Views: 1
ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ យន្តហោះយោធាចិនចំនួនប្រាំបួនគ្រឿងបានហោះកាត់ខ្សែបន្ទាត់កណ្តាលនៃច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃសុក្រ ដើម្បីហាត់ហោះល្បាតត្រៀមខ្លួនប្រយុទ្ធ នៅពេលតែប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងបានគំរាមសងសឹកបើសិនជាប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី សាយ អ៊ីងវិន ហ៊ានតែជួបប្រធានសភាអាម៉េរិកលោក ខេវិន ម៉ាក់ខាធី។
លោកស្រីសាយបានទៅដល់ទីក្រុងញូវយ៉កកាលពីថ្ងៃពុធក្នុងដំណើរទៅកាន់អាម៉េរិកកណ្តាល ហើយក្នុងពេលត្រឡប់វិញនៅសប្តាហ៍ក្រោយលោកស្រីនឹងឈប់សំចតនៅទីក្រុងឡូស អ៊ែនជើឡេសនិងត្រូវគេរំពឹងថានឹងជួបពិភាក្សាជាមួយប្រធានសភាអាម៉េរិកលោកខេវិន ម៉ាក់ខាធី ជាការស្កាត់ជួបគ្នាមួយដែលចិនប៉េកាំងបានព្រមានថា អាចនាំដល់«ផលវិបាកធ្ងន់ធ្ងរ»មួយនៅក្នុងទំនាក់ទំនងអាម៉េរិក-ចិន។
ក្រសួងយោធាតៃវ៉ាន់បាននិយាយថា យន្តហោះយោធាចិនប្រាំបួនគ្រឿងបានហោះកាត់ចំណុចខាងជើង កណ្តាលនិងខាងត្បូងខ្សែបន្ទាត់កណ្តាលរបស់ច្រកសមុទ្រតៃវ៉ាន់ ដែលប្រើជាខ្សែបន្ទាត់មិនផ្លូវការសំរាប់ខណណ្ឌចែកភាគីទាំងពីរ។
វាបានបន្ថែមថា កងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ បានឆ្លើយតបដោយប្រើយន្តហោះប្រយុទ្ធនិងនាវាយោធារបស់ខ្លួន តាមដានស្ថានការណ៍ដោយប្រកាន់គោលការណ៍«មិនបង្កជម្លោះមុន។ការបញ្ជូនកម្លាំងយោធាកុំម្មុយនីស្តនេះមានចេតនាបង្កភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដោយមិនត្រឹមតែបំផ្លាញសន្តិភាពនិងស្ថិរភាព តែក៏បង្កផលប៉ះពាល់អវិជ្ជមានលើសន្តិសុខនិងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់»។
នៅមិនទាន់មានចម្លើយតបភ្លាមពីចិននៅឡើយទេតែកាលពីម្សិលមិញ ចិនបានប្រឆាំងនិងថ្កោលទោសជាខ្លាំងចំពោះការរៀបចំអោយប្រធានាធិបតីតៃវ៉ាន់ឈប់សំចតនៅអាម៉េរិក។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅ និញបាននិយាយថា«ចិននឹងការពារអធិបតេយ្យភាពនឹងបូរណភាពទឹកដីរបស់ខ្លួន។ចិនប្រឆាំងជំទាស់នឹងការទាក់ទងគ្នាក្នុងទំរង់ណាមួយរវាងអាម៉េរិកនិងតំបន់តៃវ៉ាន់។យើងប្រឆាំងដំណើរទស្សនកិច្ចណាមួយដោយមេដឹកនាំតំបន់តៃវ៉ាន់ទៅកាន់ទឹកដីអាម៉េរិកក្នុងនាមនិងក្រោមលេសណាមួយក៏ដោយ។យើងប្រឆាំងនឹងការទាក់ទងក្នុងទំរង់ណាមួយរបស់រដ្ឋាភិបាលអាម៉េរិកនិងតំបន់តៃវ៉ាន់»។

ម៉ៅនិញ ៖ចិនប្រឆាំងជំទាស់និងថ្កោលទោសទំនាក់ទំនងរវាងអាម៉េរិកនិងតំបន់តៃវ៉ាន់ទោះក្នុងទំរង់ណាមួយ
ដំណើរទស្សនកិច្ចរបស់សាយកើតឡើងចំពេលទំនាក់ទំនងរវាងអាម៉េរិកនិងចិនធ្លាក់ចុះដល់កំរិតទាបបំផុតចាប់តាំងពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនស្តារទំនាក់ទំនងជាមួយចិនឡើងវិញនៅឆ្នាំ១៩៧៩ និងដូរការទទួលស្គាល់ការទូតពីរដ្ឋាភិបាលក្រុងតៃប៉ិះ មកកាន់រដ្ឋាភិបាលទីក្រុងប៉េកាំង។
ចិនប៉េកាំងនិយាយថា តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងវាគ្រាន់ជាខេត្តបំបែកខ្លួនរបស់ចិនមួយប៉ុណ្ណោះ គ្មានសិទ្ធិបង្កើតទំនាក់ទំនងរវាងរដ្ឋនឹងរដ្ឋទេ។តែតៃវ៉ាន់ជំទាស់នឹងគំនិតរបស់ចិន និងថាមានតែប្រជាជនតៃវ៉ាន់អាចសំរេចជោគវាសនារបស់គេផ្ទាល់៕

ក្នុងអំឡុងពេលឈប់សំចតនៅអាម៉េរិកកាលពីថ្ងៃព្រហស្បតិ៍ លោកស្រីសាយបានអរគុណរដ្ឋាភិបាលអាម៉េរិកចំពោះការអនុវត្តកិច្ចព្រមព្រៀងសន្តិសុខជាមួយតៃវ៉ាន់រួមមានការលក់អាវុធដោយរដ្ឋាភិបាលរបស់ប្រធានាធិបតី ចូ បៃដិន