Views: 1
ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២៣ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញសម្ពោធដាក់ឪ្យប្រើប្រាស់ជាផ្លូវការអគារសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាតម្លៃជិត ២ លានដុល្លារស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

អគារសិក្សាថ្មីនេះត្រូវបានប្រសិទ្ធនាមថា«អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី»ត្រូវបានសាងសង់ឡើងដោយចំណាយថវិកាសរុបជិត២លានដុល្លារអាមេ រិក។ ថវិកាសាង សង់អគារសិក្សានេះទទួលបានការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជានិងក្រុមគ្រួសារ ព្រមទាំងសប្បុរសជននានា។
លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានឱ្យដឹងថាអគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានបន្ទប់សិក្សា ការិយាល័យ បណ្ណាល័យតេជោសន្តិភាពសាល សវការកាត់ក្តីសម្រាប់និស្សិតផ្នែកច្បាប់និងសាលប្រជុំ ។ អគារនេះមានកម្ពស់ ៩ជាន់ស្មើនឹង ៤៥បន្ទប់ ដែលត្រូវបានបញ្ចុះបឋមសិលាសាង សង់នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២ ។ អគារសិក្សានេះបានរចនាប្លង់ស្ថាបត្យកម្មរចនាប័ទ្មខ្មែរបែបសហសម័យ នាសម័យតេជោសន្តិភាពនិងអភិវឌ្ឍន៍ដោយសំយោគចូលនូវរចនាប័ទ្មស្ថាបត្យកម្ម ខ្មែរសំខាន់ៗរួមមានស្ថាបត្យកម្មប្រពៃណីផ្ទះបុរាណខ្មែរ ព្រះពុទ្ធសាសនា ប្រាសាទបុរាណខ្មែរ (អង្គរវត្ត បន្ទាយស្រី និងប្រាសាទបាគង) សំណង់បេតិកភណ្ឌអាណានិគមនិង ស្ថាបត្យកម្មទំនើបកម្ម។
ក្រៅពីនេះ អគារ កំពុងបំពាក់សម្ភារៈបរិក្ខារទំនើបៗ និង តភ្ជាប់បណ្តាញអ៊ីនធើណេតដែលមានល្បឿនលឿនចំណាយថវិកាអស់ប្រមាណ ៥៧ម៉ឺនដុល្លារអា មេរិក។ ក្នុងនោះ ថវិការបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្រោយពីការសាងសង់រួចចំនួន ៣៥ ម៉ឺនដុល្លារអាមេរិក និងនៅខ្វះថវិកាចំនួន ២២ម៉ឺនដុល្លារបន្ថែមទៀត។ការបំពាក់សម្ភារៈបរិ ក្ខារនេះនឹងផ្តល់លទ្ធភាពដល់សមណនិស្សិត និស្សិត ក្នុងការប្រើប្រាស់និងសិក្សាស្រាវជ្រាវ ។ ទាំងទំហំកម្ពស់រចនាប័ទ្ម សំ ណង់ស្ថាបត្យកម្មនិងការបំពាក់សម្ភារៈបរិក្ខារបាន ធ្វើឱ្យអគារសិក្សាថ្មីនេះក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រពុំធ្លាប់មានសម្រាប់ពុទ្ធិកសិក្សានៅកម្ពុជាដើម្បីផ្តល់ឱកាសដល់សមណនិស្សិត និស្សិតក៏ដូចជាកូនខ្មែរអាចបន្តការ សិក្សា នឹងក្លាយជាសសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគត។
សូមបញ្ជាក់ថាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋស្ថិតក្រោមក្រសួងធម្មការ និងសាសនា ផ្ដួចផ្ដើមបង្កើតឡើងដោយព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្ម យុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងបានការប្រោសព្រះរាជទាននាមពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៤ មាននាមថា «ពុទ្ធិក មហាវិទ្យាល័យព្រះសីហមុនីរាជា»។
ក្រោយមកពុទ្ធិកមហាវិទ្យាល័យព្រះសីហមុនីរាជា បានក្លាយជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាតាមអនុក្រឹតលេខ៨៣ អនក្រ.ប.កចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស ទាំងបព្វជិត និងគ្រហស្ថ ស្របតាមគោលការណ៍មនុស្សធម៌ និងតម្លៃស្នូលគឺ «មេត្តា សតិ បញ្ញា»ដោយមិន ប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជំនឿសាសនា និងការរើសអើងណាមួយឡើយ។
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាមាន៤ ពុទ្ធិកមហាវិទ្យាល័យរួមមាន៖១. ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជាសាសនានិងនីតិសាស្ត្រ, ២.ពុទ្ធិកមហាវិទ្យា ល័យបាលី-សំស្រ្កឹត និងភាសាបរទេស, ៣. ពុទ្ធិកមហាវិទ្យាល័យ វិទ្យាសាស្ត្រអប់រំ និងអក្សរសាស្ត្រ និង៤. ពុទ្ធិកមហាវិទ្យាល័យព័ត៌មានវិទ្យាដោយបណ្តុះបណ្តាលលើ៧ឯកទេសរួមមាន៖ ១.អក្សរ សាស្ត្រខ្មែរ, ២.ទស្សនវិជ្ជាព្រះពុទ្ធសាសនា,៣. វិទ្យាសាស្ត្រអប់រំ, ៤. នីតិសាស្ត្រ, ៥. គ្រប់គ្រងទូទៅ, ៦.អក្សរសាស្ត្រអង់គ្លេស និង៧. វិទ្យាសាស្ត្រកុំព្យូទ័រ។
ជាងនេះទៅទៀត ពុទ្ធិកសាកលវិទ្យាល័យកំពុងបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើឯកទេសចំនួន៧ ដូចជា៖ ១. អក្សរសាស្ត្រខ្មែរ, ២. គ្រប់គ្រងទូទៅ, ៣. បង្រៀនភាសាអង់គ្លេស, ៤. វិទ្យាសាស្ត្រអប់រំ, ៥. រដ្ឋបាលសាធារណៈ, ៦. នីតិឯកជន និង៧. ទស្សនវិជ្ជាព្រះពុទ្ធសាសនា។
ក្រោយពេលបញ្ចប់ការសិក្សាសមណនិស្សិត និស្សិតទាំងថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់គ្រប់ជំនាន់ទទួលបានការប្រោសព្រះរាជទានសញ្ញាបត្រពីព្រះករុណាព្រះ បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាបានក្លាយជាសមាជិក សមាគមសាកលវិទ្យាល័យអន្តរជាតិ នៃអង្គការ UNESCO ហៅកាត់ថា IAU ដែលមានសាកលវិទ្យាល័យជាង៦០០ ជាសមាជិក មកពី ១៣០ប្រទេសទូទាំងពិភពលោក។ ការណ៍នេះ បានក្លាយជាប្រវត្តិសាស្ត្រថ្មីដែលពុំធ្លាប់មានក្នុងប្រវត្តិពុទ្ធិក សិក្សានៅកម្ពុជា ក្នុងការលើកកម្ពស់ឧត្តមភាពពុទ្ធិកសិក្សាលើឆាកអន្តរជាតិ។
ក្រៅតែពីអគារដែលសម្ពោធដាក់ឱ្យប្រើប្រាស់ខាងលើនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានអគារសិក្សាចំនួន៣ផ្សេងទៀតរួមមាន៖ ទី១. អគារព្រះករុណា ព្រះមហាក្សត្រសីហមុនីមាន ៩បន្ទប់,ទី២. អគាររដ្ឋបាលមានចំនួន៩បន្ទប់,ទី៣. អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានចំនួន ២៤បន្ទប់៕



