ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ អាជ្ញាធរដែនដី មន្ទីរអប៎រំ យុវជន និងកីឡា សហការនឹងសហភាពសហភាពយុវជនកម្ពុជា (ស.ស.យ.ក.) បានចុះចែកសៀវភៅ កម្រងវិញ្ញាសាប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (ឆ្នាំ១៩១៤ ដល់ ២០១៩ ) ដល់សិស្សថ្នាក់ទី១២ នៅតាមវិទ្យាល័យនានា នៅខេត្តបន្ទាយមានជ័យ សម្រាប់សិស្ស យកទៅអាន រៀនសូត្រ និងធ្វើលំហាត់ ហើយឆ្លុះបញ្ចាំង ដើម្បីត្រៀមប្រឡង។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា, លោក ហ៊ូ ប៊ុនហេង ទីប្រឹក្សាលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន, លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ត្រីអប់រំ និងគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្ស បានចូលរួមក្នុងឱកាសនោះ ច្រើនកុះករ។
លោក ឈួ ប៊ុនរឿង បាអោយដឹង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិទ្យាល័យអូរអំបិលថាៈ សៀវភៅកម្រងវិញ្ញាសាទាំងនេះ ជាអំណោយថតចម្លង និងបោះពុម្ពរបស់លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. និងលោកស្រី កែ សួនសុភី ហើយបានរៀបចំដោយ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។
លោក ឈួ ប៊ុនរឿង បានបន្តថាៈ បំណងនៃការរចែកសៀវភៅ កម្រងវិញ្ញាសា ដើម្បីអោយសិស្សថ្នាក់ទី១២ និងដែលនឹងក្លាយជាបេក្ខជន / នារី ប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ បានអាន រៀន និងធ្វើលំហាត់ត្រៀមប្រឡង នៅសម័យប្រឡង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ ដ៏ខ្លីខាងមុខនេះ ពោលគឺជំរុញអោយសិស្ស ប្រឡងបាក់ឌុប ជាប់កាន់តែច្រើន ហើយបើអាច នឹងបាននិទ្ទេសល្អទៀតផង ។
សូមបញ្ជាក់ថាៈ ១ ព្រឹកនេះ ក្រុមមន្ត្រីទាំងនោះ បានចែកជូនសិស្ស ចំនួន ៩៤០ នាក់ ដែលរួមមាន សិស្សវិទ្យាល័យអូរអំបិល ៣៨៣ នាក់ / ស្រី ២១១នាក់, វិទ្យាល័យសម្តេចឪ ចំនួន ៤០៩ នាក់ / ស្រី ២០៣នាក់ និងវិទ្យាល័យសិរីសោភ័ណ ចំនួន ១៤៨ នាក់ / ស្រី ៧៥ នាក់។ ឯនៅមុនពេលនេះ រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរអប់រំ បានចែកសិស្សថ្នាក់ទី១២ នៅវិទ្យាល័យសាធារណៈមួយចំនួន ហើយជាបន្ត នឹងទៅចែកតាមវិទ្យាល័យសាធារណៈ និងវិទ្យាល័យឯកជន នៅទូទាំងខេត្ត ។
សូមរំលឹកថា យោងទិន្នន័យលទ្ធផលប្រឡង ជាប់សញ្ញាបត្រមធ្យមសិក្សា របស់ការិយាល័យមធ្យមសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមាជ័យ បានអោយដឹងថាៈ ចាប់ពីឆ្នាំ២០១៥ -២០១៩ (តាមនិទ្ទេស A-E ) គឺភាគរយប្រឡង ជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ មានការកើនឡើង និងថយចុះបន្តិចបន្តួច។ ក៏ប៉ុន្តែចំនួនបេក្ខជនប្រឡងជាប់ មានការកើនឡើង ជាលំដាប់ចាប់ពី ១.៥១១ នាក់ (ឆ្នាំ២០១៥) ដល់ ២.៦៨៤ នាក់ (ឆ្នាំ២០១៩) កើនឡើងជិត ២ ដង។
ចំពោះការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលសម័យប្រឡង ប្រព្រឹត្តទៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ មាន ៧ មណ្ឌល ស្មើនឹង ២២៤ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន ៣ មណ្ឌល ស្មើនឹង ៩៨ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ៤ មណ្ឌល ស្មើនឹង ១២៦ បន្ទប់ ។ បេក្ខជនក្នុងបញ្ជីមាន ៥.៥៧៤នាក់ / ស្រី២.៨៧៨នាក់ ។ បេក្ខជនចំណេះទូទៅ មាន ៤.១៣៧ នាក់ / ស្រី២.២០៦នាក់ , បេក្ខជនស្វៃរិនមាន ១.១០២ នាក់ / ស្រី ៥៨៥ នាក់ និងបេក្ខជនបំពេញវិជ្ជា មាន ៣៣៥ នាក់ / ស្រី ៨៧ នាក់ ។
លោក អ៊ុំ រាត្រី ក៏ដូចជាលោក ឈើយ ចាន់ណា បានក្រើនរំលឹកថាៈ រយៈពេល ១ខែទៀត ដែលនឹងដល់ថ្ងៃត្រូវប្រឡង បើក្មួយៗ ខិតខំយកចិត្តទុកដាក់ ពេញបន្ទុក ក្មួយៗ នឹងអាចប្រឡងជាប់។ ការប្រឡង គឺយកទស្សនាទាន របស់ក្រសួងអប់រំ យុវជន និងកីឡាដដែល ” ចេះប្រឡងជាប់ ” ។ ដំណើរប្រព្រឹត្តទៅ នៃការប្រឡង គឺអ្នកសង្កេតការណ៍ មកពីអង្គភាពប្រឆាំងអំពើពុករលួយ ដូចរាល់ឆ្នាំ ដែលបន្ថែមនឹងការបំពេញតួនាទី ប្រកបដោយការទទួលខុសត្រូវ របស់គណៈមេប្រយោគ គ្រប់ប្រភេទរបស់ក្រសួងអប់រំ យកវជននិងកីឡា។
ក្នុងពិធីនេះ លោកអភិបាលខេត្ត បានជូនថវិកា ១.០០០ ដុល្លារ ដល់គណៈគ្រប់គ្រង់វិទ្យាល័យអូរអំបិល ដើម្បីជួយក្រាលការ៉ូឡា នៅក្នុងបរិវេណសាលាបន្ត៕/V