Views: 1
ប្រែសម្រួល : កញ្ញាដាលីស (The Drive) ៖ ចិនកំពុងសម្លឹងវ៉ាប្រទេសជប៉ុនក្នុងនាមជាប្រទេសនាំចេញរថយន្តធំជាងគេក្នុងពិភពលោកក្នុងឆ្នាំនេះ ដោយសារតែការកើនឡើងចំនួនរថយន្តអគ្គិសនី (EV)ដែលផលិតនៅទីនោះ។
អ្នកវិភាគឧស្សាហកម្មនៅក្នុងប្រទេសចិនរំពឹងថាប្រទេសនេះនឹងនាំចេញរថយន្តចំនួន ៥,៥ លានគ្រឿងក្នុងឆ្នាំ ២០៣០ ប្រហែលពាក់កណ្តាលគឺជារថយន្ត EV។ កាលពីឆ្នាំមុនចិនបាននាំចេញរថយន្តច្រើនជាងអាល្លឺម៉ង់ ដែលនាំមុខគេលើពិភពលោកក្នុងការនាំចេញគិតតាមតម្លៃ។
យោងតាមកាសែត South China Morning Post បានឱ្យដឹងថា ជប៉ុនគឺជាប្រទេសនាំមុខគេលើពិភពលោកនាពេលបច្ចុប្បន្នគិតតាមបរិមាណ ដោយបាននាំចេញរថយន្តចំនួន៣,២លានគ្រឿងក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២។ ក្នុងឆ្នាំ ២០២២ ចិនបាននាំចេញរថយន្តចំនួន ៣,១ លានគ្រឿងទៅក្រៅប្រទេស គឺកើនឡើង ៥៤,៤ ភាគរយធៀបឆ្នាំមុន។ សារព័ត៌មាននេះបានរាយការណ៍ថា អ្នកវិភាគឧស្សាហកម្មរំពឹងថាការនាំចេញរបស់ជប៉ុននឹងនៅដដែលសម្រាប់ឆ្នាំ ២០២៣ ខណៈចិនរំពឹងថាអាជីវកម្មរថយន្ត EV របស់ខ្លួននឹងកើនឡើងកាន់តែច្រើន។
ក្រុមហ៊ុនផលិតរថយន្ត EVធំជាងគេមួយចំនួនបានស្ថិតនៅក្នុងប្រទេសចិនរួចហើយ រួមមាន BYD ដែលគាំទ្រដោយលោក វ៉ារិន បាហ្វហ្វិត (Warren Buffet) ដែលបានលក់រថយន្ត EV ចំនួន ៩១១.១៤០ គ្រឿងកាលពីឆ្នាំមុន និងក្រុមហ៊ុន Tesla ដែលបានចែកចាយរថយន្ត ១,៣ លានគ្រឿងកាលពីឆ្នាំមុន និងមានរោងចក្រផលិតរថយន្តធំបំផុតរបស់ខ្លួននៅទីក្រុងសៀងហៃ។ក្រុមហ៊ុនផលិតរថយន្ត EVផ្សេងទៀតដូចជា Nio, Li Auto និង Xpeng ផលិតនិងលក់រថយន្តនៅក្នុងប្រទេសចិន និងនាំចេញទៅកាន់ប្រទេសផ្សេងទៀត។
ឧស្សាហកម្មរថយន្តរបស់ចិនបានដំណើរការអស់មួយរយៈមកហើយ ប៉ុន្តែភាពឯករាជ្យរបស់ចិនគឺជារឿងថ្មី។ នោះក៏ព្រោះតែ នៅពេលឧស្សាហូបនីយកម្មយ៉ាងឆាប់រហ័សរបស់ចិនបានលេចចេញជារូបរាង ឧស្សាហកម្មរថយន្តរបស់ចិនត្រូវពឹងផ្អែកយ៉ាងខ្លាំងលើភាពជាដៃគូជាមួយម៉ាកយីហោនាំចូលជាច្រើន។ រហូតមកដល់ប៉ុន្មានឆ្នាំមុននេះ ការធ្វើអាជីវកម្មនៅប្រទេសចិនគឺតម្រូវឱ្យមានភាពជាដៃគូបណ្តាក់ទុនរួម។ ឧទាហរណ៍ ក្រុមហ៊ុន General Motors ចាប់ដៃគូជាមួយក្រុមហ៊ុន SAIC ដើម្បីលក់រថយន្ត Chevrolet, Buick និង Cadillac នៅចិនដីគោក។ ក្រុមហ៊ុន Dongfeng Motor ចាប់ដៃគូជាមួយ Nissan និងក្រុមហ៊ុន Changan Automobile ចាប់ដៃគូជាមួយ Mazda ។ ភាពជាដៃគូទាំងនោះបានជំរុញដល់ឧស្សាហកម្មរថយន្តនៅក្នុងប្រទេសចិនអស់ជាច្រើនទសវត្សរ៍មកហើយ បើទោះបីជាអាជីវកម្មរថយន្ត EV របស់ខ្លួនភាគច្រើនមិនមានដៃគូបរទេសក៏ដោយ៕

ចិនលក់រថយន្ត ៣,២ លានគ្រឿងក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២