កឹម សុខា ទទួលជួបសហមេធាវីការពារក្តី និងឲ្យសហមេធាវីការពារក្តីដែលមាន ឈ្មោះ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៤២/ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ របស់អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ចូលជួបជាមួយពិរុទ្ធជន កឹម សុខា នៅលំនៅឋាន ផ្ទះលេខ៩៧ ផ្លូវ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង១៧:០០នាទីរសៀល និង ឲ្យមន្ត្រីនគរបាលយុត្តិធម៌ ដែលមានសមត្ថកិច្ចអនុវត្តសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដូចមាន យោងខាងលើ ផ្ដល់កិច្ចសហការ និងសម្របសម្រួលដើម្បីឲ្យសហមេធាវីអាចចូលជួបពិរុទ្ធជន កឹម សុខា ៕ សរន

Post navigation