Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រះវិហារ​មាន​បេក្ខជន​ជិត​១.៧០០​នាក់ បាន​ចូលរួម​ប្រឡង​សញ្ញាប័ត្រ មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ​

Views: 13

ដោយ​: សៅ​វ៉ាន់ឌី​/​ព្រះវិហារ​: ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ បាក់​ឌុប ឆ្នាំ​២០២២ ខេត្តព្រះវិហារ មាន​មណ្ឌល​ប្រឡង​បី និង​មាន​បេក្ខជន ១.៦៧៧​នាក់ ចូលរួម​នៅក្នុង​ការប្រកួតប្រជែង​ចំណេះដឹង ដែល​បាន​សិក្សា​នៅពេល​កន្លងមក ដើម្បី​ដណ្តើមយក​ជ័យលាភី​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​កម្រិត​ថ្នាក់​វិទ្យាល័យ និង​ដើម្បី​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ក៏​ដូច​ចេញទៅ​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​រដ្ឋ ឬ​ស្ថាប័នឯកជន​ផ្សេងៗ​។​

​ដោយឡែក ខេត្តព្រះវិហារ នៅ​ថ្ងៃទី​១ នៃ​សម័យ​ប្រឡង ត្រូវ​នឹង​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២២​នេះ ដែល​បាន​ធ្វើឡើង​នៅ​វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ក៏បាន​ចាប់​បើក​វិញ្ញាសារ​ប្រឡង​ព្រមៗ​គ្នា​នៅ​ព្រឹក​នេះ​ផងដែរ នៅតាម​មណ្ឌល​ប្រឡង​ទាំងបី ដោយបាន​ធ្វើឡើង​ក្រោម​ការត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​របស់ អភិបាលរង​ខេត្ត​លោក អ៊ុង វុទ្ធី ប្រតិភូ​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​, សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រះវិហារ និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត ផងដែរ​។​

​យោង​របាយការណ៍​រប​ស់ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តព្រះវិហារ បាន​បង្ហាញថា ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២២​នេះ ខេត្តព្រះវិហារ មាន​មណ្ឌល​ប្រឡង​ចំនួន​បី ,​មាន​បេក្ខជន​សរុប ១.៦៧៧​នាក់ ស្រី ៩២០​នាក់ ក្នុងនោះ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន ៣៦១​នាក់ ស្រី ២២៥​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន ១.៣១៦​នាក់ ស្រី ៦៩៥​នាក់​។​

​លោក អ៊ុង វុទ្ធី អភិបាលរង​ខេត្តព្រះវិហារ​បាន​ថ្លែងថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២២​នេះ យើង​បានធ្វើ​ការរៀបចំ​ដំណើរការ​ដោយ​រលូន ទៅតាម​ការណែនាំ​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សារាចរ​ណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​អនុវត្តន៍​វិធានការ​សុខាភិបាល ៣​ការពារ និង ៣​កុំ បង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ដោយមាន​ការត្រួតពិនិត្យ​សុខភាព​ជាមុន ពាក់​ម៉ាស បាញ់​អាល់កុល​ជាដើម និង​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ មាន​កម្លាំង​នគរបាល កម្លាំង​អាវុធហត្ថ និង​ការចូលរួម​សម្របសម្រួល​ពី​យុវជន​សស​យក និង​មានការ​ត្រួតពិនិត្យ​ពី​ក្រុមមន្ត្រី​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ ថែម​ទៀតផង ។​

​លោក​អភិបាលរង​ខេត្ត បាន ក្រើនរំលឹក​ដល់​បេក្ខជន​ប្រឡង​ទាំងអស់ ត្រូវខិតខំ​ប្រឹងប្រែង​ឲ្យ​អស់​សមត្ថភាព ដើម្បី​ទទួលបាន​ជោគជ័យ​លើ​ការប្រឡង​នេះ យកទៅ​សម្រេច​លើ​ជោគវាសនា​របស់ខ្លួន នាពេល​អនាគត​។​

​គួរ​បញ្ជាក់ថា ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ឆ្នាំ​២០២២ ប្រព្រឹត្ត​ទៅក្នុង​រយៈពេល ពីរ​ថ្ងៃ គឺ​ថ្ងៃទី​៥-៦ ខែធ្នូ ឆ្នាំ​២០២២​នេះ​៕​/R

Post navigation