
ប្រែសម្រួលៈវាសនា/បាងកក,ថៃឡង់ដ៍៖ ពួកអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលថៃ កាលពីយប់ថ្ងៃសុក្របានអំពាវនាវអោយបញ្ចប់រដ្ឋប្រហារនៅក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ នៅពេលការតវ៉ាប្រឆាំងតាមដងផ្លូវរាប់ខែមកនេះកំពុងបង្កពាក្យចចាមអារ៉ាមអំពីការចូលអន្តរាគមន៍ដោយយោធាមួយទៀត។
ពួកបាតុករបាននិងកំពុងទាមទារអោយនាយករដ្ឋមន្ត្រីនិងជាអតីតមេដឹកនាំរដ្ឋប្រហារលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង តែពួកគេក៏មិនចង់អោយឧត្តមសេនីយ៍ណាម្នាក់ចូលជំនួសលោកដែរ។
ពួកអ្នករៀបចំបានហៅការប្រឆាំងតវ៉ាកាលពីថ្ងៃសុក្រថា«ការហាត់សមដើម្បីបង្ក្រាបរដ្ឋប្រហារមួយ»។មនុស្សរាប់រយនាក់បានចូលរួមនៅក្នុងអ្វីដែលជាបាតុកម្មស្ទើររាល់ថ្ងៃចាប់តាំងពីពាក់កណ្តាលខែកក្កដាមក។
ការដឹកនាំកម្លាំងយោធាចូលកាន់កាប់អំណាចដោយលោកប្រាយុទ្ធនៅឆ្នាំ២០១៤ ជារដ្ឋប្រហារបានសំរេចទី១៣ ចាប់តាំងពីការបញ្ចប់រាជាធិបតេយ្យដាច់ខាតនៅឆ្នាំ១៩៣២។លោកនៅជានាយករដ្ឋមន្ត្រីក្រោយការបោះឆ្នោតកាលពីឆ្នាំមុន តែពួកអ្នកប្រឆាំងតវ៉ានិយាយថា ការបោះឆ្នោតនោះត្រូវបានរៀបចំទុកតាមរយៈរដ្ឋធម្មនុញ្ញតាក់តែងឡើងដោយរបបសឹក ដើម្បីរក្សាលោកប្រាយុទ្ធ និងក្រុមយោធានៅក្នុងអំណាចដដែល។
ទោះជាយ៉ាងណា លោកប្រាយុទ្ធ បានអះអាងថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយយុត្តិធម៌។
តាន់ សិស្សវិទ្យាល័យម្នាក់ដែលបានចូលរួមក្នុងការប្រឆាំងតវ៉ានេះដែរ បាននិយាយថា «ខ្ញុំទើបអាយុ១៨ឆ្នាំ តែបានឆ្លងកាត់រដ្ឋប្រហារ២។យើងមិនចង់បានប្រវត្តិសាស្ត្រច្រំដែលទេ»។
ទោះជាយ៉ាងណា ទាំងលោកប្រាយុទ្ធ និងប្រមុខកងទ័ពថៃ ឧត្តមសេនីយ៍ ណារ៉ុងផាន ជីតកែវទែ នៅសប្តាហ៍នេះបានចេញមកច្រានចោលលទ្ធភាពនៃការធ្វើរដ្ឋប្រហារមួយទៀតក្នុងពេលឆាប់ៗ តែវាកាន់តែមានពាក្យលេចឮថាមិនយូរមិនឆាប់រដ្ឋប្រហារមួយអាចនឹងកើតឡើងដោយសារតែការប្រឆាំងតវ៉ានៅតែបន្តក្រោយរដ្ឋាភិបានិងសភាមិនបានដោះស្រាយការទាមទាររបស់គេណាមួយក្នុងចំណោមការទាមទារធំ៣ចំណុច រីឯការប្រឈមមុខគ្នាក៏ហាក់កាន់តែហិង្សា។
ពួកអ្នកប្រឆាំងតវ៉ាក៏ចោទប្រកាន់ស្ថាប័នស្តេចថាបានជួយសម្រួលអោយក្រុមយោធាមានឧត្តមភាពអំណាចអស់ពេលរាប់ទសវត្សរ៍នៅក្នុងព្រះរាជាណាចក្រនេះ និងពួកគេកំពុងតវ៉ាទាមទារកំហិតអំណាចស្តេចមហា វិជ្ជរ៉ាឡុងកន រួមទាំងសិទ្ធិអំណាចទទួលយករដ្ឋប្រហារនាពេលអនាគតផង៕
ពួកអ្នកប្រឆាំងតវ៉ាថៃ បង្ហាញកម្លាំងកាលពីថ្ងៃសុក្រនៅក្រុងបាងកក