Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​គំរាម​អំពីផលវិបាក​ចំពោះ​អំពើ​របស់​នាវា​អាម៉េរិក​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ចិន​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​មីនា បាន​គំរាម​«​ផលវិបាក​ធ្ងន់ធ្ងរ​»​ក្រោយ​ពី​កងទ័ពជើងទឹក​អាម៉េរិក​បញ្ជូន​នាវា​ពិឃាត​មួយ​ចូល​ទៅ​ម្តុំ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​នៅក្នុង​សមុទ្រ​ចិន​​ខាងត្បូង​ដល់​ថ្ងៃ​ទី​ពីរ​ជាប់​គ្នា ក្នុង​អ្វី​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ចាត់ទុក​ជា​ការរំលោភ​អធិបតេយ្យភាព​និង​សន្តិសុខ​របស់​ខ្លួន​។​

​ការព្រមាន​នេះ​កើតឡើង​ចំពេល​មាន​កំណើន​ភាព​តឹន​តឹងរវាង​ចិន​និង​សហរដ្ឋ​អាម៉េរិក​នៅក្នុង​តំបន់ ខណៈ​ដែល​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បដិសេធ​ការអះអាង​កម្មសិទ្ធិ​ធំ​ល្វឹងល្វើយ​របស់​ចិន​នៅក្នុង​​ដែនទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​អាម៉េរិក​បញ្ជូន​នាវា​ពិឃាត USS Milius​ទៅ​ក្បែរ​ប្រជុំ​កោះ​ប៉ា​រ៉ាសែ​ល ចិន​បាន​និយាយថា កងទ័ព​ជើង​ទឹក​និង​អាកាស​របស់ខ្លួន​បាន​បង្ខំ​អោយ​វា​ចាកចេញ​ទៅ​វិញ តែ​យោ​​ធា​អាម៉េរិក​បាន​បដិសេធថា​មិន​មាន​រឿង​អ៊ីចឹង​ទេ​។​

​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​សុក្រ​នេះ អាម៉េរិក​បាន​បញ្ជូន​នាវា​ដដែល​ទៅកាន់​ម្តុំ​ប្រជុំ​កោះ​ខាងលើ ដែល​កាន់កាប់​ដោយ​ចិន​តែ​ក៏​អះអាង​កម្មសិទ្ធិ​ដោយ​វៀត​ណា​ម​និង​កោះ​តៃវ៉ាន់​។​អាម៉េរិក​ហៅ​ការបើក​របស់​នាវា​នេះ​​ថា​ជា​«​ប្រតិបត្តិការ​សេរីភាព​នាវាចរណ៍​»​នៅក្នុង​ដែនទឹក​អន្តរជាតិ​។​

​រូប​ផ្តល់​ដោយ​កងទ័ពជើងទឹក​អាម៉េរិក បង្ហាញ​នាវា​ពិឃាត​USS Milius​ធ្វើ​ប្រតិបត្តិការ​ធម្មតា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង កាលពី​ថ្ងៃ​២៤​មីនា​

​ក្រសួង​ការពារ​ជាតិចិន​បាន​ឆ្លើយតប​ដោយ​ចោទប្រកាន់​អាម៉េរិក​ថា​«​បំផ្លាញ​សន្តិភាព​និង​ស្ថិរភាព​របស់​សមុទ្រ​ចិន​ខាងត្បូង​»​។​

​អ្នកនាំពាក្យ​យោធា​ចិន​លោក តាន់ គេ​ហ្វេ​យ​(Tan Kefei)​បាន​និយាយថា​«​អំពើ​របស់​យោធា​អាម៉េរិក រំលោភ​អធិបតេយ្យភាព​និង​សន្តិសុខ​ចិន​យ៉ាងធ្ងន់ធ្ងរ រំលោភ​ច្បាប់​អន្តរជាតិ​និង​កាន់តែ​បង្ហាញ​​ថា អាម៉េរិក​បន្ត​អនុត្តរភាព​នាវាចរណ៍​និង​ធ្វើ​យោធូប​នីយកម្ម​សមុទ្រ​ចិនខា​ង​ត្បូង​។​យើ​ង​សុំអោយ​អាម៉េរិក​បញ្ឈប់​អំពើ​បង្ករឿង​ដូច្នេះ​ជា​បន្ទាន់ បើ​មិន​ដូច្នេះ​ទេ​នឹង​ជួប​ផលវិបាក​ធ្ងន់ធ្ងរ​ចេញពី​ឧបទ្ទវ​​ហេតុ​ដែល​មិន​អាច​ស្មាន​ទុក​បាន ដោយសារ​តែ​ទង្វើ​បែបនេះ​»​។​

​លោក​ថា​ចិន​នឹង​ចាត់​គ្រប់​វិធានការ​ចាំបាច់​ដើម្បី​ធានា​សន្តិសុខ​របស់​ខ្លួន តែ​មិន​បាន​បញ្ជាក់​លម្អិត​អំពី​វិធានការ​ទេ​៕

Post navigation