Views: 1
ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ថ្ងៃទី១០ កញ្ញា ព្រឹកមិញនេះ ការប្រកួតកីឡាតេក្វាន់ដូ ITF (International Taekwondo Federation) ក្នុងក្របខ័ណ្ឌកីឡា សិស្សមធ្យសិក្សាមធ្យមសិក្សា បានបញ្ចប់ហើយ។

ការប្រកួតកីឡាតេក្វាន់ដូ ITF នៃកីឡាសិស្សមធ្យមសិក្សា ថ្នាក់ជាតិឆ្នាំនេះ មានប្រតិភូ និងកីឡាករ -កីឡាការិនី មកពី ១១ រាជធានី-ខេត្ដ ចូលរួម ។
បន្ទាប់ពីឆ្លងកាត់ការប្រកួត ចំនួន ៥ ថ្ងៃ គឺខេត្តកំពង់ស្ពឺ ដណ្ដើមបានមេដាយច្រើន ជាងគេ សរុប ៩ គ្រឿង ក្នុងនោះ មេដាយមាស ៥គ្រឿង ប្រាក់ ៣ និងសំរឹទ្ធ ១គ្រឿង។ ខេត្តស្ទឹងត្រែង ឈរលេខ២ ឈ្នះមេដាយសរុប ៥គ្រឿង ក្នុងនោះមេដាយមាស ២គ្រឿង ប្រាក់ ២គ្រឿង និងសំរឹទ្ធ ១គ្រឿង និងខេត្តកោះកុង ឈរលេខ៣ ឈ្នះមេដាយសរុប ៥គ្រឿង ក្នុងនោះ មេដាយមាស ២គ្រឿង ប្រាក់ ១គ្រឿង និងសំរឹទ្ធ ២គ្រឿង ។ ចំពោះ រាជធានី ខេត្ត ៨ ផ្សេងទៀត ក៏សុទ្ធតែដណ្ដើមបានមេដាយដែរ ។
លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អញ្ជើញចូលរួម ក្នុងពិធីបិទការ ប្រកួតនោះ បានប្រកាសបន្ដ ធ្វើជាប្រធានសហព័ន្ធបន្តទៀត ដើម្បីដឹកនាំ និងជំរុញ ការអភិវឌ្ឍវិស័យកីឡាមួយនេះ ឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅរកការប្រកួតប្រជែង មេដាយ និងកិត្តិយស ជូនជាតិ ជាបន្ដបន្ទាប់ទៀត ។
លោកទេសរដ្ឋមន្ដ្រី កែវ រ៉េមី បានបន្ដថាៈ ការសម្រេចបន្ដធ្វើជាប្រធានសហព័ន្ធនេះ ក៏ព្រោះមានការស្នើសុំពីថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធផង ក៏ដូចជា គ្រូបង្វឹក និងកីឡាករ កីឡាការិនីផង។ អ្វីដែលពិសេសគឺ លោកសប្បាយចិត្ត នៅពេលឃើញវិស័យកីឡាមួយនេះ កំពុងមានការរីកចម្រើនជាក់ស្ដែង ក្នុងការប្រកួត កីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ឆ្នាំ២០២៣ នេះតែម្ដង ។
លោកសង្ឃឹមថា ការបន្ដដឹកនាំសហព័ន្ធនេះ នឹងជំរុញឲ្យវិស័យកីឡាតេក្វាន់ដូ ITF កម្ពុជា បន្ដនិរន្ដរភាព ជាមួយនឹងភាពខ្លាំង ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់ត្រៀមចូលរួមការប្រកួត ទាំងថ្នាក់ជាតិ និងអន្ដរជាតិ៕ V / N


